អានតួអត្ថបទ

ក្រុមប្រទេសផលិតប្រេងកំពុងជួបវិបត្តិដោយមេរោគកូរ៉ូណាថ្មី

ក្រុម​ប្រទេស​ផលិតប្រេង​ក្នុង​អង្គការ Opep និង​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​របស់ Opep រួម​ប្រជុំ​គ្នា​រយៈពេល ២ថ្ងៃ​ដោយ​ចាប់​ផ្តើម​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី៥ មីនា។ កម្មវត្ថុ​នៃ​កិច្ចប្រជុំ គឺ​ស្វែង​រក​យុទ្ធសាស្រ្ត​ថ្មី​ដើម្បី​ទប់​នឹង​ការ​ធ្លាក់​ថ្លៃ​តម្លៃប្រេង​ដោយសារ​មេរោគកូរ៉ូណា​ថ្មី។ កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៩ និង​ដើម្បី​ដំឡើង​តម្លៃប្រេងឆៅ Opep និង​ក្រុមប្រទេស​ដៃគូ​បាន​ប្រើ​យុទ្ធសាស្រ្ត​ដោយ​កាត់បន្ថយ​ការ​បូមប្រេង។ តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​យុទ្ធសាស្រ្ត​ដដែល​នេះ​នឹង​ត្រូវ​យក​ទៅ​ប្រើ​ជា​ថ្មី ឬ​អត់​ទេ។ យ៉ាង​ណា​ក៏​ដោយ មាន​ប្រទេស​មួយ​ចំនួន​បន្ត​និយាយ​មិន​ចុះ​សម្រុង​គ្នា។

អង្គការនៃ​ក្រុមប្រទេសផលិតប្រេង Opep
អង្គការនៃ​ក្រុមប្រទេសផលិតប្រេង Opep REUTERS/Ramzi Boudina
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​អាទិត្យ ទី១ មីនា ឥទ្ធិពល​របស់​មេរោគកូរ៉ូណាថ្មី​បាន​ធ្វើ​ឲ្យ​តម្លៃប្រេងឆៅ​ធ្លាក់​ក្រោម ៥០ដុល្លារ​ក្នុង ១បារីល។ ដើម្បី​ទប់​កុំ​ឲ្យ​ធ្លាក់​ថ្លៃ​ជាង​នេះ ក្រុមប្រទេស​ផលិតប្រេង​ទាំង ២៣ប្រទេស​នៅ​ក្នុង​អង្គការ Opep និង​នៅ​ក្រៅ​អង្គការ Opep តែង​ប្រើ​យុទ្ធសាស្រ្ត​កាត់​បន្ថយ​ការ​បូមប្រេង។ តែ​នៅ​ចំពោះ​វិបត្តិ​មេរោគកូរ៉ូណាថ្មី យុទ្ធសាស្រ្ត​ដដែល​មួយ​នេះ​ហាក់​មិន​បាន​ក្លាយ​ជា​កុងសង់ស៊ុស​រួម​ទេ។ ក្នុង​ថ្ងៃ​ពុធ ទី៤ មីនា ប្រទេស​លីប៊ី​មិន​ចង់​ឲ្យ​មាន​ការ​កាត់បន្ថយ​ផលិតកម្ម​ប្រេងឆៅ​បន្ថែម​ទៀត តែ​ប្រទេស​អ៊ីរ៉ង់​ចង់​ឲ្យ​កាត់​បន្ថយ​ការ​បូម​យ៉ាង​តិច ៥០០ ០០០បារីល​ក្នុង​មួយ​ថ្ងៃ។ អារ៉ាប៊ីសាអូឌីត​បាន​យល់ស្រប​ដូច​អ៊ីរ៉ង់។

ចំណែក​រុស្ស៊ី​ដែល​មិនមែន​ជា​សមាជិក Opep មិន​យល់​ស្រប និង​ចង់​រក្សា​ទុក​បរិមាណ​ផលិតកម្ម​ប្រេងឆៅ​ដូច​សព្វថ្ងៃ ពោល​ដូច​ដែល​បាន​កំណត់​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៩។ ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​បាន​ស្នើ​ឲ្យ​បន្ត​កិច្ចព្រមព្រៀង​ដែល​កំពុង​មាន​ជា​ធរមាន។ គួរ​បញ្ជាក់​ថា រុស្ស៊ី​ជា​ប្រទេស​ផលិតប្រេងឆៅ​ទី២ ក្នុង​លោក បន្ទាប់​ពី​អាមេរិក និង​ស្ថិត​ពី​មុខ​ប្រទេស​អារ៉ាប៊ីសាអូឌីត។ តែ​តាំង​ពី​ចិន​ដែល​ជា​ប្រទេស​នាំ​ប្រេងឆៅ​ចូល​ទី១ ក្នុង​លោក​បាន​ធ្លាក់​ក្នុង​វិបត្តិ​មេរោគកូរ៉ូណាថ្មី​មក រុស្ស៊ី និង​អារ៉ាប៊ីសាអូឌីត​បាន​ស្គាល់​ប្រាក់ចំណូល​បាន​មក​ពី​ការ​លក់​ប្រេងឆៅ​ធ្លាក់​ចុះ​យ៉ាង​គំហុក។

ខណៈ​នេះ និង​ក្រៅ​ពី​ចិន មេរោគកូរ៉ូណា​ថ្មី​បាន​ឆ្លង​ចូល​ជាង ៨០ប្រទេស​ក្នុង​លោក និង​ប្រហែល​មិន​ទាន់​បញ្ឈប់​ដំណើរ​របស់​វា​នៅ​ត្រឹម​នេះ​ទេ។ ផលវិបាក​សេដ្ឋកិច្ច​កើត​ចេញ​ពី​មេរោគកូរ៉ូណាថ្មី​បាន​ផ្តើម​លេច​កាន់​តែ​ច្បាស់។ អង្គការ​មូលនិធិរូបិយវត្ថុ​បាន​បញ្ជាក់​ថា កំណើន​សេដ្ឋកិច្ច​ក្នុង​លោក​សម្រាប់​ឆ្នាំ ២០២០ នឹង​មាន​តិច​ជាង ឆ្នាំ ២០១៩។ តាម​អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច កំណើន​សេដ្ឋកិច្ច​ក្នុង​លោក​នៅ​ឆ្នាំ ២០២០ មាន​ពី​ប្រមាណ ២,៤%។ គួរ​រម្លឹក​ថា មេរោគកូរ៉ូណាថ្មី​បាន​បង្ខំ​ឲ្យ​ប្រទេស​រងគ្រោះ​មួយ​ចំនួន​ឲ្យ​ផ្អាក​សកម្មភាព​នៅ​សឹង​គ្រប់​វិស័យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ