អានតួអត្ថបទ

Unicef៖កុមារនៅអាស៊ីខាងត្បូងកំពុងប្រឈមនឹងការខ្វះទឹកប្រើប្រាស់ខ្លាំងជាងគេ

អង្គការ​យូនីសេហ្វ (Unicef) បាន​ប្រកាស​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​ចន្ទ ទី១៣ វិច្ឆិកា​នេះ​ថា កុមារ​នៅ​អាស៊ីខាងត្បូង​ជា​អ្នក​ដែល​កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ប្រើប្រាស់​ខ្លាំង​ជាង​គេ​ក្នុង​លោក។ តាម Unicef ការ​ប្រែប្រួល​អាកាសធាតុ​ជា​ដើមចម​នៃ​ការ​ខ្វះ​ទឹក​ប្រើប្រាស់។

Unicef ថា កុមារនៅអាស៊ីខាងត្បូងកំពុងប្រឈមនឹងការខ្វះទឹកប្រើប្រាស់ខ្លាំងជាងគេ។
Un enfant transporte des bidons d'eau à Bombay, en Inde (Image d'illustration). AP - Rafiq Maqbool
ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាស​របស់ Unicef បាន​ធ្វើ​ឡើង​នៅ​ក្នុង​ការ​សិក្សា​មួយ​ដែល​ថា​នៅ​អាស៊ីខាងត្បូង មាន​កុមារ​អាយុ​ក្រោម ១៨ឆ្នាំ​ចំនួន ៣៤៧លាននាក់​បាន​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ប្រើប្រាស់​យ៉ាង​ខ្លាំង។ ចំនួន​នេះ​ជា​ចំនួន​ដ៏​ខ្ពស់​ខ្លាំង​បើ​ធៀប​នឹង​តំបន់​ផ្សេង​ទៀត​ក្នុង​លោក។ តាម Unicef កុមារ​ចំនួន ១ភាគ៤ ក្នុង​លោក​រស់​នៅ​អាស៊ីខាងត្បូង​ដែល​មាន ៨ប្រទេស គឺ​អាហ្វហ្កានីស្ថាន បង់ក្លាដែស ប៊ូតង់ ឥណ្ឌា នេប៉ាល់ ម៉ាល់ឌីវ ប៉ាគីស្ថាន និង​ប្រទេស​ស្រីលង្កា។ ការ​ប្រែប្រួល​អាកាសធាតុ​ជា​ដើមចម​នៃ​ការ​ខ្វះ​ទឹកប្រើប្រាស់​ព្រោះ​ព្រឹត្តិការណ៍​មួយ​នេះ​បាន​ធ្វើ​ឲ្យ​បរិមាណ​ទឹក​ធ្លាក់​ចុះ និង​រដូវ​ភ្លៀង​មិន​ទៀងទាត់។ ក្រៅ​ពី​នេះ ការ​សិក្សា​របស់ Unicef បាន​លើក​ឡើង​ពី​គុណភាព​ទឹក​មិន​ល្អ ការ​ខ្វះ​ទឹក និង​ការ​គ្រប់គ្រង​ទឹក​មិន​ល្អ ដូច​ជា​ការ​បូមទឹក​អណ្តូង​ច្រើន​ខ្លាំង​ពេក​ជា​ដើម។

Unicef បាន​បញ្ជាក់​ដោយ​ទាញ​សញ្ញាអាសន្ន​ថា ជាមួយ​នឹង​អាកាសធាតុ​ដែល​កាន់​តែ​មិន​អាច​ទាយ​ទុក​បាន ការ​ខ្វះ​ទឹក​នឹង​មាន​កាន់​ខ្លាំង​សម្រាប់​កុមារ​នៅ​អាស៊ីខាងត្បូង។ « ការ​មាន​ទឹកស្អាត​ប្រើប្រាស់​ជា​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្សលោក » នេះ​ជា​ការ​ថ្លែង​របស់​លោក Sanjay Wijesekera អ្នក​ទទួល​ខុស​ត្រូវ​របស់​អង្គការ Unicef សម្រាប់​អាស៊ីខាងត្បូង។ លោក Sanjay Wijesekera បាន​បន្ថែម​ដោយ​ព្រមាន​ថា មាន​កុមារ​រាប់សិបលាននាក់​នៅ​អាស៊ីខាងត្បូង​គ្មាន​ទឹក​បរិភោគ​គ្រប់គ្រាន់ ខណៈ​ដែល​តំបន់​មួយ​កំពុង​ស្គាល់​ញឹកញាប់​នូវ​គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និង​បាតុភូត​អាកាសធាតុ​ខ្លាំងៗ​ដែល​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ។

គួរ​បញ្ជាក់​ថា​ក្នុង​ឆ្នាំ ២០២២ មាន​កុមារ​ចំនួន ៤៥លាននាក់​នៅ​អាស៊ីខាងត្បូង​គ្មាន​លទ្ធភាព​ទទួល​បាន​សេវាកម្ម​ទឹកស្អាត​ទេ។ តែ​យូនីសេហ្វ​បាន​ប៉ាន់ប្រមាណ​ថា សេវាកម្ម​មួយ​នេះ​កំពុង​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស និង​ថា ចំនួន​កុមារ​ទាំង ៤៥លាននាក់​ដែល​គ្មាន​លទ្ធភាព​ទទួល​បាន​សេវាកម្ម​ទឹកស្អាត​នៅ​អាស៊ីខាងត្បូង​នឹង​ធ្លាក់​ចុះ​ពាក់​កណ្តាល​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៣០ ខាង​មុខ។ ដោយឡែក និង​ក្រៅ​ពី​អាស៊ីខាងត្បូង មាន​កុមារ​ចំនួន ១៣០លាននាក់​រស់​ក្នុង​តំបន់​អាហ្រ្វិកខាងកើត និង​អាហ្វ្រិកខាងត្បូង​ក៏​បាន​ប្រឈម​នឹង​ការ​ខ្វះ​ទឹកប្រើប្រាស់​ខ្លាំង​ដែរ នេះ​បើ​តាម​ការ​សិក្សា​របស់​អង្គការ Unicef ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ