អានតួអត្ថបទ

ជប៉ុន៖ឃាតកម្មសម្លាប់លោកអាបេកាលពី ១ឆ្នាំមុនបានរំលេចពីទំនាក់ទំនងជិតស្និទរវាងគណបក្សកាន់អំណាច និងនិកាយមូន

ថ្ងៃទី៨ កក្កដា​នេះ​ជា​ខួប​គម្រប់ ១ឆ្នាំ​នៃ​ឃាតកម្ម​សម្លាប់​អតីត​នាយករដ្ឋមន្រ្តី​ជប៉ុន​លោក​ស្ហ៊ីនហ្សូ អាបេ​កាល​ពី​ថ្ងៃទី៨ កក្កដា ឆ្នាំ ២០២២។ លោក​អាបេ​ត្រូវ​បាន​ជនដៃ​ដល់​បាញ់​សម្លាប់​នៅ​ពេល​ដែល​លោក​កំពុង​ឈរ​ថ្លែង​សុន្ទរកថា​នា​ពេល​ឃោសនា​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា។ ឃាតករ​ដែល​មាន​ឈ្មោះ​តេស៊ូយ៉ា យ៉ាម៉ាហ្កាមី (Tetsuya Yamagami) បាន​ឆ្លើយ​សារភាព​ថា រូប​គេ​សម្លាប់​លោក​អាបេ​ដើម្បី​ចង់​សឹងសឹក​ទល់​នឹង​អង្គការ​និកាយមូន​ដែល​បាន​បំផ្លាញ​គ្រួសារ​របស់​រូប​គេ។ យោង​តាម​ការ​ស៊ើបអង្កេត គណបក្ស​ប្រជាធិបតេយ្យ​សេរី​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​និកាយមូន​ដែល​ជា​អង្គការ​សាសនា​ដ៏​មាន​ឥទ្ធិពល។ គួរ​បញ្ជាក់​ថា គណបក្ស​ប្រជាធិបតេយ្យ​សេរី​ជា​គណបក្ស​របស់​លោក​អាបេ និង​ក៏​ជា​គណបក្ស​របស់​នាយករដ្ឋមន្រ្តី​បច្ចុប្បន្ន​លោក​ហ្វូមីអូ គីស៊ីដា។ អ្នកជំនាញ​លោក​អារណូ គ្រីវ៉ូ​បាន​យល់​ឃើញ​ថា ការ​រក​ឃើញ​ពី​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​និកាយមូន និង​គណបក្ស​ប្រជាធិបតេយ្យ​សេរី​បាន​ធ្វើ​ឲ្យ​ខូច​មុខ​មាត់​នៃ​ក្រុម​អ្នក​កាន់​អំណាច តែ​មិន​រហូត​ដល់​បង្ក​គ្រោះថ្នាក់​ឡើយ។

ថ្ងៃទី៨ កក្កដានេះជាខួបគម្រប់ ១ឆ្នាំនៃឃាតកម្មសម្លាប់អតីតនាយករដ្ឋមន្រ្តីជប៉ុនលោកស្ហ៊ីនហ្សូ អាបេកាលពីថ្ងៃទី៨ កក្កដា ឆ្នាំ ២០២២។
ថ្ងៃទី៨ កក្កដានេះជាខួបគម្រប់ ១ឆ្នាំនៃឃាតកម្មសម្លាប់អតីតនាយករដ្ឋមន្រ្តីជប៉ុនលោកស្ហ៊ីនហ្សូ អាបេកាលពីថ្ងៃទី៨ កក្កដា ឆ្នាំ ២០២២។ AP - Shuji Kajiyama
ផ្សាយពាណិជ្ជកម្ម

« សម្រាប់​គណបក្សប្រជាធិបតេយ្យសេរី វា​ពិត​ជា​រឿង​បន្ទាន់​ណាស់​ក្នុង​ការ​ព្យាយាម​បង្ហាញ​ឲ្យ​ឃើញ​ថា គណបក្ស​បាន​កាត់​ផ្តាច់​គ្រប់​ទំនាក់ទំនង​ទាំង​អស់​ជា​មួយ​អង្គការ​និកាយមូន។ ចំណោត​នៅ​ត្រង់​ថា នៅ​ក្នុង​ការ​ស៊ើបអង្កេត​ផ្ទៃក្នុង​មួយ​ដែល​គណបក្សប្រជាធិបតេយ្យសេរី​បាន​បើក​ធ្វើ​បង្ហាញ​ថា មាន​សមាជិកសភា​ចំនួន​ពាក់កណ្តាល​របស់​គណបក្ស​មាន​ចំណង​ទាក់ទង​ជាមួយ​អង្គការ​និកាយមូន។

នៅ​ក្នុង​ន័យ​នេះ គណបក្សប្រជាធិបតេយ្យសេរី​បាន​ស្នើ​ឲ្យ​សមាជិក​សភា​ទាំង​នោះ​ផ្តាច់​ការ​ទាក់ទង​ជាមួយ​អង្គការ​និកាយមូន។ តែ​គឺ​សមាជិកសភា​ខ្លួន​ឯង​ដែល​មាន​ទំនួលខុសត្រូវ​ក្នុង​ការ​កាត់​ចំណង​ទាក់ទង​ជាមួយ​អង្គការ​និកាយមូន។ សម្រាប់​គណបក្សប្រឆាំង ការ​ទុក​រឿង​នេះ​ឲ្យ​សមាជិក​សភា​ជា​អ្នក​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ។ ចំណែក​មតិសាធារណៈ​បាន​ទាមទារ​ឲ្យ​ធ្វើ​អ្វី​មួយ ពិសេស​ឲ្យ​រដ្ឋាភិបាល​ចុះ​ជួយ​ជនរងគ្រោះ​ពី​ការ​អូសទាញ​របស់​អង្គការ​និកាយ​មូន។

ពិត​ណាស់​សម្រាប់​នាយករដ្ឋមន្រ្តី​បច្ចុប្បន្ន​លោក​ហ្វូមីអូ គីស៊ីដា រឿងរ៉ាវ​មួយ​នេះ​អាច​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់​គាត់។ បើ​គិត​ពី​សំឡេង​ឆ្នោត ខ្ញុំ​មិន​គិត​ថា គណបក្សប្រជាធិបតេយ្យសេរី​នឹង​ទទួល​ផលវិបាក​ខ្លាំង​ពី​ព្រឹត្តិការណ៍​មួយ​នេះ។ តែ​លោក​គីស៊ីដា​នៅ​តែ​ដើរ​តួនាទី​យ៉ាង​សំខាន់ យ៉ាង​ហោច​ណាស់​នៅ​ផ្ទៃក្នុង​គណបក្សប្រជាធិបតេយ្យសេរី »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ