អានតួអត្ថបទ
ជប៉ុន-ការបំពានផ្លូវភេទ

ជប៉ុន ៖ អតីត​ទាហាន​ស្រី​រង​ការ​បៀតបៀន​ផ្លូវភេទ​ ​ដាក់បណ្តឹង​បន្ទោស​រដ្ឋាភិបាល

រងការ​បៀតបៀន​ផ្លូវភេទ​ពី​សំណាក់​មិត្ត​រួមការងារក្នុង​ជួរ​យោធា​​ដូច​គ្នា អតីត​ទាហាន​ភេទ​ស្រីរងគ្រោះ រីណា ហ្កោណូអ៊ី Rina Gonoi បាន​ប្រកាស​នៅថ្ងៃ​ចន្ទទី ៣០​មករា ២០២៣ ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ព្រមទាំង​ជន​ដៃដល់ នៅ​តុលាការ។ សម្រាប់​នារី​រងគ្រោះ រដ្ឋាភិបាល​និង​ជន​ល្មើស​ បាន​សុំ​ទោស​ថើរៗ​ និង​បន្ត​ម៉ាក់ងាយ​លើ​នាង។

នាង Rina Gonoi អតីត​ទាហាន​ភេទ​ស្រី​រងគ្រោះ​ពីការ​បៀតបៀន​ផ្លូវភេទ ពី​សំណាក់មិត្ត​រួមការងារ​ភេទ​ប្រុស ថ្លែង​ក្នុង​ថ្ងៃទី ១៩ធ្នូ ២០២២
នាង Rina Gonoi អតីត​ទាហាន​ភេទ​ស្រី​រងគ្រោះ​ពីការ​បៀតបៀន​ផ្លូវភេទ ពី​សំណាក់មិត្ត​រួមការងារ​ភេទ​ប្រុស ថ្លែង​ក្នុង​ថ្ងៃទី ១៩ធ្នូ ២០២២ AP - Eugene Hoshiko
ផ្សាយពាណិជ្ជកម្ម

ចោទ​ប្រកាន់​រឿង​បំពារបំពាន​ផ្លូវភេទ​ ជា​សាធារណៈ ជា​ករណី​ដ៏កម្រ​ណាស់​នៅជប៉ុន ប៉ុន្តែ​នាង​ហ្កោណូអ៊ី ដែល​ប្រមូល​ហត្ថលេខា​ជាង​១០ម៉ឺន​ កាលពី​ខែ​សីហា​ ទាមទារ​​សុំ​បើក​អង្កេត​ឯករាជ្យ​ជុំ​វិញ​ការ​រំលោភ​បំពាន​លើរូបនាង​ មិន​សុខ​ចិត្តសំងំ​ស្ងៀម​ ត្រឹម​ការបោះបង់​​អង្កេត​បឋម និង​ការ​បណ្តេញ​ទាហាន​ភេទ​ប្រុស​​ជាប់​ពាក់ព័ន្ធ ចេញ​ពី​តួនាទី​ទេ។ យល់​ថាបាន​​​ទទួល​ពាក្យ​សុំ​ទោស​​ដោយ​មិន​ស្មោះស ហើយ​មេធាវី​របស់​ជន​ល្មើស​នៅ​តែបន្ត​ចាត់​ទុក​ហេតុការណ៍បំពាន​ផ្លូវ​ភេទ​​ជា​រឿង​សាមញ្ញ​ នៅពេល​សម្រុះសម្រួល​គ្នា ជន​រងគ្រោះ​ហ្កោណូអ៊ី​ បាន​ពន្យល់​ថា​នាង​ចាំបាច់​ត្រូវ​ដោះស្រាយ​ជម្លោះ​នេះ ឱ្យ​ដាច់​ស្រេច តាម​ផ្លូវ​តុលាការ ដើម្បីកុំ​​ឱ្យ​មាន​រឿង​អាស្រូវ​បំពារបំពាន​ផ្លូវភេទ​លើ​ស្ត្រី​កើត​ឡើង​ទៀត។

នៅក្នុង​បណ្តឹង នាង​រងគ្រោះ​បាន​ទាមទារ​សំណង​សរុប​៧,៥លាន​យ៉េន ក្នុង​នោះ​៥,៥​លាន​ពី​ជន​ដៃដល់ដែល​ធ្វើ​ឱ្យ​នាង​ខូច​អារម្មណ៍ និង​២លាន​ពី​រដ្ឋាភិបាល ពី​បទ​មិន​បាន​រារាំង​អំពើ​បៀតបៀន​ផ្លូវភេទ និង​ពី​បទ​មិន​បើក​អង្កេត​ត្រឹម​ត្រូវ។ រាជ​អាជ្ញា​នឹង​សិក្សា​បណ្តឹង​ឡើង​វិញ​ដើម្បី​ឈាន​ទៅ​ចោទប្រកាន់​បែប​ព្រហ្មទណ្ឌ​ប្រឆាំងនឹង​ជន​ដៃដល់​ទាំង​៥​ផង។ នេះបើ​តាម​មេធាវី​របស់នាង​រងគ្រោះ​។

យោធា​ជប៉ុន​បាន​ទទួល​ស្គាល់​កាលពី​ខែ​កញ្ញា​ថា នាង​ហ្កោណូអ៊ី បាន​រង​ការ​បៀតបៀន​ បំពារបំពាន​ផ្លូវភេទ​​ នៅក្នុង​ក្នុង​ពេល​កំពុង​ហ្វឹកហាត់ ដោយ​​ក្រុម​ទាហាន​ក្នុង​កងពល​តែ​មួយ​នៃ​កងកម្លាំង​ស្វ័យការពារជើងគោក។ សកម្មភាព​តវ៉ា​របស់​នាង​បាន​ជំរុញ​ឱ្យ​ផ្ទុះ​ករណី​ចោទ​ប្រកាន់​ការ​បៀតបៀន​ផ្លូវ​ភេទ​​ជា​ច្រើន​ទៀត​ក្នុង​រង្វង់​ជួរ​កងទ័ព​ស្វ័យ​ការពារ​ជប៉ុន។ ជប៉ុន​ជា​ប្រទេសដែល​មាន​វត្តមាន​ស្ត្រី​ក្នុង​ក្រុមប្រឹក្សា​រដ្ឋាបាល និង​​​ជា​មន្ត្រី​ជាន់​ខ្ពស់​តិច​តួច​ខ្លាំងជាង​គេ​​ណាស់​ បើ​បៀប​ទៅ​នឹង​បណ្តា​ប្រទេស​ជឿន​លឿនដូចគ្នា។ ចំណែក​ករណី​ស្ត្រី​រងការ​​រំលោភ​បំពានផ្លូវភេទ​​វិញ​ មានជន​រង​គ្រោះតែ៤%​ ប៉ុណ្ណោះ​បានឡើង​​ដល់​ប៉ូលិស។ នេះ​បើ​តាម​ទិន្នន័យរបស់​​រដ្ឋាភិបាល​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ