អានតួអត្ថបទ

អាមេរិក និងជប៉ុនពង្រឹងសម្ព័ន្ធយោធាដើម្បីទប់នឹងការគំរាមកំហែងរបស់ចិន កូរ៉េខាងជើង និងរុស្ស៊ី

រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​លោក​ឡយដ៍ អូស្ទីន​បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ជប៉ុន​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១ មិថុនា​នេះ។ គឺ​ជា​ទស្សនកិច្ច​រយៈពេល​ខ្លី មុន​នឹង​លោក​ឡយដ៍ អូស្ទីន​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​សិង្ហបុរី​ដើម្បី​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំកំពូល​ស្តីពី​សន្តិសុខ​នា​ថ្ងៃ​ខាង​មុខ។ លោក​ឡយដ៍ អូស្ទីន​បាន​ថ្លែង​ក្នុង​ទីក្រុង​តូក្យូ​ថា អាមេរិក និង​ជប៉ុន​កំពុង​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ធ្វើ​ទំនើបកម្ម​លើ​សម្ព័ន្ធភាព​យោធា​រវាង​គ្នា។ ដោយឡែក លោក​ឡយដ៍ អូស្ទីន​សម្តែង​ការ​សោកស្តាយ​ដែល​រដ្ឋមន្រ្តី​ការពារជាតិ​ចិន​បាន​បដិសេធ​មិន​ជួប​លោក​នា​ឱកាស​កិច្ចប្រជុំកំពូល​ស្តីពី​សន្តិសុខ​នៅ​សិង្ហបុរី។

រដ្ឋមន្រ្តីការពារជាតិអាមេរិកលោកឡយដ៍ អូស្ទីន (រូបឆ្វេង) និងសមភាគីជប៉ុនលោកយ៉ាស៊ូកាហ្ស៊ូ ហាម៉ាដានៅក្នុងទីក្រុងតូក្ ថ្ងៃទី១ មិថុនា ២០២៣។
រដ្ឋមន្រ្តីការពារជាតិអាមេរិកលោកឡយដ៍ អូស្ទីន (រូបឆ្វេង) និងសមភាគីជប៉ុនលោកយ៉ាស៊ូកាហ្ស៊ូ ហាម៉ាដានៅក្នុងទីក្រុងតូក្ ថ្ងៃទី១ មិថុនា ២០២៣។ via REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

វត្តមាន​រយៈពេល​ខ្លី​នៅ​ក្នុង​ទឹកដី​ជប៉ុន រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​លោក​ឡយដ៍ អូស្ទីន​បាន​ជួប​សន្ទនា​ជាមួយ​សមភាគី​ជប៉ុន​លោក​យ៉ាស៊ូកាហ្ស៊ូ ហាម៉ាដា​នៅ​ក្នុង​ទីក្រុង​តូក្យូ។ លោក​អូស្ទីន​បាន​រម្លឹក​នៅ​ក្នុង​កិច្ចសន្ទនា​នោះ​ថា អាមេរិក និង​ជប៉ុន​បាន​ប្រឈម​នឹង​បញ្ហា​ប្រឈម​រួម​ទាក់ទង​នឹង​អាកប្បកិរិយាបង្ខិតបង្ខំ​របស់​ចិន ការ​បង្ក​ហេតុ​ដ៏​គ្រោះថ្នាក់របស់​កូរ៉េខាងជើង និង​សង្រ្គាម​ដ៏​ឃោរឃៅ​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។ ប្រមុខ​ការពារជាតិ​អាមេរិក​រូប​នេះ​ដដែល​បាន​បន្ថែម​ថា អាមេរិក និង​ជប៉ុន​បាន​រួបរួម​គ្នា​ដោយ​ផលប្រយោជន៍ និង​តម្លៃរួម។ នៅ​ក្នុង​ន័យ​នេះ លោក​អូស្ទីន​បាន​លើក​ឡើង​ពី​វិធានការ​សំខាន់​ដើម្បី​ពង្រឹង និង​ធ្វើ​ទំនើបកម្ម​លើ​សម្ព័ន្ធយោធា​រវាង​អាមេរិក និង​ជប៉ុន។

បន្ទាប់​មក លោក​អូស្ទីន​មិន​ភ្លេច​សរសើរ​ពី​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​ជប៉ុន​ក្នុង​ការ​បំពាក់​នូវ​សមត្ថភាព​វាយប្រហារ​តប ត និង​ធ្វើ​ឲ្យ​ប្រសើរ​លើ​ការ​ដោះដូរ​ព័ត៌មាន​ជាមួយ​អាមេរិក។ ក្រៅ​ពី​ជប៉ុន ប្រមុខ​ការពារជាតិ​អាមេរិក​ក៏​បាន​លើក​ឡើង​ពី​កិច្ចសហប្រតិបត្តិការ​ត្រីភាគី​ដែល​អាមេរិក​មាន​ជាមួយ​អូស្ត្រាលី និងកូរ៉េខាងត្បូង​ដែរ។ បន្ទាប់​ពី​ជប៉ុន លោក​អូស្ទីន​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​សិង្ហបុរី​ដើម្បី​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំកំពូល​ស្តីពី​សន្តិសុខ​នា​ថ្ងៃ​ខាង​មុខ​ក្នុង​សប្តាហ៍​នេះ។ នា​ឱកាស​នោះ ភាគី​អាមេរិក​បាន​ស្នើ​ឲ្យ​មាន​ជំនួប​រវាង​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក និង​ចិន។ តែ​ចិន​បាន​បដិសេធ​លើ​សំណើ​របស់​អាមេរិក។

« ខ្ញុំ​គិត​ថា​វា​ជា​រឿង​សោកស្តាយ » នេះ​ជា​ការ​ថ្លែង​របស់​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​លោក​អូស្តីន​នៅ​មុខ​ក្រុម​អ្នកកាសែត​ក្នុង​ទីក្រុង​តូក្យូ។ « អស់​លោក​ធ្លាប់​បាន​ឮ​ខ្ញុំ​និយាយ​ច្រើន​ដង​ពី​សារៈសំខាន់​សម្រាប់ប្រទេស​ដែល​មាន​សមត្ថភាព​ខ្លាំង​ដើម្បី​អាច​និយាយ​គ្នា​បាន​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ដោយ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ស្ថានការណ៍​រីករាលដាល និង​ធ្ងន់ធ្ងរ​មិន​អាច​គ្រប់គ្រង​បាន »នេះ​ជា​ការ​បន្ថែម​របស់​លោក​អូស្ទីន។ យ៉ាង​ណា​ក៏​ដោយ លោក​អូស្ទីន​មិន​ភ្លេច​បញ្ជាក់​ពី​ការ​ស្វាគមន៍​ចំពោះ​គ្រប់​ឱកាស​ដើម្បី​មាន​កិច្ចសន្ទនា​ជាមួយ​ថ្នាក់ដឹកនាំ​ចិន និង​យល់​ថា ក្រសួង​ការពារជាតិ​អាមេរិក និង​ចិន​គួរ​តែ​និយាយ​គ្នា​ឲ្យ​បាន​ទៀងទាត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ