អានតួអត្ថបទ
អ.ស.ប.-អាហ្វហ្កានីស្ថាន

ប្រមុខអង្គការសហប្រជាជាតិបរិហារលើការរឹតត្បិតសិទ្ធិស្រ្តី និងក្មេងស្រីរបស់ពួកតាលីបង់នៅអាហ្វហ្កានីស្ថាន

នៅ​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា កិច្ចប្រជុំ​ស្តីពី​អាហ្វហ្កានីស្ថាន​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​រយៈពេល ២ថ្ងៃ​បាន​បិទបញ្ចប់​នា​ថ្ងៃ​អង្គារ ទី២ ឧសភា។ កិច្ចប្រជុំ​នេះ​បាន​ចូលរួម​ដោយ ២៥ប្រទេស និង​អង្គការ​អន្តរជាតិ តែ​គ្មាន​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ដឹកនាំ​ដោយ​ពួក​តាលីបង់​ទេ។ កម្មវត្ថុ​សំខាន់​នៃ​កិច្ចប្រជុំ​រយៈពេល ២ថ្ងៃ គឺ​ស្វែង​រក​ផ្លូវ​មួយ​ដើម្បី​អាច​ជជែក និង​ធ្វើ​ការ​ជាមួយ​ពួក​តាលីបង់​ដោយ​ប្រយោល។ គួរ​បញ្ចាក់​ថា តាំង​ពី​ពួក​តាលីបង់​បាន​ចូល​កាន់​អំណាច​នៅ​អាហ្វហ្កានីស្ថាន​ក្នុង​ថ្ងៃទី១៥ សីហា​មក គ្មាន​ប្រទេស​ណា​មួយ​បាន​ទទួល​ស្គាល់​របប​មួយ​នេះ​ទេ។ តែ​ដើម្បី​អាច​ជួយ​ប្រជាជន​អាហ្វហ្កានីស្ថាន​ក្នុង​ផ្លូវ​មនុស្សធម៌​បាន សហគមន៍​អន្តរជាតិ​បាន​ធ្វើ​ការ​ជាមួយ​បណ្តា​អង្គការ​ក្រៅរដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​ដែល​មាន​វត្តមាន​នៅ​អាហ្វហ្កានីស្ថាន។ ថ្លែង​នៅ​ក្នុង​ថ្ងៃ​កិច្ចប្រជុំ​ចុង​ក្រោយ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោកអង់តូនីញ៉ូ ហ្គូទែរស៍​បាន​ប្តេជ្ញា​ធ្វើ​ការ​ដើម្បី​ជួយ​ប្រជាជន​អាហ្វហ្កានីស្ថាន​គ្រប់​រូប។ តែ​លោក​មិន​ភ្លេច​បរិហារ​ពី​ការ​រឹតត្បិត​លើ​សិទ្ធិស្រ្តី និង​ក្មេងស្រី​អាហ្វហ្កានីស្ថាន​របស់​ពួក​តាលីបង់​ទេ។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោកអង់តូនីញ៉ូ ហ្គូទែរស៍​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា ថ្ងៃទី២ ឧសភា ២០២៣។
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោកអង់តូនីញ៉ូ ហ្គូទែរស៍​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា ថ្ងៃទី២ ឧសភា ២០២៣។ AP - Lujain Jo
ផ្សាយពាណិជ្ជកម្ម

« កិច្ចប្រជុំ​របស់​យើង​ផ្តោត​លើ​ការ​បង្កើត​ឲ្យ​មាន​គោលការណ៍​អន្តរជាតិ​រួម​មួយ​ដើម្បី​អាច​ជជែក និង​ធ្វើ​ការ​ជាមួយ​រដ្ឋអំណាច​តាលីបង់។ តែ​គោលការណ៍​អន្តរជាតិ​រួម​នេះ​មិនមែន​ជា​ការ​ទទួល​ស្គាល់​របប​តាលីបង់​ទេ។ អ្វី​ដែល​សំខាន់ គឺ​យើង​យល់​ពី​ក្តី​កង្វល់ និង​ពី​ដែនកំណត់​របស់​យើង​ម្នាក់ៗ។ តែ​យើង​ក៏​បាន​យល់​ស្រប​ថា វា​ជា​ផលប្រយោជន៍​របស់​ទាំង​អស់​គ្នា ពិសេស និង​មុន​គេ​គឺ​ប្រជាជន​អាហ្វហ្កានីស្ថាន​ដែល​យើង​ត្រូវ​ធ្វើ​ការ​ជាមួយ។

បុគ្គលិក​ភាគ​ច្រើន​របស់​យើង​ដែល​បាន​បម្រើការ​ឲ្យ​យើង​ក្នុង​ការ​ផ្តល់​ជំនួយ​ចាំ​បាច់​ដល់​ប្រជាជន​អាហ្វហ្កានីស្ថាន​ជា​ជនជាតិ​អាហ្វហ្កានីស្ថាន។ ក្នុង​ចំណោម​បុគ្គលិក​របស់​យើង​ជា​ជនជាតិ​អាហ្វហ្កានីស្ថាន​ទាំង​នេះ មាន​ភាគច្រើន​ជា​ស្រ្តីភេទ​ដែល​បម្រើការ​ក្នុង​ផ្លូវមនុស្សធម៌។ ដូច្នេះ ការ​ហាម​មិន​ឲ្យ​ស្រ្តីអាហ្វហ្កានីស្ថាន​ធ្វើ​ការ​ឲ្យ​អង្គការ​សហប្រជាជាតិ អង្គការ​ក្រៅរដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​ជា​រឿង​មិន​អាច​ទទួល​យក​បាន និង​ដាក់​ជីវិត​ពួក​គេ​ឲ្យ​ប្រឈម​នឹង​គ្រោះថ្នាក់។

សូម​បញ្ជាក់​ឱ្យ​បាន​ច្បាស់​នៅ​ទីនេះ​ថា យើង​នឹង​មិន​ឈរ​ឱបដៃ​មើល​ដោយ​ស្ងៀមស្ងាត់​ឡើយ​នូវ​ចំពោះ​មុខ​ការ​វាយប្រហារ​ប្រឆាំង​ជាប់​ជា​ប្រចាំ និង​មិន​ធ្លាប់​មាន​ពី​ពេល​មុន​ទៅ​លើ​សិទ្ធិស្ត្រី និង​ក្មេងស្រី »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ