អានតួអត្ថបទ

រដ្ឋបាលខេត្តកំពង់ចាម៖ ករណីវាយបុរសតាំងខ្លួនជា​អ្នកកាសែតនៅ​កន្លែងទុកឈើអាជីវកម្មជាទំនាស់បុគ្គល

លោក អ៊ឹម ហាច ដែលអះអាងថាជា​អ្នកកាសែតត្រូវបានមនុស្ស៤នាក់វាយធ្វើទារុណកម្មចងដៃចងជើង​នៅកន្លែងទុកឈើ​លក់គ្រឿងសង្ហារឹមមួយកន្លែងនៅក្នុងខេត្តកំពង់ចាម​នៅថ្ងៃទី២ធ្នូម្សិលមិញនេះ។ ករណីនេះ ត្រូវបានអាជ្ញាធរខេត្តកំពង់ចាមនៅថ្ងៃទី​៤ធ្នូនេះថា ​ជាទំនាស់បុគ្គល ហើយអាជ្ញាធរ​ក៏​បានសម្របសម្រួលដកពាក្យបណ្តឹងរួចហើយ​ដែរ។ រូបភាពវីដេអូរបស់ជនរងគ្រោះក្នុងស្ថានភាពបែបនោះ ត្រូវបានបង្ហោះចែកចាយយ៉ាងព្រោងព្រាត នៅក្នុងបណ្តាញសង្គម។ អ្នកធ្វើការ​លើកកម្ពស់សិទ្ធិក្នុងវិស័យសារព័ត៌មាន និងការផ្សព្វផ្សាយនៅកម្ពុជាលើកឡើងថាយល់ថាអាជ្ញាធរគួរ​ធ្វើការស្រាវជ្រាវ​បន្ថែមទៀត។​​

លោក អ៊ឹម ហាច ដែលអះអាងថាជាអ្នកកាសែតត្រូវបានមនុស្ស៤នាក់វាយធ្វើទារុណកម្មចងដៃចងជើងនៅកន្លែងទុកឈើលក់គ្រឿងសង្ហារឹមមួយកន្លែងនៅក្នុងខេត្តកំពង់ចាមនៅថ្ងៃទី២ធ្នូម្សិលមិញនេះ។
លោក អ៊ឹម ហាច ដែលអះអាងថាជាអ្នកកាសែតត្រូវបានមនុស្ស៤នាក់វាយធ្វើទារុណកម្មចងដៃចងជើងនៅកន្លែងទុកឈើលក់គ្រឿងសង្ហារឹមមួយកន្លែងនៅក្នុងខេត្តកំពង់ចាមនៅថ្ងៃទី២ធ្នូម្សិលមិញនេះ។ © FB
ផ្សាយពាណិជ្ជកម្ម

លោក អ៊ឹម ហាច ដែលអះអាងថាជា​អ្នកកាសែត​របស់ភ្នាក់ងារសារព័ត៌មាន «សានព្រហ្ម»​ ត្រូវ​បានមនុស្ស៤នាក់​ព្រួត​វាយធ្វើទារុណកម្មចងដៃចងជើង ​ក្នុងស្ថានភាព​គ្មានអាវ ខ្លួនប្រឡាក់ដី នៅកន្លែងទុកឈើលក់គ្រឿងសង្ហារឹមមួយកន្លែងយីហោ លី សេងហុង នៅស្រុក​ជើងព្រៃ ក្នុងខេត្តកំពង់ចាម។ រូបភាពវីដេអូ​របស់ជនរងគ្រោះ​​​​​ក្នុងស្ថានភាពបែបនោះ ​​ត្រូវបានបង្ហោះចែកចាយយ៉ាង​​​ព្រោងព្រាត នៅ​ក្នុងបណ្តាញសង្គម។

លោក អ៊ឹម ហាច បានចោទថា ករណីនេះកើតមានដោយសារការគុំគួន​នឹងលោកដែលបានថត​វីដេអូឈើដែលសង្ស័យថាជាឈើខុសច្បាប់នៅថ្ងៃទី​២ធ្នូ​ លុះដល់ពេល​យប់ លោកត្រូវបានគេ​លបផ្តួលម៉ូតូ និងចាប់ខ្លួន​យកទៅវាយធ្វើបាប​​នៅ​កន្លែងកើតហេតុ​​។ ប៉ុន្តែ​តាមការបំភ្លឺ​របស់ជន​បង្កទាំង៤នាក់វិញ ​លោក អ៊ឹម ហាច បានចូលផ្ទះ​ពួកគេ​ដោយគ្មានការអនុញ្ញាតនៅពេលយប់អាត្រាធ ហើយបាន​ថតកន្លែងទុកឈើនៅទីនោះ

នៅក្នុងសេចក្តីប្រកាសរបស់រដ្ឋបាលខេត្ត​កំពង់ចាមនៅថ្ងៃនេះ បានបញ្ជាក់ថាហេតុការណ៍ខាងលើនេះ គឺជារឿងទំនាស់បុគ្គល ពុំមានពាក់ព័ន្ធថាសមត្ថកិច្ចនគរបាលទៅចាប់ចង​ លោក អ៊ឹម ហាច​ ​ទេ​។ ហើយ លោក អ៊ឹម ហាច ដែលអះអាងថាជាអ្នកកាសែត​ ​ពុំ​មានការចុះបញ្ជីជាភ្នាក់ងារសារព័ត៌មានផ្លូវការនៅស្ថាប័នសារព័ត៌មានណាមួយឡើយ។  លោក អ៊ឹម ហាច ធ្លាប់ជាអ្នកកាសែត​នៅអង្គភាព «ស៊ីអិនអិម» ប៉ុន្តែលោក​​ត្រូវបាន​បញ្ឈប់ពីការងារនៅមួយខែមុនកើតហេតុម្ល៉េះ។

រដ្ឋបាលខេត្តកំពង់ចាម​ក៏មានបញ្ជាក់ថា ករណីឈើដែលជាកម្មវត្ថុផ្សព្វផ្សាយព័ត៌មានរបស់លោក អ៊ឹម ហាច ជាឈើដែលបានទិញពីដេប៉ូស្របច្បាប់អនុញ្ញាតរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ក្នុងគោលបំណងសាងសង់លំនៅឋាន ដោយមានបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។

ក្នុងសេចក្តីប្រកាសដដែល លោក អ៊ឹម សាច បានសារភាពថា ខ្លួនពិតជាបានចូលទៅបរិវេណគេហដ្ឋានភាគីពលរដ្ឋខាងលើ ដោយគ្មានការអនុញ្ញាតពិតប្រាកដមែន។ ចំណែក ភាគីជនបង្ក​ហឹង្សារ​ទាំង៤នាក់​វិញ ក៏សារភាពថា ពួកគេបានព្យាយាមប្រតាយប្រតប់ ដើម្បីចាប់ជនសង្ស័យ ហើយនាំខ្លួនប្រគល់ឱ្យសមត្ថកិច្ចពិតមែន។​ ហើយ​ភាគីទាំងពីរ​ បាន​ស្នើ​សុំដកពាក្យបណ្តឹងបញ្ចប់រឿង។​

តែយ៉ាងណា លោក ណុប វី​​ នាយកប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា​ ខេមបូចា យល់ថា ករណីចាប់មនុស្សចងដៃចងជើងខាងលើ ជាករណីហិង្សានិងឃោរឃៅធ្ងន់ធ្ងរ​ ដែលទាមទារ​ឱ្យអាជ្ញាធរ​​ធ្វើ​ការស៊ើបអង្កេត​និងស្រាវជ្រាវ​ឱ្យបានម៉ត់ចត់​ ដើម្បីបញ្ចប់​និទណ្ឌភាព​និងក៏ដើម្បីកសាងទំនុកចិត្តពីពលរដ្ឋផងដែរ​។ តាមលោក​ ណុប វី ​​ការរងគ្រោះក្នុងរូបភាព​ធ្វើទារុណកម្ម បើអ្នកបទល្មើសបែរជា​រួចខ្លួន មិនត្រូវបានស៊ើបអង្កេត វាបង្ហាញថាសង្គមខ្មែរនៅតែមានអំពើអយុត្តិធម៌​​និងភាពប្រេះឆា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ