អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

លាងដៃ ជា​កាយវិការ​សាមញ្ញ តែ​អាច​កាត់បន្ថយ​ការ​ចម្លង​មេរោគ បាន ៨០%

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំងពី​ផ្ទុះជំងឺ​រាតត្បាត កូវីដ១៩មក សារ​ដ៏​សំខាន់​មួយ​ក្នុង​ការទប់​ស្កាត់​ការ​ចម្លង​នៃ​វីរុស គឺ​ការ​លាង​ដៃ​​ឱ្យ​បាន​ញឹកញាប់។ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ប្រកប​ដោយ​ប្រសិទ្ធភាព អាជ្ញាធរ​សុខាភិបាល បាន​ថែម​ទាំង​ពន្យល់​បង្ហាញ​អំពី​របៀ​ប​លាង​ដៃ​ ត្រឹមត្រូវ​តាមក្បួនទៀត។ គេ​អាច​មិន​ជឿអំពី​ប្រសិទ្ធភាព​នៃការ​លាងដៃ​ ក្នុង​ការ​ទប់​ស្កាត់​ការ​ចម្លង​ជំងឺ ប៉ុន្តែ​ការលាង​ដៃ ជា​មេរៀន​វេជ្ជសាស្ត្រ​ មួយ​ដែល​មាន​ប្រវត្តិវែង​ឆ្ងាយ និង​បានជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បានយ៉ាង​ច្រើន។

អង្គការ​ក្រៅរដ្ឋាភិបាល បង្ហាត់​បង្ហាញ​កុមារ​អាហ្វ្រិក អំពី​ការ​លាងដៃ​សម្លាប់​មេរោគ
អង្គការ​ក្រៅរដ្ឋាភិបាល បង្ហាត់​បង្ហាញ​កុមារ​អាហ្វ្រិក អំពី​ការ​លាងដៃ​សម្លាប់​មេរោគ AFP
ផ្សាយពាណិជ្ជកម្ម

ស្ត្រី មានអនាម័យជាង​បុរស

ក្បួន​អនាម័យ​បាន​​វិវឌ្ឍ​ខ្លាំង ចាប់​ពី​ទសវត្សរ៍​ឆ្នាំ​១៩៥០មក។ ប៉ុន្តែ​បច្ចុប្បន្ននេះ ពលរដ្ឋ​ទូទៅ ពុំ​ទាន់​អនុវត្ត​បាន​ល្អ​ឥត​ខ្ចោះ​នៅឡើយ​ទេ។ បើ​តាម​វិទ្យាស្ថានការសិក្សា​បារាំង ស្ត្រីម្នាក់​ក្នុង​ចំណោម​បួននាក់ និង​បុរសម្នាក់​ក្នុង​ចំណោម​បី​នាក់ មិន​បាន​លាង​ដៃ ក្រោយ​ពី ចេញ​ពី​បង្គន់ និង​មុន​ពេល​ធ្វើ​ម្ហូប។ ១ភាគបីនៃ​មនុស្ស​ទូទៅ​ ​មិន​លាង​ដៃ​ទេ​ពេល​ចុះ​ពី​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ។

​អនាម័យ​ដៃ ជា​វិញ្ញាសា​ដ៏​សំខាន់​សម្រាប់សុខភាពសាធារណៈ​ ព្រោះ៨០%​នៃ​មីក្រុប ត្រូវ​បាន​ចម្លង​តាម​រយៈ​ដៃ។ កា​ររាតត្បាត​ដោយកូវីដ១៩មក ជា​ឱកាស​មួយ​រំលឹក​អំពី​សារៈសំខាន់​នៃការ​លាង​ដៃ។ អនុសាសន៍​ណែនាំ កុំយកដៃទៅប៉ះមុខ ប៉ះមាត់ ប៉ះភ្នែក ច្រមុះ និង​ត្រូវ​លាងដៃឱ្យ​បា​ន​ញឹកញាប់ ចេញ​ពី​គ្រប់​ប្រអប់​មាត់​ថ្នាក់ដឹកនាំ​និង​អ្នក​ជំនាញ​សុខាភិបាល។

ប្រវត្តិ​នៃការ​លាង​ដៃ

លាងដៃ​ជាកាយវិការដ៏សាមញ្ញ តែចាំបាច់​បំផុតសម្រាប់​សុខភាព ដែល​យើង​ត្រូវនឹក​​ដឹង​គុណ​ដល់គ្រូពេទ្យ​ជាតិហុងគ្រី លោក Ignace Semmelweiss ព្រោះ​លោក​ជា​អ្នក​បាន​រក​ឃើញ​មុនគេ មុន​លោក​Pasteur ទៀត។ កើត​នៅ​ឆ្នាំ​១៨១៨ លោកវេជ្ជបណ្ឌិត បាន​សង្គ្រោះ​ជីវិត​មនុស្ស​រាប់​រយ​នាក់​ដោយ​គោលការណ៍​​លាង​ដៃ ​ថាជា​​វិធី​សម្លាប់​មេរោគ​។

ដំណើរ​រឿង​បានកើត​ឡើង​នៅ​ឆ្នាំ​១៨៤៦ វេជ្ជបណ្ឌិត​វ័យ​ក្មេង​ ជាតិ​ហុងគ្រី​ Ignace Semmelweiss បាន​ទទួល​ការងារ​នៅ​ក្នុង​មន្ទីរពេទ្យ​ក្រុង​វីយ៉ែន​ប្រទេសអូទ្រីស ផ្នែក​សម្ភព។ លោក​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង នៅ​ពេល​ឃើញអត្រា​មរណៈ​របស់​ស្ត្រី​ក្រោយ​ពេល​សម្រាល​កូន​រួច មាន​កំរិត​ខ្ពស់ជាង​១០% និង​ពេល​ខ្លះ​​ឡើង​​ដល់​៤០% នៅ​ក្នុង​មន្ទីរសម្ភព​​ដែល​មាន​និស្សិត​ពេទ្យធ្វើការ​។ ចំណែក​មន្ទីរពេទ្យ​សម្ភព​មួយ​ទៀត ដែល​មាន​តែ​ស្ត្រី​ជា​ធ្មប​ អត្រាមរណៈ​របស់​មាតា​ក្រោយ​ការ​សម្រាល​ទារក​ហើយ មានមិនដល់​៣%​ទេ (អត្រាមរណៈ​ធម្មតា​នៅ​ជំនាន់នោះ)។ ហេតុ​អ្វី​បាន​ជា​ខុស​គ្នា​ឆ្ងាយ​ម្ល៉េះ ?! លោក Ignace Semmelweiss ឆ្ងល់​ និង​ខ្វល់​គិត​រក​មូលហេតុ​ខ្លាំងណាស់។

មួយ​ឆ្នាំ​ក្រោយ នៅ​ឆ្នាំ​១៨៤៧ វេជ្ជបណ្ឌិត​ម្នាក់​ជា​មិត្ត​រួម​ការងារដ៏​ជិតស្និទ្ធរបស់​លោក​​ បាន​ស្លាប់ ក្រោយ​មុត​ដៃ​ពេល​កំពុង​​​វះកាត់​សាកសព​មួយ។ គឺ​នៅ​ពេល​នោះ​​ដែល​លោក​ Ignace Semmelweiss បាន​លេច​គំនិត​រក​ឃើញ​ថា ប្រហែល​មក​ពី មាន​ “ធាតុ” ​អ្វីមួយ មើល​មិន​ឃើញ​នឹង​ភ្នែក​ទេ តែ​ខ្លាំង​អាច​ធ្វើ​ឱ្យមនុស្ស​​ស្លាប់​បាន។ នៅ​សម័យ​នោះ និស្សិត​ពេទ្យ​ចេញ​ពី​បន្ទប់​រៀន​វះកាត់​លើ​សាកសព ចូល​បន្ទប់​បង្កើត​កូន​តែ​ម្តង ដោយ​ពុំ​មាន​ប្រើ​ថ្នាំ​សម្លាប់​មេរោគ​ សម្រាប់​លាង​ដៃ​ទេ។ ឃើញ​ដូច្នេះ​ លោក Ignace Semmelweiss បាន​បង្ខំ​ឱ្យ​និស្សិត​ទាំង​អស់ នៅ​ពេល​ចេញ​ពី​ប៉ះពាល់​សាកសព​ហើយ ត្រូវលាង​ដៃ​រយៈ​ពេល​៥​នាទី ក្នុងល្បាយ​កំបោរ​ក្លរួ មុន​នឹង​ចូល​ទៅ​បង្កើត​កូន​។ លាងដៃ​នឹង​សាប៊ូ​មិន​គ្រប់​គ្រាន់​ទេ​សម្រាប់​គ្រូពេទ្យ។ នេះ​ជា​ការ​ឈ្វេង​យល់​ឃើញ​របស់​លោក​ Ignace Semmelweiss។ ដូច​លោក​គិត​ លទ្ធផល​បាន​ល្អ​គាប់​ប្រសើរ​​ភ្លាម​តែ​ម្តង។ អត្រា​មរណៈ​របស់​ម្តាយ​ក្រោយ​ការ​សម្រាល​កូន​បានធ្លាក់​មកនៅ​ត្រឹម​តែ​ ១,៣% និង​ថ្ងៃ​ខ្លះ​មាន​ស្លាប់​ម្នាក់​សោះ។

លទ្ធផល​ល្អ​ ប៉ុន្តែមក​ពី ហេតុអ្វី ? នេះ​ជា​កង្វល់​របស់​លោក​ Ignace Semmelweiss។ លោកវិលវល់​យ៉ាង​ខ្លាំង។​ មិត្ត​​រួម​ការងារ​ជាពេទ្យ​ដូច​គ្នាខ្លះ​​គាំទ្រ​លោក​ ខ្លះ​ប្រឆាំង។ លោក Ignace Semmelweiss មាន​អារម្មណ៍​ថា​​ពេទ្យ​ជា​អ្នក​ចម្លង​ “ធាតុ”​ ទៅ​​ស្ត្រី​ឆ្លង​ទន្លេ​ទើប​ពួកគេ​ស្លាប់ តែ​លោក​​​មិនអាច​​រក​អ្វី​មក​លាត​ត្រដាង​ពន្យល់​បាន។ ពេល​ខ្លះ​លោក​បាន​ហៅ​គ្រូពេទ្យ​ទាំង​នោះ​ថា​ឃាតករ។ គិត​ខ្លាំង​ពេក គាត់​ក៏​មាន​បញ្ហា​ខួរក្បាល​ ហើយត្រូវ​បាន​គេ​បញ្ជូ​ន​ទៅ​ឃុំ​ឃាំង​នៅ ក្នុងក្រុងវីយ៉ែន និង​ស្លាប់​នៅ​១៨៦៥។

តាមកា​រ​ពិត នៅ​ពេល​នោះ “ធាតុ” ម្យ៉ាង​មើល​មិន​ឃើញ​នឹង​ភ្នែ​ក​ទទេ របស់​​លោក​Ignace Semmelweiss  គឺ​ជា​ មីក្រុប។ លោក​ Ignace Semmelweiss បាន​ទទួល​កត្តិយស​ឡើង​វិញ នៅ​ចុង​សតវត្សរ៍​ទី​១៩ នៅ​ពេល​​លោក​Pasteur បាន​បញ្ជាក់​អំពី​របប​គំឃើញ​របស់​គាត់។ បច្ចុប្បន្ន​នេះ លោក Ignace Semmelweiss ជា​បិតា និង​ជា​គំរូ​នៃ​វិជ្ជា​អេពីដេមីសាស្ត្រ​របស់​វេជ្ជសាស្ត្រ​ទំនើប។

ប៉ុន្តែ​ការ​លាង​សម្អាត​ដៃ​សម្លាប់​មេរោគ​ នៅ​តាម​មន្ទីរពេទ្យ នៅ​មិន​ទាន់​​អនុវត្ត​បាន​យ៉ាងល្អិត​ល្អន់​ឡើយ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អង្គការ​សុខភាព​ពិភពលោក​បាន​ បើក​យុទ្ធនាការ​ បំផុស​ ក្រោម​ប្រធានបទ​ថា “​លាង​ដៃ​ត្រឹម​ត្រូវ គឺ​ផ្តល់​ការ​ព្យាបាល​មាន​ប្រសិទ្ធភាព”។ យុទ្ធនាការ​នេះ​ទើប​នឹង​ចាប់​ផ្តើម​មុន​ការ​ផ្ទុះ​កូរ៉ូណាវីរុស​ថ្មី​តែបន្តិច។​

តើ​ត្រូវ​លាង​ដៃ​នៅ​ពេលខ្លះ​ ?

ចុះ​ចំពោះ​ពលរដ្ឋ​សាមញ្ញ​វិញ តើ​អ្នក​លាង​ដៃ​បាន​ត្រឹម​ត្រូវ​ដែរ​ឬទេ ? ពាក្យ​ថា​ត្រឹម​ត្រូវ គឺ​ទាំង​របៀប​លាង និង​ពេល​លាង។ លាង​ច្រើន​ជ្រុល​ក៏​មិន​ល្អ លាង​មិន​ត្រឹមត្រូវ​ក៏​គ្មាន​ប្រសិទ្ធភាព​ទប់​មេរោគ​ដែរ។

ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ចាំ​បាច់​ត្រូវ​លាង​ដៃ

  • មុន​និង​ក្រោយ​ពេល​ញ៉ាំ​បាយ ដើម្បី​កាត់​បន្ថយ​កុំឱ្យ​មាន​ការ​ចម្លង​មេរោគ​ចូល​ផ្លូវ​អាហារ។
  • ក្រោយ​ពេល​ចេញ​បន្ទោរបង់ (បត់​ជើង​តូច​និង​ធំ)។ ទឹកនោម​ និង​លាមក​ ជា​ធាតុ​កខ្វក់ ដែល​មាន​ផ្ទុក​ទៅ​ដោយ​មេរោគ​ជា​ច្រើន​ ដូច្នេះ​ចាំ​បាច់​ត្រូវ​លាង​នៅពេល​បា​ន​ប៉ះពាល់​វា។
  • ក្រោយ​ពី​ខ្ទប់​មាត់ក្អក ឬ​កណ្តាស់ និង​ញើស​សំបោរ។ ក្អក​និងកណ្តាស់ ជា​សញ្ញា​ថា​មាន​ការ​ចម្លង​នៅ​ផ្លូវ​ដង្ហើម ដូច្នេះ​ខ្យល់​ដែល​ធាក់​ចេញ​ច្បាស់​មាន​ផ្ទុក​មេរោគ​វីរុស ដែល​យក​ដៃ​បិទ ដើម្បី​កុំ​ឱ្យ​ចម្លង​ទៅ​អ្នក​នៅ​ជិត​ខ្លួន រួច​​ត្រូវ​លាង​សម្អាត​ដៃ​នោះ ដើម្បី​កុំ​ឱ្យ​មេរោគ​ត្រលប់​មក​ចូល​តាម​មាត់​ តាម​ច្រមុះ​និង​ភ្នែក​វិញ​តាម​រយៈ​ដៃ។
  • ក្រោយ​ពី​លេង​ប្រលែង​ជាមួយ​សត្វ
  • ក្រោយ​ពី​ការ​ប៉ះពាល់​វត្ថុ​អ្វី​មួយ​ដែល​យើង​សង្ស័យ​ថា​មាន​ផ្ទុក​មេរោគ គគ្រិច មាន​អ្នក​ប៉ះពាល​ច្រើន
  • ពេល​ចូល​ផ្ទះ​ ក្រោយ​ពី​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ

 

សាប៊ូ ឬ ជែលhydroalcooliques ?

តាំង​ពីផ្ទុះ​កូរ៉ូណាវីរុស​មក ពលរដ្ឋ​ហាក់​បានភ្ញាក់​ស្មារតី គិត​គូ​រ​ខ្លាំង​ដល់​ការ​លាង​សម្អាត​ដៃ។ ផលិតផល សាប៊ូ និង​ជែល​ ត្រូវបាន​លក់​ដាច់​ស្ទើរ​អស់​ពី​ស្តុក។ ប៉ុន្តែ​សូម​ចង​ចាំ​ថា ថ្វី​បើ​ជែល​ធ្វើ​ល្បាយអាល់កុល​ ជា​ជម្រើស​ដ៏​ប្រពៃ​សម្រាប់​រក្សា​អនាម័យ​ដៃ នៅពេល​ធ្វើ​ដំណើរ និង​នៅក្រៅ​ផ្ទះ​មែន ប៉ុន្តែ​មិន​ត្រូវ​ប្រើ​ជែល​នៃ​ជំនួស​សាប៊ូ​ទេ។ ហេតុ​អ្វី ?

វេជ្ជសាស្ត្រ​ទទួល​ស្គាល់​ថា ជែល hydroalcooliques ស្រួល​ប្រើ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ នៅ​ពេល​គ្មាន​ទឹក​ គ្មាន​សាប៊ូ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​អាច សូម​ជ្រើសរើស និង​ផ្តល់​អាទិភាព​ដល់​ការ​លាង​ដៃ តាម​បែប​បូរាណ គឺ​លាង​ដៃ​នឹង​សាប៊ូ ២០​វិនាទី ឱ្យ​បាន​សព្វ តាមម្រាមដៃ ខ្នង​ដៃ បាត​ដៃ ក្រចក​ដៃ ល្អ​ជាង ព្រោះ​លាង​ដៃ​នឹង​សាប៊ូ អាច​បណ្តេញ​មេរោគ​បាន​ច្រើន​ផង និងទៅ​តាម​ប្រភេទ​​​មេរោគឬ​ជាតិ​គីមី​​ដែល​យើង​បាន​ប៉ះ​។ ពេល​ដុះ​ដៃ​ មេរោគ​ធាតុ​ល្អិតៗ​កខ្វក់​ដាច់​ចេញ​ពី​ផ្ទៃ​នៃ​ស្បែក​ និង​ហូរ​ទៅ​តាម​ទឹក​បាត់​អស់។

ចំណែក​ការ​លាង​ដោយ​ប្រើ​ជែល ដែល​ជា​ល្បាយ​មាន​ជាតិ​អាល់កុល​ដល់​ទៅ​៦០ ឬ​៩៥%នោះ​វិញ ដោយ​មិន​និយាយ​អំពី​ផលប៉ះពាល់បែបអាល់ឡែកហ្ស៊ី រលាកស្បែកសម្រាប់មនុស្ស​មួយ​ចំនួន  ជែល​នឹង​ទៅ​សម្លាប់​បាក់តេរី មេរោគ​នៅ​លើ​ស្បែក​ តែ​មិន​បាន​បណ្តេញ​បាក់តេរី​នោះ​ឱ្យ​ចេញ​អស់​ឡើយ  ព្រោះ​មិន​បាន​លាង​។ ម្យ៉ាង​វិញ​ទៀត ការ​ប្រើ​ជែល ដ៏​សែន​ស្រួល​​នេះ ត្រូវ​មាន​កំរិត និង​មិន​គួរ​ឱ្យ​ក្មេង​យក​មក​ប្រើ​ដោយ​គ្មាន​ត្រួត​ពិនិត្យ​របស់​មនុស្ស​ធំ​ឡើយ។ ការ​ប្រើ​ជែល​ច្រើន​ពេក អាច​នឹង​ធ្វើ​បង្ក​ឱ្យ​មាន​ចំណោទ​មួយ​ទៀត គឺ​ភាព​ស៊ាំ​របស់​បាក់តេរី។ លាង​ដៃ​នឹង​ជែល​អាច​សម្លាប់​មេរោគ​បាន​ច្រើន​និង​គ្រប់​យ៉ាង ប៉ុន្តែ​បើ​អស់​មីក្រុប​ពី​ដៃ​ពេក​ ក៏​មិន​ល្អ​ដែរ។ យើង​ត្រូវ​ការ​មាន​ភ្នាក់ងារ​ចម្លង​ខ្លះ​ដើម្បី​ឱ្យ​ប្រព័ន្ធ​ការពារ​ខ្លួនអាច​វិវឌ្ឍ​និង​បង្កើន​សមត្ថភាព​ការពារ​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ