អានតួអត្ថបទ
ចិន-ជប៉ុន

ចិន៖គម្រោងជប៉ុនក្នុង​ការ​រឹតបន្តឹងការនាំចេញឧបករណ៍សឺមីកុងឌុកទ័រជាការរុញចិនឲ្យមានស្វ័យភាព

រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន​លោក​យ៉ូស្ហ៊ីម៉ាសា ហាយ៉ាស្ហ៊ី​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន​នា​ថ្ងៃ​អាទិត្យ ទី២ មេសា។ តាំង​ពី​ឆ្នាំ ២០១៩ លោក​ហាយ៉ាស្ហ៊ី​ជា​ប្រមុខ​ការទូត​ជប៉ុន​ទី១ ដែល​បាន​ទៅ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន។ មាន​ប្រធានរឿង​សំខាន់​ចំនួន​ពីរ​ដែល​លោក​ហាយ៉ាស្ហ៊ី និង​សមភាគី​ចិន​លោក ជីន កង​បាន​លើក​យក​ទៅ​ជជែក ទី១ ឧបករណ៍​សឺមីកុងឌុកទ័រ​ដែល​ជប៉ុន​ចង់​រឹតបន្តឹង​ការ​នាំ​ចេញ និង​ទី២ ករណី​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ចិន​ក្រោម​បទសង្ស័យ​ចារកម្ម។

រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន​លោក​យ៉ូស្ហ៊ីម៉ាសា ហាយ៉ាស្ហ៊ី​ (រូបឆ្វេង) និង​សមភាគីចិន​លោក​ ជីន កងក្នុង​ក្រុង​ប៉េកាំង​ថ្ងៃទី២ មេសា ២០២៣។
រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន​លោក​យ៉ូស្ហ៊ីម៉ាសា ហាយ៉ាស្ហ៊ី​ (រូបឆ្វេង) និង​សមភាគីចិន​លោក​ ជីន កងក្នុង​ក្រុង​ប៉េកាំង​ថ្ងៃទី២ មេសា ២០២៣។ AP
ផ្សាយពាណិជ្ជកម្ម

ប្រធានបទ​ស្តីពី​ជប៉ុន​ទើប​ប្រកាស​គម្រោង​រឹតបន្តឹង​ការ​នាំ​ចេញ​ឧបករណ៍​សឺមីកុងឌុចទ័រ​ជា​ប្រធានបទ​ក្តៅ​ជាង​គេ។ នៅ​ក្នុង​ជំនួប ប្រមុខ​ការទូត​ចិន​លោក​ជីន កង​បាន​ប្រាប់​សមភាគី​ជប៉ុន​លោក​យ៉ូស្ហ៊ីម៉ាសា ហាយ៉ាស្ហ៊ី​ថា ការ​ដែល​ជប៉ុន​គ្រោង​បិទខ្ទប់​ការ​នាំ​ចេញ​ឧបករណ៍​សឺមីកុងឌុកទ័រ​របស់​ខ្លួន​នឹង​ជំរុញ​បន្ថែម​នូវ​ការ​ប្តេជ្ញាចិត្ត​របស់​ចិន​ឲ្យ​មាន​ស្វ័យភាព។ តែ​លោក​ជីន កង​មិន​ភ្លេច​វាយប្រហារ​ជប៉ុន​ដោយ​ចាត់​ទុក​ជប៉ុន​ជា​ខ្ញុំ​កំដរ​របស់​អាមេរិក។ ចំណែក​លោក​យ៉ូស្ហ៊ីម៉ាសា ហាយ៉ាស្ហ៊ី​បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ដោយ​ការពារ​វិធានការ​របស់​រដ្ឋាភិបាល​ជប៉ុន។

តាម​លោក​យ៉ូស្ហ៊ីម៉ាសា ហាយ៉ាស្ហ៊ី គម្រោង​រឹតបន្តឹង​ការ​នាំ​ចេញ​ឧបករណ៍​សឺមីកុងឌុចទ័រ​របស់​ជប៉ុន​ធ្វើ​ឡើង​ដោយ​អនុលោម​តាម​ច្បាប់​អន្តរជាតិ និង​ធានា​ថា វិធានការ​នេះ​មិន​បាន​សំដៅ​លើ​ប្រទេស​ណា​មួយ​ទេ។ គួរ​រម្លឹក​ថា​ក្នុង​ថ្ងៃ​សុក្រ ទី៣១ មីនា ជប៉ុន​តាម​រយៈ​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​លោក​យ៉ាស៊ូតូស្ហ៊ី នីស្ហ៊ីមូរ៉ា​បាន​ប្រកាស​ពី​គម្រោង​រឹតត្បិត​ការ​នាំ​ចេញ​ឧបករណ៍​សឺមីកុងឌុកទ័រ។ ហេតុផល​ដែល​លោក​នីស្ហ៊ីមូរ៉ា​បាន​លើក​ឡើង គឺ​បង្ការ​កុំ​ឲ្យ​គេ​យក​ធាតុផ្សំ​អេឡិកត្រូនិក​ដ៏​សំខាន់​របស់​ជប៉ុន​នេះ​ទៅ​ប្រើ​នៅ​ក្នុង​ការ​ផលិត​គ្រឿងសព្វាវុធ​ទំនើប។

តែ​ទោះ​ជា​ជប៉ុន​មិន​បាន​និយាយ​សំដៅ​ចំ​ប្រទេស​ណា​មួយ​ក៏​ដោយ​ក៏​ចិន​យល់​ថា ខ្លួន​ជា​ផ្ទាំងស៊ីប​របស់​វិធានការ​ជប៉ុន​ដូច​ដែល​អាមេរិក​បាន​ធ្វើ​ដូច​គ្នា​នេះ​នា​ពេល​កន្លង​មក។ ជាង​ពេល​ណាៗ​ទាំង​អស់ សឺមីកុងឌុកទ័រ​បាន​ក្លាយ​ជា​រឿង​ប៉ះទង្គិច​គ្នា​ខ្លាំង​រវាង​ចិន និង​ជប៉ុន​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី២ និង​ទី៣ ក្នុង​លោក​ដែល​កំពុង​មាន​ទំនាក់ទំនង​លំបាក​ជាមួយ​គ្នា​ស្រាប់។ ក្រៅ​ពី​រឿង​មួយ​នេះ ប្រមុខការទូត​ទាំង​ពីរ​ក៏​បាន​ជជែក​គ្នា​ពី​ករណី​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ចិន​ក្រោម​បទ​សង្ស័យ​ចារកម្ម។

នៅ​ក្នុង​រឿង​នេះ លោក​យ៉ូស្ហ៊ីម៉ាសា ហាយ៉ាស្ហ៊ី​បាន​ប្រាប់​អ្នក​កាសែត​ពី​ការ​ដែល​ជប៉ុន​បាន​ប្រឆាំង​នឹង​ការ​ឃុំខ្លួន​ជនជាតិ​ជប៉ុន​រូប​នេះ និង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​ជា​បន្ទាន់។ ចំណែក​លោក​ជីន កង​បាន​ធ្វើ​អត្ថាធិប្បាយ​ដោយ​ខ្លី​ថា ចិន​នឹង​ដោះស្រាយ​រឿងរ៉ាវ​មួយ​នេះ​ទៅ​តាម​ច្បាប់​របស់​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ