អានតួអត្ថបទ

កូវីដ១៩៖ អាល្លឺម៉ង់​មាន​អត្រាអ្នកស្លាប់តិច​ បើ​ធៀប​នឹង​ចំនួន​អ្នក​ឆ្លង

តាមទិន្នន័យរបស់អ្នកឆ្លើយព័ត៌មានវិទ្យុបារាំង RFI ប្រចាំ​នៅក្រុងប៊ែរឡាំង, នៅគិតត្រឹមថ្ងៃសៅរ៍ទី២៨មីនា ក្នុងចំណោមករណីឆ្លងជាង៤ម៉ឺនករណី គឺមានចំនួនអ្នកស្លាប់ តែជាង២៥០នាក់ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ តាមគេហទំព័រ worldometers របស់ក្រុមអ្នកជំនាញស្ថតិវិញ, អាល្លឺម៉ង់ នៅថ្ងៃសៅរ៍​ដដែល មានអ្នកឆ្លងចំនួន ជាង ៥ម៉ឺន ៣ពាន់ ៣រយនាក់ ហើយស្លាប់តែ ប្រមាណ៤០០នាក់, ចំណែកទីភ្នាក់បារាំង AFP ថាមានស្លាប់ ប្រមាណ៦៥០នាក់។  ទោះយ៉ាងណាក្តី អត្រា​​អ្នក​ស្លាប់​បាត់បង់​ជីវិត​ដោយសារតែ​កូវីដ​១៩ នៅ​អាល្លឺម៉ង់នេះ​​  ​មានអត្រា​​តិច​ជាង​ប្រទេស​ជិតខាងឆ្ងាយ​ណាស់ ពោល​គឺ​ស្លាប់​តិច​ជាង​​នៅបារាំង​និង​​អ៊ីតាលី។

Merkel was going into quarantine came shortly after she gave a press conference in Berlin where she showed no symptoms of ill health
Merkel was going into quarantine came shortly after she gave a press conference in Berlin where she showed no symptoms of ill health POOL/AFP
ផ្សាយពាណិជ្ជកម្ម

នៅ​អាល្លឺម៉ង់ អត្រា​អ្នកស្លាប់តិចបើ​ធៀបនឹងចំនួនករណីឆ្លង គឺអត្រាស្លាប់​មានតែ​០.៥ភាគរយប៉ុណ្ណោះ  ហើយ​ទិន្នន័យស្លាប់នេះ  តិចជាង​១០ដង​ បើ​ធៀប​នៅ​​​បារាំង​និងអ៊ីតាលី។ អត្រា​អ្នកស្លាប់តិចធៀបនឹងចំនួនករណីឆ្លងនេះ ក៏​ដោយសារតែ​អាល្លឺម៉ង់ បាន​ធ្វើ​តេស្ត​រក​មេរោគ​បានចំនួន​​ច្រើន​។ នេះបើ​តាម​ការ​បញ្ជាក់របស់​​​អ្នក​ជំនាញអាម្លឺម៉ង់​ខាង​ជំងឺឆ្លង Christian Drosten និងដែល​​ឱ្យដឹង​ទៀតថា អាល្លឺម៉ង់ បាន​​ធ្វើតេស្ត ទៅលើមនុស្សចំនួន​កន្លះលាននាក់  គ្រាន់តែ​ក្នុង​មួយសប្តាហ៍។​ អាល្លឺម៉ង់ ក៏ត្រូវគេចាត់ទុកថា ជាប្រទេស​ដែល​បាន​ធ្វើ​តេស្ត​​រក​មេរោគកូរ៉ូណាថ្មី បាន​ចំនួន​ច្រើន​ជាង​គេ​លើពិភព​លោកដែរ។​

ដោយឡែក​ ចំពោះ​អ្នក​ស្លាប់​ហើយ គេ​មិន​ធ្វើ​តេស្ត​​ទៀតទេ។ ការមិនធ្វើតេស្តក្រោយពេលស្លាប់នេះ វាអាចធ្វើឲ្យអត្រា​ចំនួនមនុស្សស្លាប់ដោយកូវីដ១៩​ មានតិចដោយសារតែវាអាចមានអ្នកខ្លះ ស្លាប់ដោយ​កូវីដ តែគេមិនដឹង ដោយមិនបានធ្វើតេស្ត ហើយគេមិនរាប់ចូល។​

ម្យ៉ាងវិញទៀត នៅ​អាល្លឺម៉ង់​ ​អាជ្ញាធរ​​មូលដ្ឋាន នៅ​ថ្នាក់​តំបន់​ខ្លះ អាច​មាន​សិទ្ធ​បិទ​សាលា​រៀន បិទ​កន្លែងមើលថែកុមារ​ បិទ​កន្លែង​ជួប​ជុំមួយ​ចំនួន​​ខ្លះជាមុន តាំងពីពេល​​ផ្ទុះ​មេរោគ​ដំបូងៗម្ល៉េះ​ ដោយ​​មិន​រង់ចាំ​ទាល់តែ​មាន​វិធានការ​ថ្នាក់​ជាតិ ​ឱ្យបង្ខាំង​មនុស្ស​មួយ​ប្រទេស​​តែម្តងនោះឡើយ​។  ដោយមានការ​ភ្ញាក់រលឹក​ទាន់​ពេល​វេលាបែបនេះ​ ក៏​បាន​ជួយ​បង្ការ​ការ​ឆ្លងរាលដាល​បានកម្រិត​ច្រើន​ដែរ។ រីឯការ​យក​ចិត្តទុកដាក់​គិតគូរ​ខាង​សេដ្ឋកិច្ច​ និង​ចំណាយ​កញ្ចប់​ថវិការដ្ឋ​​បាន​ទាន់ពេលវេលា គ្រប់​​តាម​តម្រូវការ សម្រាប់​សង្គ្រោះ​ផ្នែកឯកជន និងជួយ​ផ្នែក​មន្ទីរពេទ្យ ក៏​បាន​រួម​ចំណែក​យ៉ាង​សកម្ម​ណាស់​ដែរ ក្នុងការ​បន្ថយ​ចំនួន​អ្ន​ក​ ស្លាប់​​។

ជាការ​កត់​សម្គាល់​មួយ​ទៀត អាល្លឺម៉ង់​បាន​បង្កើត​កន្លែង​សម្រាក​ព្យាបាល បាន​លឿន​និង​ទាន់​ពេល​វេលា​ ហើយ​ថែមទាំង​បែង​ចែង​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩ នៅដាច់​ឡែក​ពីគេ។ នេះ​ក៏បាន​ជួយ​ កុំ​ឱ្យ​មាន​ការ​ឆ្លង​រាលដាល​ទៅ​អ្នក​ជំងឺ​ផ្សេងទៀត ក្នុង​មន្ទីរពេទ្យ​តែមួយ​​ទៀតផង។​

​បណ្តាញ​ព័ត៌មាន​នៅក្នុង​ស្រុក​អាល្លឺម៉ង់​ បញ្ជាក់ថា  អាជ្ញាធរ​​អាល្លឺម៉ង់ ទំនង​អាច​​រៀន​ច្បិច​យក​គំរូ​តាម​ប្រទេស​កូរ៉េខាងត្បូង ដែល​ប្រឹងប្រែង​ធ្វើ​តេស្ត​​រកអ្នក​ឆ្លង​ ឱ្យ​បាន​ច្រើន និង​ដាក់​ឱ្យ​ដាច់​ដោយឡែក​។ ចំពោះ​អ្នកដែល​មិន​ឆ្លង ​អាច​ទៅធ្វើការ​បាន ក៏​ជាផ្នែក​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​បាន​ច្រើន​ដែរ។

អាល្លឺម៉ង់ គ្រោងនឹងបង្កើនចំនួនធ្វើតេស្ត​ ចាប់ពីពេលនេះទៅដល់ដំណាច់ខែមេសា ដើម្បីធ្វើតេស្ត​បាន ២០ម៉ឺននាក់ ​ក្នុងមួយ​ថ្ងៃ​។ ​ក្រុម​ហ៊ុន Bosch ​របស់​អាល្លឺម៉ង់ បញ្ជាក់ក្នុង​សប្តាហ៍នេះ​ថា នៅ​ខែមេសា​ខាងមុខ​ អាល្លឺម៉ង់​​អាច​មា​ន​មធ្យោបាយថ្មី ធ្វើ​តេស្តរក​មេរោគកូវីដ១៩​​ ដោយ​ចំណាយ​ពេល​​តែ​ ២​ម៉ោង​កន្លះ ​តែប៉ុណ្ណោះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ