អានតួអត្ថបទ
ឥណ្ឌា

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​សម្ពោធ​មន្ទីរ​រដ្ឋសភា​ថ្មី​ដោយ​គ្មាន​បក្ស​ប្រឆាំង

ពិធី​សម្ពោធដាក់​ឱ្យ​ប្រើប្រាស់ អគារ​រដ្ឋសភា​ឥណ្ឌា​ថ្មី ​នៅថ្ងៃ​ទី ២៨ ឧសភា ២០២៣ ប្រព្រឹត្ត​ទៅ​តាម​បែប​សាសនា​និង​បុគ្គល​ខ្លាំង​ណាស់។ ដោយហេតុ​នេះ​ហើយ​បាន​ជា​សមាជិកគណបក្សនយោបាយ​នៅក្នុង​​សភា​ ​ជិត​ពាក់​កណ្តាល បាន​នាំគ្នា​ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​កម្មវិធី​សម្ពោធ​សភា​ថ្មី​នេះ​ទេ។

នាយករដ្ឋមន្ត្រី​ឥណ្ឌា កាន់​ដំបង​ជ័យ សម្ពោធ​រដ្ឋសភា​ថ្មី ថ្ងៃទី ២៨ ឧសភា ២០២៣
នាយករដ្ឋមន្ត្រី​ឥណ្ឌា កាន់​ដំបង​ជ័យ សម្ពោធ​រដ្ឋសភា​ថ្មី ថ្ងៃទី ២៨ ឧសភា ២០២៣ © Bureau d'information de la presse indienne, via Reuters
ផ្សាយពាណិជ្ជកម្ម

មាន​រាង​៦ជ្រុង ឬ​ដូច​ចេតីយ៍​ បើ​តាម​ពាក្យ​បង្អាប់​របស់​បក្ស​ប្រឆាំង អគារ​រដ្ឋ​សភា​ថ្មី ដែល​នឹង​មក​ជំនួស​រដ្ឋសភា​ចាស់ សល់​ពីសម័យ​អាណានិគមនិយម​អង់គ្លេស ចំណាស់​ជាង​មួយ​សតវត្សរ៍​ ជា​ផ្នែក​មួយ​នៃ​គម្រោងដ៏​មហិមាររបស់​រដ្ឋាភិបាល​​លោក​ម៉ូឌី​ដែល​ចង់​​ស្តា​រ​​ទិដ្ឋភាព​​រដ្ឋ​ធានី​និង​លុប​បំបាត់​ស្នាម​អាណានិគម។ រដ្ឋសភាថ្មី​មិនមែន​ត្រឹម​តែ​ជា​សំណង់អគារ​ទេ តែ​ជា​វិហារ​ប្រជាធិបតេយ្យ​ដែល​ឥណ្ឌា​ចង់​ផ្សព្វផ្សាយការពារ​ជូន​ពិភពលោក ក្នុង​នាម​ជា​មាតា​ប្រជាធិបតេយ្យ។ នេះ​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ ណារិនដ្រា មូឌី។

អាច​ទទួល​​សមាជិក​សភា​និង​ព្រឹទ្ធសភា​បានដល់​​ទៅ​​ជាង​១២០០នាក់ ពោល​គឺ​ធំ​ជាង​រដ្ឋសភា​មុន​ពាក់​កណ្តាល រដ្ឋសភា​ថ្មីទំនង​ជាកំពុង​​ឆ្លើយ​តបទៅ​នឹង​ទស្សនៈ​វិស័យ​របស់​អាជ្ញាធរ​ដែល​ចង់​​ដំឡើង​ចំនួន​អាសនៈ​សភា ​ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​កំណើន​ចំនួនប្រជាជន​។

ប៉ុន្តែ​ តំណាង​រាស្ត្រ​នៃ​១៩​​​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​សភា បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុងកម្មវិធី​បើក​សម្ពោធ​អគារ​រដ្ឋសភា​ថ្មី​នេះទេ ព្រោះ​ពិធី​បុណ្យ​មាន​លក្ខណៈ​សាសនា​ និង​បែប​លើក​តម្កើង​បុគ្គល​នាយករដ្ឋមន្ត្រី​ ណារិដ្រាម៉ូឌី ពេក។ បើ​តាម​ការ​បរិហារ​របស់​បក្ស​ប្រឆាំង ប្រមុខ​រដ្ឋ​ដែល​ជា​តំណាង​អំណាច​អព្យាក្រិត្យ​របស់​ប្រទេស​ ​អវត្តមាន មិន​បាន​ទទួល​ការ​អញ្ជើញ​មក​ធ្វើ​អធិបតី​​ក្នុង​ពិធី​សម្ពោធ​រដ្ឋសភា​ទេ តែ​បែរ​ជា​ដឹកនាំ​សម្ពោធ​ដោយ​លោក​ម៉ូឌីដែល​ជា​ប្រធាន​គណបក្ស​កាន់​អំណាច​ទៅ​វិញ។

​កម្មវិធីសម្ពោធ ​បាន​ចាប់​ផ្តើម​តាម​គន្លង​សាសនា​ឥណ្ឌូសុទ្ធសាធ បន្ទាប់​មក​ទើប​មាន​ប្រមុខ​សាសនា​ផ្សេងៗ​ទៀត សូត្រ​ប្រសិទ្ធិពរ​​តាម​ក្រោយ។ ប្រមុខ​សាសនា​ឥណ្ឌូ បាន​ប្រគល់​ដំបង​ជ័យ ដែល​ជា​និម្មិត្តរូប​នៃ​ការ​ផ្ទេរ​អំណាច​ពី​ព្រះ​មក​ឱ្យ​​ក្សត្រ​គ្រប់គ្រង​ប្រទេស​ ទៅឱ្យ​​លោក​នាយករដ្ឋមន្ត្រី​ម៉ូឌី។ សម្រាប់​បក្ស​ប្រឆាំង​ កាយវិការ​នេះ ជា​សារថ្មី​​មួយ​​បន្ថែម​ទៀត​ដែល​បញ្ជាក់ថា​រដ្ឋាភិបាល​កំពុងកែប្រែ​ទម្រង់​នយោបាយ​ដឹកនាំ​ប្រទេសបែប​​ប្រជាធិបតេយ្យ​ទៅ​ជា​របប​រាជា​និយមម៉ូឌី។ ពេល​នេះ​ ដំបង​ជ័យ​ត្រូវ​បាន​យក​ទៅ​បញ្ឈរ​នៅក្បែរ​អាសនៈ​របស់​ប្រធានសភា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ