អានតួអត្ថបទ
រុស្ស៊ី-អ៊ីស្រាអែល-ស៊ីរី

រុស្ស៊ីចោទអ៊ីស្រាអែលពីបទបង្កគ្រោះថ្នាក់ដល់យន្តហោះដឹកអ្នកដំណើរពីអ៊ីរ៉ង់ទៅស៊ីរី

នៅ​ថ្ងៃ​សុក្រ ទី៧ កុម្ភៈ យន្តហោះ Airbus ធុន A៣២០ ដែល​ដឹក​អ្នកដំណើរ​ចំនួន ១៧២នាក់​បាន​ចុះ​ចត​ជា​បន្ទាន់​នៅ​មូលដ្ឋាន​ទ័ពអាកាស​ស៊ីរី​ខ្មីមីម ក្រោយ​ពី​បាន​បញ្ជៀស​យ៉ាង​ប្រផិតប្រផើយ​ពី​ការ​បាញ់​តប​របស់​កងទ័ព​ស៊ីរី​ទៅ​លើ​ការ​វាយប្រហារ​របស់​ទ័ពអាកាស​អ៊ីស្រាអែល​នៅ​ក្បែរ​ទីក្រុង​ដាម៉ាស់​ប្រទេស​ស៊ីរី។ ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​ចោទ​អ៊ីស្រាអែល​ពី​បទ​បាន​បង្ក​គ្រោះថ្នាក់​ដល់​យន្តហោះ​ដឹកអ្នកដំណើរ​ដោយ​យក​យន្តហោះ​នោះ​ធ្វើ​ជា​ខែល​ដើម្បី​គេច​ពី​ការ​តប ត​របស់​កងទ័ព​ស៊ីរី។

យន្តហោះចម្បាំង F-16 របស់​កងទ័ព​អ៊ីស្រាអែល
យន្តហោះចម្បាំង F-16 របស់​កងទ័ព​អ៊ីស្រាអែល REUTERS/Amir Cohen
ផ្សាយពាណិជ្ជកម្ម

យន្តហោះ Airbus ធុន A៣២០ ដឹក​អ្នកដំណើរ​ចំនួន ១៧២នាក់​បាន​ហោះ​ចេញ​ពី​ទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់​ទៅ​កាន់​ទីក្រុង​ដាម៉ាស់ ប្រទេស​ស៊ីរី។ តែ​ក្នុង​ពេល​ហោះ​ជិត​ដល់​គោលដៅ​ដើម្បី​ចុះ​ចត ទ័ពអាកាស​អ៊ីស្រាអែល​ក៏​បាន​ការ​វាយប្រហារ​លើ​តំបន់​ជុំវិញ​ទីក្រុង​ដាម៉ាស់។ អ្នក​គ្រប់គ្រង​ចរាចរណ៍​យន្តហោះ​នៅ​អាកាសយានដ្ឋាន​ក្រុង​ដាម៉ាស់​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​ដោយ​ស្នើ​ឲ្យ​យន្តហោះ​នោះ​ហោះ​ចេញ​ពី​តំបន់​ហានិភ័យ។ តែ​បែរ​ជា​បាន​វាក់​នឹង​ផ្ទាំងស៊ីប​របស់​ប្រព័ន្ធ​ការពារ​ផ្លូវអាកាស​របស់​កងទ័ព​ស៊ីរី​ទៅ​វិញ។ គឺ​នៅ​ពេល​នោះ​ហើយ​ដែល​យន្តហោះ​នោះ​បាន​សម្រេច​ចុះចត​យ៉ាង​បន្ទាន់​ដោយ​សុវត្ថិភាព​នៅ​លើ​មូលដ្ឋាន​យោធា​ស៊ីរី​ឈ្មោះ​ខ្មីមីម​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី។

ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា ការ​ដែល​អ៊ីស្រាអែល​យក​យន្តហោះ​ស៊ីវិល​ធ្វើ​ជា​ខែល​នៅ​ក្នុង​ប្រតិបត្តិការ​យោធា​ផ្លូវអាកាស​របស់​ខ្លួន​ដើម្បី​គេច​ពី​ការ​វាយ​បក​វិញ​របស់​កងទ័ព​ស៊ីរី​ជា​ជំនាញ​របស់​អ៊ីស្រាអែល។ បើ​តាម​សម្តី​របស់​អ្នកនាំ​ពាក្យ​ក្រសួង​ការពារជាតិ​រុស្ស៊ី​ចុះ​ផ្សាយ​ដោយ​កាសែត RIA អ៊ីស្រាអែល​បាន​ប្រើ​យន្តហោះចម្បាំង​ប្រភេទ F-១៦ ចំនួន ៤គ្រឿង​ទម្លាក់​គ្រាប់បែក​លើ​ផ្ទាំងស៊ីប​ជា​ច្រើន​នៅ​តំបន់​ជុំវិញ​ទីក្រុង​ដាម៉ាស់ តែ​មិន​បាន​ហោះ​ចូល​ក្នុង​ដែនអាកាស​របស់​ស៊ីរី​ទេ។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៦ កុម្ភៈ ស៊ីរី​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ថា ប្រព័ន្ធ​ការពារ​ផ្លូវអាកាស​ស៊ីរី​ចាប់​បាន​គ្រាប់មីស៊ីល​អ៊ីស្រាអែល​ដែល​បាញ់​សំដៅ​លើ​ផ្ទាំងស៊ីប​យោធា​ស៊ីរី។ តែ​អ៊ីស្រាអែល​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ព័ត៌មាន​មួយ​នេះ​ទេ។

អ៊ីស្រាអែល​ដែល​បាន​ចាត់​ទុក​អ៊ីរ៉ង់​ជា​ប្រទេស​គំរាមកំហែង​ចំពោះ​ខ្លួន​នៅ​ក្នុង​តំបន់​តែង​ធ្វើ​អន្តរាគមន៍​ផ្លូវយោធា​ក្នុង​ទឹកដី​ស៊ីរី​ដោយ​វាយប្រហារ​លើ​ក្រុម​ប្រដាប់អាវុធ​គាំទ្រ​អ៊ីរ៉ង់​ដែល​គាំទ្រ​របប​ស៊ីរី​របស់​ប្រធានាធិបតី​អាសាដ។ គួរ​រម្លឹក​ថា​នៅ​ជិត​មួយ​ខែ​មុន មាន​យន្តហោះ​ស៊ីវិល​អ៊ុយក្រែន​មួយ​គ្រឿង​ត្រូវ​បាន​កងទ័ព​អ៊ីរ៉ង់​បាញ់​ទម្លាក់​ដោយ​ភាន់ច្រឡំ បន្ទាប់​ពី​បាន​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​ក្រុង​តេហេរ៉ង់​តែ​ប៉ុន្មាន​នាទី។ ភាន់ច្រឡំ ឬ​ចេតនា ព្រឹត្តិការណ៍​កាល​ណោះ​បាន​ផ្តាច់​ជីវិត​អ្នក​ដំណើរ​ទាំង ១៧៦នាក់​ដោយ​គ្មាន​សល់​ម្នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ