អានតួអត្ថបទ

កូរ៉េ​ខាង​ជើង៖ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង ធ្វើឱ្យកាន់តែមានគ្រោះថ្នាក់ធំ

នៅថ្ងៃ​សៅរ៍​ ទី​២៩មេសា​​ ថ្នាក់ដឹកនាំ​រដ្ឋបាលទីក្រុង​ព្យុងយ៉ាង បាន​វាយ​ប្រហារ​ពាក្យ​សម្តីថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរ រវាង​រដ្ឋបាល​ទីក្រុង​វ៉ាស៊ីនតោននិង​សេអ៊ូល ដែលចុះ​ហត្ថលេខាពីពេល​ថ្មីៗ​នេះ គឺនឹងជំរុញ​​ធ្វើឱ្យ«កាន់តែមានគ្រោះថ្នាក់​ខ្លាំង​»។ នេះជាការ​ប្រកាស​របស់​ប្អូនស្រី​នៃប្រមុខ​ដឹកនាំ​ផ្តាច់​ការ​កូរ៉េខាងជើង ដែល​បាន​វាយ​បក​ទៅនឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង ទៅ​សហរដ្ឋអាមេរិក​។​ ​

អ្នក​ស្រី គីម យូជុង និង​បងប្រុស​បង្កើត គីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង។
អ្នក​ស្រី គីម យូជុង និង​បងប្រុស​បង្កើត គីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង។ AP
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​ រវាង ​ប្រធានាធិបតីកូរ៉េខាងត្បូង និង​សហររដ្ឋអាមេរិក ​ គឺត្រូវ ថ្នាក់ដឹកនាំ​កូរ៉េខាងជើង មើលឃើញថា ជា​ទង្វើ​ដែល​នាំ​ឱ្យ​ផ្ទុះ«​គ្រោះថ្នាក់​ធំ» ប៉ះពាល់​ដល់​សន្តិភាព​និង​សន្តិសុខ​នៅ​ក្នុង​តំបន់​អាស៊ី​ ក៏ដូចជា​ក្នុង​ពិភព​លោក​។ ចំពោះ​កូរ៉េង​ខាងជើង​ ទង្វើរបស់សេអ៊ូល និង​វ៉ាស៊ីនតោន គឺមិន​គួរ​ឲ្យ​ស្វាគមន៍​ទាល់តែ​សោះ។  សកម្មភាពប្រឆាំង​​របស់​ប្រទេស​ទាំង២នេះ គឺមាន​ចេតនា​វិទ្ធង្សនា​ចង់​លុបបំបាត់​របប​ដឹកនាំ​ក្រុង​ព្យុយ៉ាង ដូច្នេះហើយ​ ព្យុយ៉ាង​ គ្មាន​ជម្រើស​អ្វី ក្រៅតែពី​ ខំប្រឹងសម្រិត​សម្រាំង​គម្រោង​​សព្វាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​តែប៉ុណ្ណោះ​។ ទាំង​នេះជាប្រសាសន៍​របស់​អ្នក​ស្រី គីម យូជុង ប្អូន​ស្រីបង្កើត​របស់​ ប្រធានាធិបតីកូរ៉េខាងជើង ដែលត្រូវសារព័ត៌មា​នរដ្ឋ​ KCNA ផ្សព្វផ្សាយ​។

​ប្រតិកម្ម​រិះគន់​ពីសំណាក់​ថ្នាក់ដឹកនាំ​របប​ក្រុង​ព្យ៉ុងយាង​ គឺ​ក្រោយពី​ អាមេរិក​និង​កូរ៉េខាងត្បូង បាន​ចុះ​កិច្ចព្រមព្រៀង​ នៅ​ថ្ងៃពុធ​ ស្តីពី ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​យោធាឲ្យ​កាន់តែ​ខ្លាំង​​ ហើយ​និង​អនុញ្ញាត​ឲ្យ​ នាវា​​ចម្បាំង​មុជ​ទឹក​អាមេរិក​​បំពាក់​ដោយ​អាវុធ​បរមាណូ ​ចុះ​ចត​នៅ​កូរ៉េខាងត្បូង​។​ ចំណុច​នេះ សម្រាប់​កូរ៉េខាងខាង​ជើង គឺជា​គំរាមកំហែង​​សុវត្ថិភាព​ដ៏​ខ្លាំង ដែល​បណ្តាល​ឲ្យ អ្នកស្រី គីម យូជុង ខឹង​​ខ្ញាល់ និង​ថែម​ទាំង​ហ៊ាន​ប្រមាថតែម្តង​ ដល់ ​បុគ្គល​ផ្ទាល់ថ្នាក់ដឹកនាំអាមេរិក​និង​កូរ៉េខាងត្បូង។ ចំពោះ​លោកប្រធានាធិបតី​អាមេរិក​ ចូ បៃ​ដិន ដែល​មាន​អាយុ​៨០ឆ្នាំ​ គឺត្រូវ អ្នកស្រី គីម យូជុង ចាត់ទុកថា ជា​ «តាចាស់ គ្មាន​អនាគត» ហើយ​និងចំអកទៀត​ថា «លោក​ចាស់​ខ្លាំង​ពេក មិន​អាច​នឹង​នៅ​បញ្ចប់​អាណត្តិ​ដឹកនាំ​២​ឆ្នាំ​ទៀត​ទេ»។ ចំណែក​បុគ្គលលោកប្រធានាធិបតីកូរ៉េខាង​ត្បូង​ យូន ស៊ុកយោល ក៏​ត្រូវ​អ្នកស្រី គីម យូជុង មើលងាយ​ថា​ជា​«មនុស្សល្ងង់​ភ្លីភ្លើ»។​

សម្តី​ប្រមាថ​កាតទាន​ទាំង​អស់​នេះ ត្រូវ​ភាគី​កូរ៉េខាងត្បូង តាមរយៈ​ ក្រសួង​ទទួល​បន្ទុក​សម្របសម្រួល​ទំនាក់ទំនង​កូរ៉េទាំងពីរ  លើកឡើងថាជា​ «ភាសាមិនសមរម្យ មិនពីរោះពី​សា​»​ ហើយ​និង​បង្ហាញពី «ភាព​ទន់ខ្សោយ​របស់​កូរ៉េ​ខាង​ជើង»​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ