អានតួអត្ថបទ
ហ្វីលីពីន-អាមេរិក-សមយុទ្ធ

សហរដ្ឋ​អាមេរិក​និង​ហ្វីលីពីនធ្វើ​មហាសមយុទ្ធ​បាញ់​គ្រាប់​ពិត​ ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង

ក្នុង​ខណៈ​ដែល​អាមេរិកនិង​សម្ព័ន្ធមិត្តនៅអាស៊ី​អាគ្នេយ៍​​កំពុង​​ស្វែង​រក​វិធី​ទប់​ឥទ្ធិពល​ចិន ​នៅថ្ងៃ​អង្គារ​ទី ១១​មេសា​នេះ ហ្វីលីពីន​និង​សហរដ្ឋ​អាមេរិក​បាន​ចាប់​ផ្តើម​ធ្វើ​មហាសមយុទ្ធ​ដ៏​សំខាន់​ មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សមយុទ្ធ​ប្រចាំ​ឆ្នាំ​របស់​សម្ព័ន្ធមិត្ត​យោធា​ទាំងពីរ។ ជា​លំហាត់​សម​ដ៏​ធំ ទាំង​បរិមាណ​ទាំង​គុណភាព។

ពិធី​បើក​សម្ពោធ​សមយុទ្ធ​ប្រចាំ​ឆ្នាំ​អាមេរិក​ហ្វីលីពីន​ នៅថ្ងៃទី ១១​មេសា​២០២៣
ពិធី​បើក​សម្ពោធ​សមយុទ្ធ​ប្រចាំ​ឆ្នាំ​អាមេរិក​ហ្វីលីពីន​ នៅថ្ងៃទី ១១​មេសា​២០២៣ REUTERS - ELOISA LOPEZ
ផ្សាយពាណិជ្ជកម្ម

ជា​សរុប​មានទាហាន​​ចូល​រួម​ធ្វើ​លំហាត់​សម​ប្រមាណ​ជាង​១៨០០០នាក់ (១២២០០​ខាង​អាមេរិក និង​៥៤០០​ខាង​ហ្វីលីពីន ព្រមទាំង​១០០នាក់​ជា​ទាហាន​អូស្ត្រាលី) ពោល​គឺ​ច្រើនជាង​​ឆ្នាំ​មុន​ពីរ​ដង​។ ហើយជា​លើកទីមួយនៃ​​ប្រវត្តិ​សមយុទ្ធរបស់សម្ព័ន្ធ​មិត្ត​ទាំងពីរ លំហាត់​សឹក​រយៈ​ពេល​ពីរ​សប្តាហ៍​នេះ​ មាន​បាញ់​គ្រាប់​ពិត ​ទៅ​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង ដែល​ប៉េកាំងទាមទារ​គ្រប់គ្រង​​ស្ទើរ​​ផ្តាច់​មុខ​ម្នាក់ឯង និង​មាន​ការ​ប្រើ​មីស៊ីល​Patriot ដែល​ជា​ប្រព័ន្ធ​ខែល​មីស៊ីលការពារ​ដែន​អាកាស​ដ៏​ល្អ​ជាង​គេ​នៅលើ​ពិភពលោក។  

ចាប់​ផ្តើម​​​តែ​មួយ​ថ្ងៃ​ក្រោយ​ពី​ចិន​បាន​​បិទ​បញ្ចប់ប្រតិបត្តិការ​យោធាបីថ្ងៃដែល​ជា​​សមយុទ្ធ​បែបវាយ​ឡោម​ព័ទ្ធ​តៃវ៉ាន់ សមយុទ្ធ​បាលីកាតាន ដែល​មាន​ន័យ​ “ទន្ទឹម​គ្នា” គ្រោងមាន ​ហាត់ ​​ចុះ​ចត​​ឧទ្ធម្ភាគចក្រយោធា​​ នៅ​លើ​ខាង​ជើង​បំផុត​នៃ​កោះ​ហ្វីលីពីន​ ចម្ងាយ​តែ​ប្រមាណ​៣០០គីឡូម៉ែត្រ​ពី​កោះតៃវ៉ាន់​ ដែល​ចិន​តែង​ចាត់​ទុក​ដែនដី​មួយ​ចំណែក​របស់​ខ្លួន​។  នាវា​ចម្បាំង នាវា​ផ្ទុក​យន្តហោះចិន ជា​ច្រើន​គ្រឿងដែល​មក​ធ្វើ​សមយុទ្ធ​នោះ​ នៅ​មិនទាន់​ចាក​ចេញ​ឆ្ងាយ​ពី​តំបន់​ជុំ​វិញ​កោះ​តៃវ៉ាន់​ផង នៅថ្ងៃ​អង្គារ​នេះ។ នេះ​បើ​តាម​ប្រភពមកពី​​តៃប៉ិ។

សមយុទ្ធ​ប្រចាំ​ឆ្នាំ​នេះ មានកម្មវត្ថុ​​​ហាត់​ប្រើ​តាកទិក ប្រើ​បច្ចេកវិទ្យា និង​ដំណើរ​បែបបទ​នៃ​ប្រតិបត្តិការយោធា​មួយ​ធំ ព្រមទាំង​បង្កើន​សមត្ថភាព សហការ​គ្នា​ ឱ្យ​បានកាន់​តែ​​ប្រសើរ​ឡើងដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈមនានា​លើ​​ពិភពលោក។ នេះ​បើ​តាម​ការគូស​បញ្ជាក់​របស់​នាយ​ឧត្តមសេនីយ៍កងទ័ព​ជើង​ទឹក​​អាមេរិក​និងអ្នកនាំពាក្យ​យោធា​​ហ្វីលីពីន នៅក្នុង​កម្មវិធី​សម្ពោធ​បើក​សមយុទ្ធ។ នេះក៏​​ជា​សមយុទ្ធ​លើក​ទីមួយ សម្រាប់​ហ្វីលីពីន របស់​​លោកប្រធានាធិបតី ហ្វែរឌីណង់ មាកូស ជូញ៉ដែរ។ លោក មាកូស ជូញ៉ ចង់​កែខៃ​​ទំនាក់ទំនងជាមួយ​​អាមេរិកដែល​​អាក់អន់​ខ្លាំង​ក្រោម​ការ​​ដឹកនាំរបស់​លោក ឌុយទែរតេ។ កាលពី​ដើម​ខែ​មេសា រដ្ឋាភិបាល​ហ្វីលីពីន បាន​ព្រមព្រៀង ប្រគល់​ឱ្យ​អាមេរិក​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​ចំនួន​បួន​បន្ថែម​ទៀត ក្នុង​នោះ មាន​មួយ​ស្ថិត​នៅ​ជិត​កោះ​តៃវ៉ាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ