អានតួអត្ថបទ
រុស្ស៊ី​

រុស្ស៊ី នឹង​ប្រកាស​ជំហរ​​ខ្លួន​ ទៅ​ អង្គការ​ OPEP ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ទៀត​

រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ី បានប្រកាសនៅថ្ងៃសុក្រនេះថា ប្រទេសគាត់ ដែលជាដៃគូ នៃ ក្រុមប្រទេស សមាជិកអង្គការ​ប្រទេសនាំប្រេងចេញ​ ក្នុង​ក្របខ័ណ្ឌ​ OPEP + នឹង​ប្រកាន់​យក​ជំហរ​ខ្លួន​ ចំពោះ សំណើរ​កាត់បន្ថយ​បន្ថែមទៀតជាយថាហេតុ កាផលិតប្រេងឆៅ គឺ ក្នុង”ប៉ុន្មានថ្ងៃចំពោះមុខ”។

ប្រទេសទាំង១៤​នៃអង្គការ​ (Opep) និង​ប្រទេសដៃគូ​រួមប្រជុំគ្នា​នៅទីក្រុង​Vienne
ប្រទេសទាំង១៤​នៃអង្គការ​ (Opep) និង​ប្រទេសដៃគូ​រួមប្រជុំគ្នា​នៅទីក្រុង​Vienne REUTERS/Leonhard Foeger
ផ្សាយពាណិជ្ជកម្ម

តាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន រុស្ស៊ី ថ្ងៃព្រហស្បតិ៍ម្សិលមិញ បានថ្លែងជំទាស់នឹង អនុសាសន៍ នៃ គណៈកម្មាធិការបច្ចេកទេស របស់ អង្គការ OPEP+ គឺ នាកិច្ចប្រជុំវិសាមញ្ញនៅក្រុង Vienne ឲ្យបញ្ចុះ ការផលិតប្រេងឆៅ ក្នុងទំហំដល់ ៦០០.០០០ បារីល ក្នុងមួយថ្ងៃ បន្ថែមទៀត ដើម្បីទប់កុំឲ្យ តម្លៃប្រេងនេះ ធ្លាក់ចុះតទៅទៀត ដោយមកពី ជម្ងឺឆ្លងរាលដាល នៃ កូរ៉ូណាវីរុស មានប្រភពក្នុងប្រទេសចិន។

“ ខ្ញុំគិតថា បញ្ហានឹងដោះស្រាយ ក្នុងប៉ុន្មានថ្ងៃទៀត។ យើងនឹងឃើញ តើស្ថានការណ៍នឹងវិវឌ្ឍយ៉ាងណាៗ ក្នុងប៉ុន្មានថ្ងៃចំពោះមុខ” - សេចក្តីនេះ ត្រូវបានលោករដ្ឋមន្ត្រីថាមពលរុស្ស៊ី ថ្លែងទៅទីភ្នាក់ងារព័ត៌មានជាតិ ដោយមិនលំអិត តើក្នុងក្របខ័ណ្ឌណា ដែលគាត់នឹងទម្លាយឲ្យដឹងពីជំហរនេះ។

ស្របនឹងប្រព័ន្ធផ្សព្វផ្សាយ អារ៉ាប៊ី សាអ៊ូឌីត ចង់ឲ្យការកាត់បន្ថយថែមទៀតនេះ មានទំហំ ពី ៨ សែន ដល់ ១ លាន បារីល​ក្នុងមួយថ្ងៃ ហើយក៏ស្នើ នូវដំណោះស្រាយ សម្របសម្រួល ត្រឹម ៦ សែន បារីល ក្នុងមួយថ្ងៃ។ អង្គការ OPEP+ ដំណើរការ ឈរលើការព្រមព្រៀងគ្នា រវាង​គ្រប់តែប្រទេសដែលចូលរួម។ កិច្ចប្រជុំ បាន​ ចប់ទៅ ដោយគ្មានលទ្ធផលទេ។

ថ្លែងថ្ងៃសុក្រនេះ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ បានលើកឡើងជាអាទិ៍៖ យើងប្រាថ្នាបន្ត ការពិគ្រោះយោបល់គ្នាតទៅទៀត ដើម្បីកំណត់វិធានការដ៏ប្រសើរ ដែលអាចទទួលយកបានដោយ គ្រប់តែ ប្រទេសនាំប្រេងចេញ គ្រាន់នឹង រៀបរយទីផ្សារ កុំ​បណ្តោយ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរយ៉ាង​គំហុក សម្រាប់ ប្រទេស​ផលិតប្រេង និង សម្រាប់ប្រទេសដែលប្រើប្រាស់ឥន្ធនៈនេះ។

ជំងឺឆ្លង កូរ៉ូណាវីរុស បានបង្កភាពជ្រួលច្របល់ នៅតាមប្រទេសខ្លះ ដែលផលិតប្រេង​ឆៅ ហើយដែលអាស្រ័យជាពិសេស នឹងកំណើនសេដ្ឋកិច្ចចិន ។ ប្រទេសចិន ទិញ ដល់ទៅជាង ២ភាគ៣ នៃប្រេងឆៅពីបណ្តាប្រទេស-សមាជិក OPEP និង​ពីប្រទេសនានាដៃគូ OPEP បឋមមុនគេ គឺ​ពី អារ៉ាប៊ី សាអ៊ូឌីត ដែលជាប្រទេសនាំមុខគេ ខាងផលិតប្រេង ។ ចំណែករុស្ស៊ី ដែលជាប់លេខ២ មិនសប្បាយចិត្ត នឹងបន្ថយតទៅទៀត ការផលិតប្រេង ដ្បិត ពួកក្រុមហ៊ុនប្រេង របស់ខ្លួន និង រដ្ឋាភិបាល រុស្ស៊ីផ្ទាល់ ត្រូវការ ចំណូល ឲ្យបានក្រាស់ក្រែល -នេះ បើតាមមតិ លោកស្រី Ellen Wald ប្រវត្តិរិទូខាងប្រេង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ