អានតួអត្ថបទ

ជប៉ុន៖នាយករដ្ឋមន្រ្តីរុះរើសមាសភាពក្នុងរដ្ឋាភិបាល ពិសេសប្តូររដ្ឋមន្រ្តីការបរទេស និងការពារជាតិ

នៅ​ក្នុង​ប្រទេស​ជប៉ុន នាយករដ្ឋមន្រ្តី​លោក​ហ្វូមីអូ គីស៊ីដា​បាន​ធ្វើ​ការ​រុះរើ​សមាសភាព​ក្នុង​រដ្ឋាភិបាល​នា​ថ្ងៃ​ពុធ ទី១៣ កញ្ញា។ នៅ​ក្នុង​ការ​រុះរើ​នេះ មាន​រដ្ឋមន្រ្តី​ចំនួន ១៣រូប​ត្រូវ​បាន​ប្តូរ​ចេញ​ក្នុង​នោះ​ក៏​មាន​ក្រសួង​ការបរទេស និង​ក្រសួង​ការពារជាតិ​ដែរ។ កំណត់​សម្គាល់​មួយ​ទៀត​នៅ​ក្នុង​សមាសភាព​រដ្ឋាភិបាល​ថ្មី គឺ​មាន​ស្រ្តី​ចំនួន ៥រូប។ ការ​ដោះដូរ​រដ្ឋមន្រ្តី​ពេល​នេះ​បាន​ធ្វើ​ឡើង​ចំ​ពេល​ដែល​កម្រិត​ប្រជាប្រិយភាព​របស់​លោក​ហ្វូមីអូ គីស៊ីដា​បាន​ធ្លាក់​ចុះ​ខ្លាំង​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

រដ្ឋមន្រ្តីថ្មីនៃក្រសួងការបទេសជប៉ុនលោកស្រីយ៉ូកូ កាមីកាវ៉ា និង​រដ្ឋមន្រ្តីថ្មី​នៃ​ក្រសួង​ការពារជាតិ​ជប៉ុនលោកមីណូរូ គីហារ៉ា។
រដ្ឋមន្រ្តីថ្មីនៃក្រសួងការបទេសជប៉ុនលោកស្រីយ៉ូកូ កាមីកាវ៉ា និង​រដ្ឋមន្រ្តីថ្មី​នៃ​ក្រសួង​ការពារជាតិ​ជប៉ុនលោកមីណូរូ គីហារ៉ា។ © Eugene Hoshiko, AP - Montage RFI
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ការ​រុះរើ​សមាសភាព​រដ្ឋាភិបាល​ពេល​នេះ លោក​ហ្វូមីអូ គីស៊ីដា​បាន​ប្តូរ​រដ្ឋមន្រ្តី​ចំនួន ១៣រូប​ក្នុង​ចំណោម​រដ្ឋមន្រ្តី​សរុប​ទាំង ១៩រូប។ ក្នុង​ចំណោម​រដ្ឋមន្រ្តី​ថ្មី​ទាំង ១៣រូប​ក៏​មាន​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​ក្រសួង​ការពារជាតិ​ផង​ដែរ។ រដ្ឋមន្រ្តី​ថ្មី​ក្រសួង​ការបទេស​ជា​ស្រ្តី​ឈ្មោះ​យ៉ូកូ កាមីកាវ៉ា​មាន​អាយុ ៧០ឆ្នាំ។ នេះ​ជា​លើកទី១ គិត​តាំង​ពី ១៩ឆ្នាំ​ដែល​មាន​ស្រ្តី​ម្នាក់​ឡើង​កាន់​តំណែង​រដ្ឋមន្រ្តី​ការបរទេស​នៅ​ជប៉ុន។ លោកស្រី​យ៉ូកូ កាមីកាវ៉ា​គ្មាន​បទពិសោធន៍​ក្នុង​វិស័យ​ការបរទេស​ទេ តែ​លោកស្រី​ធ្លាប់​កាន់​តំណែង​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ច្រើន​ដង​នៅ​ចន្លោះ​ឆ្នាំ ២០១៤ និង​ឆ្នាំ ២០២១។

ចំណែក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​លោក​យ៉ាស៊ូកាហ្ស៊ូ ហាម៉ាដា​ត្រូវ​បាន​ជំនួស​ដោយ​លោក​មីណូរូ គីហារ៉ា។ មាន​អាយុ ៥៤ឆ្នាំ លោក​មីណូរូ គីហារ៉ា​ធ្លាប់​កាន់​តំណែង​ជា​លេខាសភា​ទទួល​បន្ទុក​កិច្ចការ​ការពារជាតិ​ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៤ និង​ធ្លាប់​ធ្វើ​ជា​ទីប្រឹក្សាពិសេស​នាយករដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​ពី​ឆ្នាំ ២០១៩​ដល់​ឆ្នាំ ២០២១។ មាន​កំណត់​សម្គាល់​ចំនួន​ពីរ​នៅ​ក្នុង​សមាសភាព​ថ្មី​ក្នុង​រដ្ឋាភិបាល​លោក​ហ្វូមីអូ គីស៊ីដា ទី១ ចំនួន​ស្រ្តី​មាន​សរុប ៥រូប និង​ទី២ ក្នុង​ចំណោម​សមាជិក​រដ្ឋាភិបាល​ថ្មី​ទាំង ១៣រូប មាន​រហូត​ដល់ ១១រូប​ទើប​ចូល​កាន់​តំណែង​រដ្ឋមន្រ្តី​ជា​លើកទី១។

ក្រសួង​ដែល​មិន​ត្រូវ​បាន​ប្តូរ​រដ្ឋមន្រ្តី​មាន​ក្រសួង​ហិរញ្ញវត្ថុ ក្រសួង​សេដ្ឋកិច្ច ក្រសួង​ពាណិជ្ជកម្ម ឬ​មួយ​ក៏​ក្រសួង​ឧស្សាហកម្ម។ ការ​ដែល​លោក​ហ្វូមីអូ គីស៊ីដា​បាន​រុះរើ​សមាសភាព​ក្នុង​រដ្ឋាភិបាល​ពេល​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ជប៉ុន​កំពុង​ប្រឈម​នឹង​កំណើន​ភាពតានតឹង​ជាមួយ​ចិន និង​កូរ៉េខាងជើង និង​ចំ​ពេល​ដែល​ជប៉ុន​គ្រោង​ដំឡើង​ថវិកា​ការពារ​យ៉ាង​ច្រើន​សម្រាប់​រយៈពេល​ពី​ឆ្នាំ ២០២៣​ដល់​ឆ្នាំ ២០២៧។ ជា​ការ​កត់សម្គាត់​មួយ​ទៀត ការ​ដោះដូរ​សមាសភាព​ក្នុង​រដ្ឋាភិបាល​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​កម្រិត​ប្រជាប្រិយភាព​របស់​លោក​ហ្វូមីអូ គីស៊ីដា​បាន​ធ្លាក់​ចុះ​ខ្លាំង​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

អ៊ីចឹង​ហើយ​បាន​ជា​អ្នកជំនាញ​លោក Brad Glosserman មើល​ឃើញ​ថា អ្វី​ដែល​លោក​ហ្វូមីអូ គីស៊ីដា​បាន​ធ្វើ​ពេល​នេះ​មាន​គោលដៅ​ស្រោចស្រង់​ប្រជាប្រិយភាព​របស់​ខ្លួន​ដើម្បី​អាច​ជាប់​ឆ្នោត​អាណត្តិ​ថ្មី​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យសេរី​នា​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ ២០២៤ ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ