អានតួអត្ថបទ
ជប៉ុន

ជប៉ុន៖ វិធានការ​ចង់​ឲ្យ​ប្រជាជន​យក​កូន ដើម្បី​ទទួលបានការបន្ធូរបន្ថយ​​បំណុល​​និស្សិត កំពុងរងការរិះគន់

បញ្ហាអត្រាកំណើតទារកនៅក្នុងប្រទេសជប៉ុន ដែលទាបបំផុតនោះ គឺជាក្តីបារម្ភដ៏ធំ​ ខណៈប្រជាជនជប៉ុនវ័យ​ចំណាស់ មានចំនួន​កាន់តែច្រើន។​ រដ្ឋាភិបាលជប៉ុន កំពុងតែពិចារណា លើវិធានការមួយចំនួន ដើម្បី​ផ្តល់សន្ទុះ ធ្វើយ៉ាងណាឲ្យ​ប្រជាជន​ជប៉ុន មានកូន​ឲ្យ​បានច្រើន។ ក្នុងចំណោម​វិធានការទាំងនេះ គឺមានគំនិតមួយ ដែលរដ្ឋនឹងសន្យា​​បន្ធូរបន្ថយប្រាក់​បំណុល​និស្សិតខ្លះ​ ប្រសិនបើពួកគេសម្រេចយកកូន។ តែយ៉ាងណាគម្រោង​វិធានការនេះ កំពុងតែធ្វើឲ្យ​លោកនាយករដ្ឋមន្ត្រីជប៉ុន រងការរិះគន់ជាខ្លាំង​។

លោក​នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នៅក្នុងសន្និបាទប្រចាំឆ្នាំ​របស់គណបក្ស the Liberal Democratic Party (LDP)។ ក្រុងតូក្យូ ថ្ងៃទី ២៦ កុម្ភៈ ២០២៣
លោក​នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នៅក្នុងសន្និបាទប្រចាំឆ្នាំ​របស់គណបក្ស the Liberal Democratic Party (LDP)។ ក្រុងតូក្យូ ថ្ងៃទី ២៦ កុម្ភៈ ២០២៣ AP - Kiyoshi Ota
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាលជប៉ុន ដឹកនាំដោយ​លោក ហ្វូមីអូ គីស៊ីដា បានសន្យាថានៅចុងខែមីនានេះ នឹងបង្ហាញជាសាធារណៈ នូវផែនការយុទ្ធសាស្ត្រ ដើម្បី​ផ្តល់សន្ទុះដល់កំណើតទារក។ បច្ចុប្បន្នសំណើទាំងនេះ កំពុងតែត្រូវបាន​យកទៅជជែក​យ៉ាងក្តៅគគុក នៅក្នុងសភាជប៉ុន។ មានចំណុចមួយ ដែលគណបក្សកាន់អំណាច បានរងនូវការរិះគន់ខ្លាំងបំផុតនោះ គឺការសន្យាថានឹង​កាត់បន្ថយ​បំណុលនិស្សិត ប្រសិនបើពួកគេសម្រេចថាយកកូន​។

នៅចំពោះមុខ​លោកនាយករដ្ឋមន្ត្រី​ជប៉ុន ក្នុងអង្គប្រជុំព្រឹទ្ធសភាជប៉ុន​ លោកស្រី Noriko Ishigaki សមាជិកព្រឹទ្ធសភាម្នាក់​ បាន​លើកឡើងថា ការដាក់កំហិតឲ្យ​ប្រជាជនមានកូន ដើម្បីចង់ឲ្យ​គេបន្ធូរបន្ថយ​បំណុលនោះ វាមិនមែនជាវិធានការដែលល្អ ដើម្បីជួយ​ដល់អត្រាកំណើតទារកនោះទេ។

នៅតាមបណ្តាញសង្គមវិញ សំណេររិះគន់ មានកាន់តែខ្លាំង ដោយខ្លះអះអាងថា វិធានការរបស់រដ្ឋាភិបាលនេះ គឺវាមិនខុសពី ឲ្យ​ប្រជាជន​យកខ្លួន​ប្រាណ​ទៅប្តូរនឹងប្រាក់នោះទេ។ អ្នកខ្លះទៀត បានលើកឡើងថា គណបក្សកាន់អំណាច ដែលជាបក្សស្តាំអភិរក្សនិយម កំពុងតែចាត់ទុក ជីវិត​មនុស្សដូចទៅ​នឹងសត្វចិញ្ចឹមនៅតាម​កសិដ្ឋាន។

យ៉ាងណាក៏ដោយ ឆ្លើយតបទៅពាក្យរិះគន់ លោក Masahiko Shibayama សមាជិកសភាដែលជាសមាជិកក្រុមពិចារណាសំណុំរឿងនេះ បានអះអាងប្រាប់បណ្តាញព័ត៌មាន​ជប៉ុន​ថា វិធានការរបស់រដ្ឋ គឺចង់​ជួយផ្នែកថវិកាដល់​ប្រជាជន និងគ្រួសារជប៉ុនដែលមានកូន តែមិនមិនជាការដាក់ពិន័យទៅលើអ្នកដែលមិនចង់បានកូននោះទេ។ លោកអះអាងទៀតថា រដ្ឋាភិបាលកំពុងពិចារណា ឈានទៅជួយដល់​ក្រុមគ្រួសារជប៉ុន នៅក្នុងការចំណាយ​លើការសិក្សាអប់រំរបស់កុមារ។

សូមបញ្ជាក់ថា កាលពីខែមករា លោកនាយករដ្ឋមន្ត្រីជប៉ុនបានថ្លែងថា ជប៉ុន​កំពុងតែស្ថិតនៅក្នុងស្ថានភាព​ទ័លច្រកខ្លាំងណាស់ ដែល​សង្គមអាចនឹងមិនមានសមត្ថភាព​ដំណើរការតទៅមុខទៀតបាន​ ដោយសារតែ​អត្រាកំណើតទារកមានទាបខ្លាំងបំផុត។ ក្នុងចំណោម​ប្រជាជនជប៉ុនចំនួន​១២៥លាននាក់ ប្រមាណជិត​៣០% គឺជាមនុស្សចាស់អាយុលើស​៦៥ឆ្នាំ។ ឆ្នាំ​២០២២ អត្រាកំណើតទារក​បានធ្លាក់ទាបបំផុត មានតែ៨សែនទារកតែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ