អានតួអត្ថបទ

ប្រមុខការ​ទូត​អាមេរិក​ទៅ​វៀតណាម ក្នុង​បរិបទ​​​តាន​តឹង​ខ្លាំង​ជាមួយ​ចិន

​ថ្ងៃ​សៅរ៍​ ទី១៥មេសា​ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក អង់តូនី ប្ល៊ីងកិន អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅប្រទេស​វៀតណាម។ ដំណើរ​មក​កាន់​ទីក្រុង​ហាណូយ លើកនេះ គឺ​ជួន​ចំពេល​ដែល​រដ្ឋបា​លទីក្រុង​វ៉ាស៊ីន​តោន ជួប​ប្រទះ​ភាព​តាន​តឹង​ខ្លាំង​ជាមួយ​ រដ្ឋបាល​ក្រុង​ប៉េកាំង ជុំវិញ​សំណុំ​រឿង​កោះ​តៃវ៉ាន់។​  ​

លោក Antony Blinken អញ្ជើញ​ទៅដល់​អាកាសយានដ្ឋាន​ក្រុង​ហាណូយ។
លោក Antony Blinken អញ្ជើញ​ទៅដល់​អាកាសយានដ្ឋាន​ក្រុង​ហាណូយ។ AP - Andrew Harnik
ផ្សាយពាណិជ្ជកម្ម

គោល​បំណង​នៃ​ដំណើរ​ទស្សនកិច្ចរបស់​លោក អង់តូនី ប្ល៊ីងកិន នៅរដ្ឋធានី​ហាណូយ​ ត្រូវ​ក្រសួង​ការ​បរទេស​អាមេរិក​បង្ហើប​ថា ប្រមុខ​ការ​ទូតនឹង​លើកឡើង​ពី​ចក្ខុវិស័យ​រួម​គ្នា​​​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ ដែល​ចង់​ឃើញ​តំបន់​នេះ មានវិបុលភាព​ និង​សន្តិភាព។

នេះគឺជាលើក​ទី១ហើយ ដែល​ប្រមុខការ​ទូតសហរដ្ឋ​​អាមេរិក​ បាន​អញ្ជើញ ដោយ​ផ្ទាល់ ​​ទៅ​វៀតណាម​ តាំងពី​លោក​​ អង់តូនី ប្ល៊ីងកិន ចូល​កាន់​តំណែង​ ២ ឆ្នាំមក។ ប៉ុន្តែ​ពុំ​មែន​ជាលើកទី១ទេ សម្រាប់​ថ្នាក់ដឹកនាំ​អាមេរិក​ក្នុង​រដ្ឋបាល​​​របស់​លោក ចូ បៃដិន ដ្បិត​ថា ​អនុប្រធានាធិបតី​អាមេរិក អ្នកស្រី កាំមីឡា ហារីស បាន​អញ្ជើញ​ទៅ​វៀតណាម​រួច​ម្តង​ហើយ​។​ ហើយ​កាល​ពី​សប្តាហ៍​មុនទៀត​សោត​ ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន​ និង​ប្រធានាធិបតីវៀតណាម លោក​ង្វៀន ភូចុង ក៏ថែម​​បាន​ជែក​គ្នា​តាម​ទូរស័​ព្ទ​ទៀតផង​។

វៀតណាម ​ ដែល​ជា​អតីត​គូ​សត្រូវ​របស់​សហ​រដ្ឋសហ​អាមេរិក ក្នុងទសវត្សរ៍​១៩៧០​ បរិបទ​​សម័យ​សង្គ្រាម​ត្រជាក់​​។ ក្រោយ​មក​ វៀតណាម កុម្មុយនិស្ត​សង្គម​ និងសហរដ្ឋ​​អាមេរិក ប្រជាធិបតេយ្យ ធាតុពី​រខុសគ្នា តែ​អាច​ខិត​ទៅរក​ជិតគ្នា​បាន​ ដ្បិត​មាន​​សត្រូវ​រួមមួយ​​ គឺ ចិន។ ចិន ជាប់​ព្រំដែន​វៀតណាម​ នៅត្រង់ប៉ែក​ខាង​ជើង​  និងដែល​ជា​ដៃ​គូ​សេដ្ឋកិច្ច​ចម្បងមួយ​របស់​វៀតណាម តែរដ្ឋបាល​ក្រុង​ហាណូយ និង​ប៉េកាំង ឈ្លោះគ្នា​ក្នុង​សំណុំ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង។  

លោក Khang Vu បេក្ខបណ្ឌិត​ជំនាញ​សន្តិសុខ​អន្តរជាតិ បានវិភាគ​​ប្រាប់​ទីភ្នាក់​ព័ត៌មាន​បារាំង​AFP ថា​ សហរដ្ឋ​អាមេរិក​ ត្រូវ​ការវៀតណាម​ ដើម្បីប្រឈមមុខ​នឹង​ចិន​ នៅក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បួង​។​ ប៉ុន្តែ យកល្អ វៀតណាម​ ត្រូវ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ ចិន។ ហើយ​រដ្ឋាភិបាល​វៀតណាម ក៏​បាន​ដឹង​ច្បាស់ថានឹងគ្មាន​ផ្លូវ​ឈ្នះ​ចិនតាម​ផ្លូវ​កម្លាំង​យោធា​ទេ។ នេះបើតាម​​បេក្ខបណ្ឌិតលោក Khang Vu ​ នៅ​សកលវិទ្យា ​Boston។​

តាម​គម្រោង​ លោក អង់តូនី ប្ល៊ីងកិន នឹង​ធ្វើ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធចាក់​គ្រឹះ​សាង​សង់​ស្ថានទូត​អាមេរិក​ថ្មី​ នៅ​រដ្ឋធានី​ហាណូយ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ