អានតួអត្ថបទ

ហ្វីលីពីន អនុញ្ញាត​ឲ្យ​​កងទ័ព​អាមេរិក​ ប្រើ​ប្រាស់មូលដ្ឋានទ័ពចំនួន​៤ទីតាំងទៀត

រដ្ឋាភិបាលហ្វ៊ីលីពីន បាន​ប្រកាសថា នឹងបើក​មូលដ្ឋានទ័ពរបស់ខ្លួន ចំនួន៤ទីតាំងទៀត ឲ្យ​កងទ័ពអា​មេរិក​ប្រើប្រាស់​។ ក្នុងចំណោមមូលដ្ឋានទ័ពថ្មីទាំងនេះ គឺមាន​១ទីតាំងស្ថិតនៅភាគខាងជើងហ្វ៊ីលីពីន កៀក​នឹង​កោះតៃវ៉ាន់ ហើយ​មានមួយទីតាំង ស្ថិតនៅក្បែរសមុទ្រចិន​ខាងត្បូង។ សម្ព័ន្ធភាពយោធាកាន់តែស្អិតរមួត រវាង​ហ្វ៊ីលីពីន និងអាមេរិកនេះ ត្រូវបាន​ចិនរិះគន់ជាខ្លាំង ថាអាមេរិក​កំពុងតែប្រើប្រាស់​ដែនដី​តំបន់នេះ ដើម្បី​ឡោមព័ទ្ធចិន​។

U.S. Marines និងទាហានជើងទឹកអាមេរិក កំពុងឈរលើទីលាន​ហោះយន្តហោះចម្បាំង នៅលើនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក​ USS America (LHA 6) ពេលចូលចតនៅកំពង់ផែ ម៉ានីល ថ្ងៃទី២១ មីនា ២០២៣
U.S. Marines និងទាហានជើងទឹកអាមេរិក កំពុងឈរលើទីលាន​ហោះយន្តហោះចម្បាំង នៅលើនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក​ USS America (LHA 6) ពេលចូលចតនៅកំពង់ផែ ម៉ានីល ថ្ងៃទី២១ មីនា ២០២៣ AP - Aaron Favila
ផ្សាយពាណិជ្ជកម្ម

យោងតាមលិខិតប្រកាស របស់រដ្ឋាភិបាល​ហ្វ៊ីលីពីន គឺលោក​ប្រធានាធិបតី Ferdinand Marcos Junior បានសម្រេច​យល់ព្រម បើកទ្វារ​មូលដ្ឋានទ័ពចំនួន​៣នៅភាគខាងជើងហ្វ៊ីលីពីន ដើម្បី​ឲ្យ​កងទ័ពអាមេរិកប្រើប្រាស់។ ក្នុងចំណោមទីតាំង​៣នេះ គឺមានបន្ទាយ​ទាហាន នៅខេត្ត Isabela ព្រលានយន្តហោះមួយ និង​មូលដ្ឋានទ័ពជើងទឹក Santa Ana ស្ថិតនៅក្នុង​ខេត្ត Cagayan  ដែល​​ស្ថិតនៅចំងាយ​ប្រមាណ ៤០០គីឡូម៉ែត្រ ពីកោះតៃវ៉ាន់។ ចំណែកមូលដ្ឋានទ័ពទី៤ ស្ថិតនៅតំបន់​ប្រជុំកូនកោះ Balabac ដែលស្ថិតនៅ​ខាងត្បូងចុងបង្អស់ នៃ​កោះPalawan។ តំបន់នេះ ស្ថិតនៅ​​ជាប់សមុទ្រចិនខាងត្បូង ហើយ​នៅកៀកបំផុត និង​ប្រជុំកោះ Spratleys ដែលចិនកំពុងតែសាងសង់មូលដ្ឋានទ័ព។

សូមរំលឹកថា អាមេរិក និងហ្វ៊ីលីពីន គឺជាសម្ព័ន្ធមិត្តនឹងគ្នាយូរលង់មកហើយ។ សម្ព័ន្ធភាព​ដែលត្រូវបាន​ពង្រឹងខ្លាំងក្នុងវិស័យយោធា តាមរយៈសន្ធិសញ្ញាការពារជាតិ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការ​កងទ័ព ចុះនៅឆ្នាំ​២០១៤។ តាមរយៈការកិច្ចព្រមព្រៀងនេះ កងទ័ពអាមេរិកអាចប្រើប្រាស់​មូលដ្ឋានទ័ពហ្វ៊ីលីពីន ចំនួន​៥ទីតាំងរួចហើយ​ ដើម្បីឈរជើងនៅ​ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក​។

កាលពីខែកុម្ភៈកន្លងទៅ លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានទៅហ្វ៊ីលីពីន ដើម្បីនិយាយពី​ការបើក​មូលដ្ឋាន​ទ័ពហ្វ៊ីលីពីន​ ឲ្យ​កងទ័ពអាមេរិក​ប្រើប្រាស់បន្ថែមទៀត ដោយ​យោងទៅលើកាលៈទេសៈកាន់តែតានតឹងខ្លាំង ជាមួយនឹងសកម្មភាពគំរាមពីសំណាក់ចិន មកលើតំបន់សមុទ្រចិនខាងត្បូង និង​កោះតៃវ៉ាន់។ ខុសពីរដ្ឋាភិបាល​មុនដឹកនាំដោយ​លោក ឌូទែរតេ រដ្ឋាភិបាលថ្មីហ្វ៊ីលីពីន ដឹកនាំដោយលោក Ferdinand Marcos Junior បានបង្ហាញជំហរយ៉ាងច្បាស់ ក្នុងការពួតដៃគ្នាជាមួយ​អាមេរិក ការពារសន្តិសុខ និង​ទប់ទល់ចំពោះ​​សកម្មភាពវាទទីរបស់ចិន។​

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ មានទាហានអាមេរិកចំនួន​ប្រមាណ​៥០០នាក់ កំពុងឈរជើងប្រចាំនៅហ្វ៊ីលីពីន និង​ទាហានជាច្រើននាក់ទៀត ដែលចល័តនៅហ្វ៊ីលីពីន ក្នុងក្របខណ្ឌសមយុទ្ធរួមគ្នា ជារៀងរាល់ឆ្នាំ។ កន្លងមក អគ្គរដ្ឋទូតចិន​ប្រចាំនៅម៉ានីល បាន​រិះគន់យ៉ាងខ្លាំងចំពោះ​សម្ព័ន្ធភាពយោធា រវាងអាមេរិក និងហ្វ៊ីលីពីន ដែលចិនចាត់ទុកថា ជា​ការ​រាយសំណាញ់​ឡោមព័ទ្ធចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ