អានតួអត្ថបទ
ថៃ-អ៊ីស្រាអែល-ប៉ាឡេស្ទីន

រដ្ឋមន្ត្រីការបរទេសថៃទៅអេហ្ស៊ីបនិងកាតា រកវិធីរំដោះ​ចំណាប់ខ្មាំងថៃ ដែលនៅក្នុងដៃក្រុមហាម៉ាស

លោក Panpri Phahitthanukon រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានធ្វើដំ​ណើរទៅដល់​តំបន់​ដើមបូព៌ា​ នៅថ្ងៃអង្គារ​ទី​៣១តុលា ដើម្បីរកវិធីរំដោះ​ចំណាប់​ខ្មាំងជនជាតិថៃទាំង២២នាក់​ ដែលកំពុង​ស្ថិតនៅក្នុងដៃរបស់ក្រុមហាម៉ាស។ តាមការគ្រោងទុក លោករដ្ឋមន្ត្រីការបរទេសថៃ នឹងត្រូវជួបជាមួយ​រដ្ឋមន្ត្រីការបរទេស និងនាយករដ្ឋមន្ត្រីកាតា នៅថ្ងៃអង្គារ មុននឹងធ្វើដំណើរទៅ​ជួប​រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប​ នៅថ្ងៃពុធ​​

ពលករជនជាតិថៃ ដែលត្រូវបានរដ្ឋាភិបាលថៃ​ទៅដឹកយកពី​អ៊ីស្រាអែល​មកវិញ ដល់ក្រុងបាងកក ថ្ងៃទី​១៦តុលា២០២៣
ពលករជនជាតិថៃ ដែលត្រូវបានរដ្ឋាភិបាលថៃ​ទៅដឹកយកពី​អ៊ីស្រាអែល​មកវិញ ដល់ក្រុងបាងកក ថ្ងៃទី​១៦តុលា២០២៣ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

ផ្អែកតាម​តួលេខរបស់អាជ្ញាធរថៃ គឺមានជនជាតិថៃ ធ្វើការនៅអ៊ីស្រាអែល ចំនួន​ប្រមាណ​៣០០០០នាក់ ដែលភាគច្រើនគឺជាពលករធ្វើការនៅតាមចំការ​ដំណាំ​។ នៅថ្ងៃដែល​ក្រុមហាម៉ាស បានសំរុកចូល​មកសម្លាប់​មនុស្ស​នៅក្នុងទឹកដី​អ៊ីស្រាអែល ថ្ងៃទី​៧តុលា មានជនជាតិ​ថៃចំនួន​៣២នាក់ ដែលត្រូវបាន​ក្រុម​ភេរវកម្ម​នេះសម្លាប់ និង​មាន​របួស​១៩នាក់។ ហើយក្នុងចំណោម​ចំណាប់ខ្មាំង​ទាំងអស់​ ជាង​២៣០នាក់ ដែលក្រុមហាម៉ាស បានចាប់យកទៅ​ គឺមាន​ជនជាតិ​ថៃចំនួន​២២នាក់។​

ថ្លែងកាលពីថ្ងៃចន្ទ មុនពេលចេញដំណើរទៅប្រទេសឡាវ លោក​នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថៈវីស៊ីន បានអះអាងថា ថៃគឺជាប្រទេសរងគ្រោះ​មួយ​ដ៏ធំ នៅក្នុងសង្រ្គាម​ដែល​បាន​ផ្ទុះ​ឡើង រវាងក្រុមហាម៉ាសប៉ាឡេស្ទីន និង​អ៊ីស្រាអែល​ ព្រោះមានជនជាតិថៃច្រើននាក់ ដែលបានស្លាប់ របួស និងត្រូវចាប់ចំណាប់ខ្មាំង​។​ ជាមួយគ្នាដែរ លោកបាន​គូសបញ្ជាក់ប្រាប់អ្នកកាសែតថា រដ្ឋាភិបាល​លោក​កំពុងតែប្រឹងប្រែង ធ្វើការឲ្យ​អស់ពីសមត្ថភាព ដើម្បី​រំដោះ​ចំណាប់ខ្មាំង​ជនជាតិថៃមកវិញ ដោយសុវត្ថិភាព​។​

ក្តាម្ឈូសសពជនជាតិថៃ ដែលត្រូវបាន​ក្រុមភេរវកម្ម​ហាម៉ាសសម្លាប់នៅថ្ងៃទី​៧តុលា ត្រូវបានដឹកមកដល់ព្រលានយន្តហោះសុវណ្ណភូមិ ក្រុងបាងកក ថ្ងៃទី​២០ តុលា ២០២៣
ក្តាម្ឈូសសពជនជាតិថៃ ដែលត្រូវបាន​ក្រុមភេរវកម្ម​ហាម៉ាសសម្លាប់នៅថ្ងៃទី​៧តុលា ត្រូវបានដឹកមកដល់ព្រលានយន្តហោះសុវណ្ណភូមិ ក្រុងបាងកក ថ្ងៃទី​២០ តុលា ២០២៣ REUTERS - STAFF

គួរបញ្ជាក់ថា​យោងតាមភាគីអ៊ីស្រាអែល​​ គឺមានចំណាប់ខ្មាំងទាំងអស់ ២៣៨នាក់ ដែលកំពុងស្ថិតក្នុងដៃរបស់​ក្រុមភេរវកម្មហាម៉ាស។ ចំណាប់ខ្មាំងស្ត្រី៤នាក់ ត្រូវបាន​ក្រុមហាម៉ាសដោះលែងកាលពីសប្តាហ៍​មុន​។​ អាជ្ញាធរកាតា ត្រូវបាន​គេផ្តោតក្តីសង្ឃឹមជាខ្លាំង នៅក្នុង​ការចរចាដោះលែងចំណាប់ខ្មាំង ព្រោះថាកាតាមានទំនាក់ទំនងយ៉ាងស្អិតរ​មួត ជាមួយ​ក្រុមហាម៉ាស។ យ៉ាងណាមិញ មេដឹកនាំក្រុមហាម៉ាសជាច្រើននាក់ កំពុងរស់នៅលើទឹកដីកាតា។

តែ​យ៉ាងណាក៏ដោយ ក្រុមគ្រួសារចំណាប់ខ្មាំង កំពុងតែព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពអាយុជីវិតរបស់​ចំណាប់​ខ្មាំង ដោយសារតែ​កងទ័ពអ៊ីស្រាអែល បាន​បើកប្រតិបត្តិការ​វាយសំរុកចូលក្នុងតំបន់​ហ្កាហ្សា អមដោយ​ការបាញ់ទំលាក់គ្រាប់យ៉ាងដំណំថែមទៀត។ នៅទីក្រុង Tel Aviv ប្រជាជនអ៊ីស្រាអែល បានជួបជុំគ្នាធ្វើបាតុកម្ម ទាមទារឲ្យរដ្ឋាភិបាល​លោកនេតាន់យ៉ាហ៊ូ ត្រូវតែផ្តោតអាទិភាព ទៅលើការចរចាដោះលែងចំណាប់ខ្មាំង ជាជាងការប្រយុទ្ធតាមសម្លាប់​ក្រុមហាម៉ាស។

ផ្អែកតាមព័ត៌មានផ្តល់​ឲ្យដោយកងទ័ពអ៊ីស្រាអែល នៅព្រឹកថ្ងៃអង្គារ​ទី​៣១តុលា កងទ័ពអ៊ីស្រាអែល​បានរំដោះបានចំណាប់ខ្មាំងម្នាក់ ភេទស្រី ជា​ទាហានអ៊ីស្រាអែល​។ ដោយឡែក កាលពីយប់ថ្ងៃចន្ទ ​ក្រសួងការ​បរទេសអ៊ីស្រាអែល បានចេញលិខិត​ប្រកាស​​មួយ​ បញ្ជាក់ថា​ចំណាប់ខ្មាំងភេទស្រី អាយុ២៣ឆ្នាំ​​ម្នាក់ ឈ្មោះ Shani Louk ជាជនជាតិអាល្លឺម៉ង់ដើមកំណើតអ៊ីស្រាអែល ត្រូវបាន​ក្រុមហាម៉ាសសម្លាប់ដោយ​កាត់ក្បាល។ ផ្អែកតាមម្តាយរបស់ជនរងគ្រោះ ដែល​បានប្រាប់បណ្តាញព័ត៌មានអាល្លឺម៉ង់ RTL គឺកងទ័ពអ៊ីស្រាអែល បានយកបំណែកឆ្អឹងលលាដ៍​ក្បាលរបស់ជនរងគ្រោះ មកពិនិត្យ​ADN ទើបដឹងពីអត្តសញ្ញាណច្បាស់​ថាពិតជាកូនស្រីខ្លួន ដែលត្រូវបានក្រុមហាម៉ាសចាប់យកទៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ