អានតួអត្ថបទ

វៀតណាម៖ស្លាប់រាប់សិបនាក់នៅក្នុងគ្រោះថ្នាក់ភ្លើងឆេះអគារស្នាក់នៅមួយក្នុងក្រុងហាណូយ

នៅ​ក្នុង​ប្រទេស​វៀតណាម អគារ​ស្នាក់​នៅ​មួយ​កម្ពស់ ១០ជាន់​ក្នុង​ក្រុង​ហាណូយ​បាន​រង​ការ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នា​យប់​ថ្ងៃ​អង្គារ​ឆ្លង​ចូល​ថ្ងៃ​ពុធ ទី១៣ កញ្ញា។ ឧប្បត្តិហេតុ​មួយ​នេះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​រាប់សិបនាក់ ក្នុង​នោះ​មាន​កូន​ក្មេង​យ៉ាង​តិច ៣នាក់។ គួរ​រម្លឹក​ថា វៀតណាម​បាន​ស្គាល់​គ្រោះ​អគ្គីភ័យ​សម្លាប់​មនុស្ស​យ៉ាង​ច្រើន​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ។

នៅវៀតណាម ស្លាប់រាប់សិបនាក់នៅក្នុងគ្រោះថ្នាក់ភ្លើងឆេះអាគារស្នាក់នៅមួយក្នុងក្រុងហាណូយ។
នៅវៀតណាម ស្លាប់រាប់សិបនាក់នៅក្នុងគ្រោះថ្នាក់ភ្លើងឆេះអាគារស្នាក់នៅមួយក្នុងក្រុងហាណូយ។ AFP - LE PHU
ផ្សាយពាណិជ្ជកម្ម

ភ្លើង​ឆេះ​អគារ​ស្នាក់នៅ​ក្នុង​ក្រុង​ហាណូយ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​វា​បាន​កើត​ឡើង​នៅ​ជិត​អាធ្រាត្រ​យប់​ថ្ងៃ​អង្គារ​ឆ្លង​ចូល​ថ្ងៃ​ពុធ ទី១៣ កញ្ញា​ដែល​ជា​មាន​មនុស្ស​ភាគ​ច្រើន​កំពុង​គេង​លង់លក់។ តាម​តុល្យការ​ដំបូង​ផ្តល់​ដោយ​រដ្ឋអំណាច មាន​មនុស្ស​ស្លាប់​រាប់សិបនាក់ ក្នុង​នោះ​មាន​កូនក្មេង​យ៉ាង​តិច ៣នាក់ និង​មាន​របួស​ធ្ងន់ ស្រាល​ប្រមាណ​ជា ៥៤នាក់​ត្រូវ​បាន​គេ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ។ « ជា​គ្រោះ​អគ្គីភ័យ​មួយ​ធ្ងន់ធ្ងរ​ណាស់ » នេះ​ជា​ការ​បញ្ជាក់​របស់​ទីភ្នាក់ងារ​វៀតណាម​មួយ​ឈ្មោះ Vietnam News Agency ដោយ​បន្ថែម​ថា ក្រុម​អ្នក​សង្រ្គោះ​បាន​ជួយ​រំដោះ​មនុស្ស​ចេញ​ពី​អគារ​ស្នាក់នៅ​កំពុង​ឆាបឆេះ​ចំនួន ៧០នាក់។ ទោះ​បី​ជា​ភ្លើង​ត្រូវ​បាន​ពន្លត់​ទាំង​ស្រុង​ក៏​ដោយ​ក៏​ក្រុម​អ្នក​សង្រ្គោះ​បាន​បន្ត​ប្រតិបត្តិការ​ស្រាវជ្រាវ​ជួយ​សង្រ្គោះ​រហូត​ដល់​ព្រឹក​ថ្ងៃ​ពុធ ទី១៣ កញ្ញា។

នៅ​ក្នុង​រូបភាព​វីដេអូ​ដែល​ផ្សព្វផ្សាយ​ដោយ​ទូរទស្សន៍​ក្នុង​ស្រុក គេ​បាន​ឃើញ​ពី​ទំហំ​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ដែល​រាលដាល​ឆ្លង​ពី​ជាន់​មួយ​ទៅ​ជាន់​មួយ​នៅ​លើ​អគារកម្ពស់ ១០ជាន់​ស្ថិត​ក្បែរ​ច្រក​ចង្អៀត​តូច​មួយ។ ទីតាំង​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​ជួយ​សង្រ្គោះ​ពិបាក​ចូល​ទៅ​ពន្លត់​ភ្លើង។ តាម​រដ្ឋអំណាច មាន​មនុស្ស​ប្រមាណ​ជា ១៥០នាក់​បាន​ស្នាក់​នៅ​ក្នុង​អគារ​នោះ។ អ្វី​ជា​ការ​កត់សម្គាល់ រានហាល​របស់​ផ្ទះ​នីមួយៗ​ក្នុង​អគារ​មាន​បិទ​បាំង​ដោយ​សំណាញ់​ដែក​ដែល​បាន​ធ្វើ​ឲ្យ​ម្ចាស់​ជាប់​កុន​ខ្លួន​ឯង​មិន​អាច​ចេញ​រួច ហើយ​ក្រុម​អ្នក​សង្រ្គោះ​ក៏​មិន​អាច​ចូល​ទៅ​ជួយ​បាន។ រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​ឆាបឆេះ​អគារ​ស្នាក់​នៅ​នោះ​នៅ​ឡើយ​ទេ។

នាយករដ្ឋមន្រ្តី​លោក​ហ្វាម មិញជិញ​បាន​បញ្ជា​ឲ្យ​បើក​ការ​ស៊ើបអង្កេត។ ដើម្បី​តាម​សាក្សី​ខ្លះ​ដែល​បាន​ឃើញ​ឧប្បត្តិហេតុ​ផ្ទាល់​ភ្នែក អណ្តាតភ្លើង​មាន​ប្រភព​ចេញ​ពី​ជាន់​ចំណត​រថយន្ត​មុន​នឹង​បន្ត​ឆាបឆេះ​ឆ្លង​ដល់​ជាន់​ផ្សេងៗ​ទៀត។ ចំណែក​សាក្សី​ម្នាក់​ឈ្មោះ​ហឿង​បាន​រៀបរាប់​ពី​ការ​ឃើញ​ក្មេង​ប្រុស​ម្នាក់​លោត​ចេញ​តាម​បង្អូច​ដើម្បី​គេច​ពី​អណ្តាតភ្លើង​ដោយ​មិន​ថា​តើ​ក្មេង​នោះ​មាន​ស្ថានភាព​យ៉ាង​ម៉េច​ទេ។ គ្រោះអគ្គីភ័យ​នេះ​ជា​គ្រោះអគ្គីភ័យ​មួយ​ដ៏​សាហាវ​ដែល​បាន​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​នៅ​វៀតណាម​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ កាល​ពី​មួយ​ឆ្នាំ​មុន ភ្លើង​ឆាបឆេះ​នៅ​ក្នុង​ការ៉ាអូខេ​មួយ​ក្បែរ​ក្រុង​ហូជីមិញ​បាន​សម្លាប់​មនុស្ស​ចំនួន ៣២នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ