អានតួអត្ថបទ

ចិន និងរុស្ស៊ីពង្រឹងសម្ព័ន្ធមិត្តដោយត្រៀមធ្វើសមយុទ្ធរវាងកងទ័ពទាំងពីរនៅក្នុងសមុទ្រជប៉ុន

នៅ​ក្នុង​ប្រទេស​ចិន រដ្ឋមន្រ្តី​ការពារជាតិ​លោក​លី ស្ហាំងហ្វូ​បាន​ប្រកាស​នា​ថ្ងៃ​អាទិត្យ ទី១៦ កក្កដា​ថា ចិន និង​រុស្ស៊ី​នឹង​រៀបចំ​ធ្វើ​សមយុទ្ធ​រួម​គ្នា​នៅ​ក្នុង​សមុទ្រ​ជប៉ុន។ គម្រោង​រៀបចំ​សមយុទ្ធ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​នៃ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន និង​ក្នុង​ពេល​ដែល​រុស្ស៊ី​កំពុង​មាន​ភាព​តានតឹង​ជាមួយ​បណ្តា​ប្រទេស​លោក​ខាង​លិច ពិសេស​ជាមួយ​អាមេរិក​ដោយសារ​តែ​សង្រ្គាម​អ៊ុយក្រែន។ សូម​រម្លឹក​ថា រុស្ស៊ី និង​ចិន​ធ្លាប់​បាន​ធ្វើ​សមយុទ្ធ​រួម​គ្នា​ច្រើន​ដង​រវាង​កងទ័ព​ទាំង​ពីរ​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

ចិន និងរុស្ស៊ីពង្រឹងសម្ព័ន្ធមិត្តដោយត្រៀមធ្វើសមយុទ្ធរវាងកងទ័ពទាំងពីរនៅក្នុងសមុទ្រជប៉ុន
ចិន និងរុស្ស៊ីពង្រឹងសម្ព័ន្ធមិត្តដោយត្រៀមធ្វើសមយុទ្ធរវាងកងទ័ពទាំងពីរនៅក្នុងសមុទ្រជប៉ុន AP - Sergei Grits
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​រុស្ស៊ី​ចូល​ឈ្លាន​អ៊ុយក្រែន​មក ប្រទេស​ជិតខាង​ទាំង​ពីរ​ចិន រុស្ស៊ី​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លិច​បាន​រំកិល​ជិត​គ្នា​កាន់​តែ​ខ្លាំង​ជាង​ពេល​ណាៗ​ទាំង​អស់។ ក្រុង​ប៉េកាំង និង​ក្រុង​មូស្គូ​បាន​ចែក​រំលែក​នូវ​ឆន្ទៈ​រួម​ក្នុង​ការ​ត ទល់​នឹង​បស្ចិមលោក និយាយ​ជា​រួម និង​អាមេរិក និយាយ​ដោយឡែក។ ដើម្បី​ជា​ភស្តុតាង​បង្ហាញ​ពី​ការ​ពង្រឹង​សម្ព័ន្ធមិត្ត​រវាង​គ្នា​ឲ្យ​រឹត​តែ​ស្និទ្ធស្នាល ចិន និង​រុស្ស៊ី​បាន​រៀបចំ​សមយុទ្ធ​ច្រើន​ដង​រវាង​កងទ័ព​ទាំង​ពីរ​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ សមយុទ្ធ​នា​ពេល​ខាង​មុខ​នឹង​រៀបចំ​ធ្វើ​នៅ​ក្នុង​សមុទ្រ​ជប៉ុន​ដោយ​មាន​ការ​ចូលរួម​ពី​នាវាចម្បាំង​ចិន​ចំនួន ៥គ្រឿងនេះ​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារជាតិ​ចិន​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​អាទិត្យ ទី១៦ កក្កដា។

ក្រៅ​ពី​នាវាចម្បាំង សមយុទ្ធ​រវាង​កងទ័ព​ចិន និង​រុស្ស៊ី​នៅ​សមុទ្រ​ជប៉ុន​ក៏​នឹង​មាន​ការ​ចូលរួម​ពី​កងទ័ព​អាកាស​ដែរ។ តែ​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​ដដែល ក្រសួង​ការពារជាតិ​ចិន​មិន​បាន​បញ្ជាក់​ពី​កាលវិភាគ​នៃ​ប្រតិបត្តិការ​សមយុទ្ធ​នោះ​ទេ។ អ្វី​ដែល​ក្រសួង​ការពារជាតិ​ចិន​បាន​ប្រាប់ នាវាចម្បាំងចិន​បាន​ចាកចេញ​ពី​កំពង់ផែ Quingdao ទៅ​រួម​ជាមួយ​នាវាចម្បាំង​រុស្ស៊ី​នៅ​ក្នុង​តំបន់​ដែល​បាន​កំណត់​ទុក​មុន​នៅ​សមុទ្រ​ជប៉ុន។ ចំណែក​កម្មវត្ថុ​នៃ​សមយុទ្ធ​ត្រូវ​បាន​ក្រសួង​ការពារជាតិ​ចិន​អះអាង​ថា ដើម្បី​រក្សា​សន្តិសុខ​ផ្លូវសមុទ្រ​យុទ្ធសាស្រ្ត។ គួរ​បញ្ជាក់​ថា នៅ​ក្នុង​ខែ​មិថុនា​កន្លង​ទៅ រុស្ស៊ី និង​ចិន​បាន​ធ្វើ​ការ​ល្បាត​ដែនអាកាស​រួម​គ្នា​ពី​លើ​សមុទ្រ​ជប៉ុន និង​សមុទ្រ​ចិន​ខាង​កើត។

ការ​ល្បាត​កាលណោះ​បាន​ធ្វើ​ឲ្យ​កូរ៉េខាងត្បូង​ចាត់​វិធានការ​បង្ការ​ដោយ​បាន​ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង​របស់​ខ្លួន។ ជា​សរុប ចិន និង​រុស្ស៊ី​បាន​ធ្វើ​ការ​ល្បាត​របៀប​នេះ​ចំនួន ៦ដង​មក​ហើយ​នៅ​ក្នុង​តំបន់​គិត​តាំង​ពី​ឆ្នាំ ២០១៩។ នៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ​មន្រ្តីយោធាជាន់ខ្ពស់​រុស្ស៊ី​ក្នុង​ក្រុង​ប៉េកាំង​នា​ដើម​ខែ​កក្កដា រដ្ឋមន្រ្តី​ការពារជាតិចិន​លោក​លី ស្ហាំងហ្វូ​បាន​យល់​ឃើញ​ថា ចិន និង​រុស្ស៊ី​អាច​រួម​ចំណែក​ជា​វិជ្ជមាន​ក្នុង​ការ​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​ពិភពលោក និង​នៅ​ក្នុង​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ