អានតួអត្ថបទ
ជប៉ុន-កូរ៉េខាងត្បូង

តើទំនាក់ទំនងរវាងជប៉ុន និងកូរ៉េខាងត្បូងក្នុងជំនាន់លោកគីស៊ីដា និងលោកយូននឹងអាចមានភាពប្រសើរឡើងដែរ ឬទេ?

នាយករដ្ឋមន្រ្តី​ជប៉ុន​លោក​ហ្វូមីអូ គីស៊ីដា​កំពុង​បន្ត​ទស្សនកិច្ច​មួយ​ជុំ​ទ្វីប​អាហ្រ្វិក។ តែ​ក្នុង​ពេល​ដែល​លោក​គីស៊ីដា​កំពុង​ស្ថិត​នៅ​ទ្វីបអាហ្រ្វិក រដ្ឋាភិបាល​ជប៉ុន និង​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​អង្គារ ទី២ ឧសភា​នេះ​ថា លោក​គីស៊ីដា​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​រយៈពេល ២ថ្ងៃ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​អាទិត្យ ទី៧ ឧសភា​ចុង​សប្តាហ៍​នេះ។ គម្រោង​ទស្សនកិច្ច​របស់​លោក​គីស៊ីដា​នៅ​កូរ៉េខាងត្បូង​ធ្វើ​ឡើង​ចំ​ពេល​ដែល​ទំនាក់ទំនង​រវាង​ក្រុង​តូក្យូ និង​ក្រុង​សេអ៊ូល​កំពុង​ស្គាល់​ភាព​ចម្រូងចម្រាស​ខ្លាំង​ដោយ​រឿងរ៉ាវ​ប្រវត្តិសាស្រ្ត។

ប្រធានាធិបតីកូរ៉េខាងត្បូងលោកយូន ស៊ុកយោល (រូបឆ្វេង) និង​នាយករដ្ឋមន្រ្តីជប៉ុន​លោកហ្វូមីអូ គីស៊ីដាក្នុងទីក្រុងតូក្យូថ្ងៃទី១៦ មីនា ឆ្នាំ ២០២៣។
ប្រធានាធិបតីកូរ៉េខាងត្បូងលោកយូន ស៊ុកយោល (រូបឆ្វេង) និង​នាយករដ្ឋមន្រ្តីជប៉ុន​លោកហ្វូមីអូ គីស៊ីដាក្នុងទីក្រុងតូក្យូថ្ងៃទី១៦ មីនា ឆ្នាំ ២០២៣។ AP - Kiyoshi Ota
ផ្សាយពាណិជ្ជកម្ម

បើ​អ្វីៗ​នឹង​ប្រព្រឹត្តិ​ទៅ​ដូច​ដែល​បាន​គ្រោង​ទុក​មែន លោក​គីស៊ីដា​ជា​នាយករដ្ឋមន្រ្តី​ជប៉ុន​ទី១ ដែល​នឹង​ដាក់​ជើង​ជាន់​ដី​កូរ៉េខាងត្បូង​គិត​តាំង​ពី​ឆ្នាំ ២០១៨។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា គម្រោង​ទស្សនកិច្ច​នេះ​ជា​លទ្ធផល​បាន​មក​ពី​ជំនួប​រវាង​លោក​គីស៊ីដា និង​ប្រធានាធិបតី​លោក​យូន ស៊ុកយោល​ក្នុង​ទីក្រុង​តូក្យូ​កាល​ពី​ពាក់​កណ្តាល​ខែ​មីនា​កន្លង​ទៅ​ថ្មីៗ​នេះ។ នា​ឱកាស​ជំនួប​ពេល​នោះ លោក​គីស៊ីដា និង​លោក​យូន​បាន​សម្រេច​លើក​ចេញ​វិញ​នូវ​វិធានការ​រឹតបន្តឹង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។

តាម​ពិត ព័ត៌មាន​ស្តីពី​គម្រោង​ទស្សនកិច្ច​របស់​លោក​គីស៊ីដា​នៅ​កូរ៉េខាងត្បូង​ត្រូវ​បាន​លោក​គីស៊ីដា​ប្រកាស​ប្រាប់​ក្រុម​អ្នកកាសែត​ក្នុង​ថ្ងៃ​អង្គារ ទី២ ឧសភា​នា​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ហ្កាណា។ បន្តិច​ក្រោយ​មក រដ្ឋាភិបាល​ជប៉ុន និង​កូរ៉េខាងត្បូង​ក៏​បាន​បញ្ជាក់​ជា​ផ្លូវការ​លើ​ព័ត៌មាន​មួយ​នេះ។ លោក​គីស៊ីដា​បាន​ថ្លែង​ថា ទស្សនកិច្ច​របស់​លោក​នៅ​កូរ៉េខាងត្បូង​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ការ​ផ្លាស់ប្តូរ​ទស្សនៈ​ត្រង់​ទៅ ត្រង់​មក​ដើម្បី​ពន្លឿន​ទំនាក់ទំនង​រវាង​ជប៉ុន និង​កូរ៉េខាងត្បូង រួម​ទាំង​ការ​វិវត្តន៍​យ៉ាង​ឆាប់​រហ័ស​នូវ​ស្ថានការណ៍​អន្តរជាតិ។

អ្វី​ដែល​លោក​គីស៊ីដា​សង្ឃឹម​ពី​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​នា​ពេល​ខាង​មុខ គឺ​ការ​ផ្តល់​សន្ទុះ​ថ្មី​ដល់​នាវា​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។ គួរ​បញ្ជាក់​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទំនាក់ទំនង​រវាង​ជប៉ុន និង​កូរ៉េខាងត្បូង​ត្រូវ​បាន​បំពុល​ដោយ​រឿងរ៉ាវ​ប្រវត្តិសាស្រ្ត​សល់​ពី​សម័យ​អាណានិគម​ជប៉ុន​លើ​ឧបទ្វីប​កូរ៉េ​ចន្លោះ​ឆ្នាំ ១៩១០ ១៩៤៥ ពិសេស​ទាក់ទង​នឹង​ទាហាន​ជប៉ុន​បង្ខំ​ស្រ្តីកូរ៉េ​ឲ្យ​បម្រើ​ផ្លូវភេទ​ក្នុង​សម័យ​សង្រ្គាមលោក​លើកទី២ និង​ការ​បង្ខំ​ពលករ​កូរ៉េ​ឲ្យ​ធ្វើ​ការ​បម្រើ​ក្រុមហ៊ុន​ជប៉ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ