អានតួអត្ថបទ

រុស្ស៊ី៖ការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ីទៅឲ្យចិននឹងកើនចំនួន ៤០% ក្នុងឆ្នាំ ២០២៣ ធៀបនឹងឆ្នាំ ២០២២

នៅ​ថ្ងៃ​អង្គារ ទី២៣ ឧសភា ឧបនាយករដ្ឋមន្រ្តី​រុស្ស៊ី​លោក​មីខាអ៊ីល មីឈូស្ទីន​បាន​ចូលរួម​នៅ​ក្នុង​វេទិកាសេដ្ឋកិច្ច​ចិន រុស្ស៊ី​រៀបចំ​ក្នុង​ក្រុង​សៀងហៃ ប្រទេស​ចិន​។ ក្រៅ​ពី​វត្តមាន​របស់​លោក​មីខាអ៊ីល វេទិកាសេដ្ឋកិច្ច​មួយ​នេះ​ក៏​មាន​ការ​ចូលរួម​ពី​ក្រុមអ្នកជំនួញ​រុស្ស៊ី​គ្រាក់ៗ​ដែល​បាន​ជាប់​ទណ្ឌកម្ម​បស្ចិមលោក រួម​ទាំង​ឧបនាយករដ្ឋមន្រ្តី​រុស្ស៊ី​ម្នាក់​ទៀត​ទទួល​បន្ទុក​ផ្នែក​ថាមពល​លោក​អាឡិចសង់ ណូវ៉ាក់។ តាម​លោក​អាឡិចសង់ ណូវ៉ាក់ ការ​ផ្គត់ផ្គង់​ថាមពល​របស់​រុស្ស៊ី​ទៅ​ឲ្យ​ចិន​នឹង​កើន​ចំនួន ៤០% ក្នុង​ឆ្នាំ ២០២៣ ធៀប​នឹង​ឆ្នាំ ២០២២។

នៅ​ថ្ងៃ​អង្គារ ទី២៣ ឧសភា ឧបនាយករដ្ឋមន្រ្តី​រុស្ស៊ី​លោក​មីខាអ៊ីល មីឈូស្ទីន​បាន​ចូលរួម​នៅ​ក្នុង​វេទិកាសេដ្ឋកិច្ច​ចិន រុស្ស៊ី​រៀបចំ​ក្នុង​ក្រុង​សៀងហៃ ប្រទេស​ចិន​។
នៅ​ថ្ងៃ​អង្គារ ទី២៣ ឧសភា ឧបនាយករដ្ឋមន្រ្តី​រុស្ស៊ី​លោក​មីខាអ៊ីល មីឈូស្ទីន​បាន​ចូលរួម​នៅ​ក្នុង​វេទិកាសេដ្ឋកិច្ច​ចិន រុស្ស៊ី​រៀបចំ​ក្នុង​ក្រុង​សៀងហៃ ប្រទេស​ចិន​។ AP - Dmitry Astakhov
ផ្សាយពាណិជ្ជកម្ម

លោក​អាឡិចសង់ ណូវ៉ាក់​បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ក្នុង​ជំនួប​ជាមួយ​ក្រុមសហគ្រិន​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង​សៀហៃ។ អ្វី​ដែល​លោក​អាឡិចសង់ ណូវ៉ាក់​បាន​លើក​ឡើង​អាច​ជា​រឿង​មិន​ភ្ញាក់ផ្អើល ព្រោះ​តាំង​ពី​ជាប់​ទណ្ឌកម្ម​បស្ចិមលោក​ក្នុង​រឿង​សង្រ្គាម​អ៊ុយក្រែន​មក រុស្ស៊ី​ហាក់​មិន​សូវ​មាន​ផ្លូវ​ច្រើន​ដើម្បី​នាំ​ចេញ​ប្រេង និង​ឧស្ម័ន​របស់​ខ្លួន​ទេ។ ក្នុង​នាម​ជា​សម្ព័ន្ធនមិត្ត​ចាក់​ទឹកមិន​លេច​របស់​រុស្ស៊ី ចិន​បាន​ក្លាយ​ជា​អតិថិជន​ទី១ ដែល​បាន​ទិញ​ថាមពល​រុស្ស៊ី​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ ២០២២។ ដៃគូ​យុទ្ធសាស្រ្ត​ក្នុង​វិស័យ​ថាមពល​នេះ​បាន​កើន​រឹត​តែ​ខ្លាំង​នា​រយៈពេល​ចុង​ក្រោយ។

តាម​ឧបនាយករដ្ឋមន្រ្តី​រុស្ស៊ី​ទទួល​បន្ទុក​ផ្នែក​ថាមពល​លោក​អាឡិចសង់ ណូវ៉ាក់ ការ​នាំ​ប្រេង និង​ឧស្ម័ន​រុស្ស៊ី​ទៅ​កាន់​ចិន​នឹង​កើន​ចំនួន ៤០% ក្នុង​ឆ្នាំ ២០២៣ ធៀប​នឹង​ឆ្នាំ ២០២២។ គួរ​រម្លឹក​ថា នៅ​ក្នុង​ជំនួបកំពូល​កាល​ពី​ខែ​មីនា​ក្នុង​ក្រុង​មូស្គូ ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីន និង​សមភាគី​រុស្ស៊ី​លោក​ពូទីន​បាន​អួតអាង​ពី​ទំនាក់ទំនង​ពិសេស​រួម​គ្នា​ប្រឈម​នឹង​បស្ចិមលោក។ នា​ឱកាស​នោះ មេដឹកនាំ​ទាំង​ពីរ​ចង់​សាងសង់​បំពង់បង្ហូរ​ឧស្ម័ន​ស៊ីបេរី​ទី២ ដែល​តភ្ជាប់​រវាង​តំបន់​ស៊ីបេរី និង​ខេត្ត​ស៊ីនជាំង​របស់​ចិន។ តាម​រយៈ​អនាគត​បំពង់បង្ហូរ​ឧស្ម័ន​មួយ​នេះ រុស្ស៊ី​អាច​បង្កើន​ការ​នាំ​ឧស្ម័ន​ទៅ​កាន់​ចិន។

តាម​ពិត រុស្ស៊ី​ធ្លាប់​បាន​បញ្ជូន​ទៅ​ឲ្យ​ចិន​នូវ​ប្រេង និង​ឧស្ម័ន​តាម​រយៈ​បំពង់បង្ហូរ​ឧស្ម័ន​ស៊ីបេរីទី១។ សម្រាប់​ចិន ថាមពល​ទាំង​នេះ​ជា​រឿង​ចាំ​បាច់​មិន​អាច​ខ្វះ​បាន​ដើម្បី​ចិញ្ចឹមបំប៉ន​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន។ ដោយឡែក ឧបនាយករដ្ឋមន្រ្តី​រុស្ស៊ី​ទទួល​បន្ទុក​ផ្នែក​ថាមពល​លោក​អាឡិចសង់ ណូវ៉ាក់​បាន​បន្ថែម​ថា រុស្ស៊ី​កំពុង​ចរចា​ជាមួយ​ដៃគូ​ដើម្បី​ទិញ​គ្រឿង​ផ្សំ​ឧបករណ៍​បច្ចេកវិទ្យា​ដែល​រុស្ស៊ី​កំពុង​ជួប​បញ្ហា។ គួរ​បញ្ជាក់​ថា តាំង​ពី​ជាប់​ទណ្ឌកម្ម​បស្ចិមលោក​ក្នុង​សង្រ្គាម​អ៊ុយក្រែន រុស្ស៊ី​បាន​ប្រឈម​នឹង​ការ​ខ្វះ​គ្រឿង​ផ្សំ​ឧបករណ៍​បច្ចេកវិទ្យា ដូច​យ៉ាង​សឺមីកុងឌុចទ័រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ