អានតួអត្ថបទ

ប្រទេសជប៉ុន និងប្រទេសឥណ្ឌាផ្តើមសមយុទ្ធផ្លូវអាកាសរួមគ្នាលើកទី១

នៅ​ថ្ងៃ​ចន្ទ ទី១៦ មករា​នេះ ប្រទេស​ជប៉ុន និង​ប្រទេស​ឥណ្ឌា​បាន​ផ្តើម​សមយុទ្ធ​ផ្លូវអាកាស​លើកទី១ រួម​គ្នា​នៅ​ក្នុង​ទឹកដី​ជប៉ុន។ សមយុទ្ធ​ផ្លូវអាកាស​ដែល​នឹង​មាន​រយៈពេល ១១ថ្ងៃ​បាន​រៀបចំ​ធ្វើ​នៅ​ក្បែរ​ទីក្រុង​តូក្យូ។ កម្មវត្ថុ​នៃ​ការ​ធ្វើ​សមយុទ្ធ​នេះ​គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​លើ​វិស័យ​សន្តិសុខ និង​វិស័យ​ការពារ​រវាង​ប្រទេស​ពីរ​ប្រឈម​នឹង​កំណើន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​របស់​ប្រទេស​ចិន​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។

ប្រទេសជប៉ុន និងប្រទេសឥណ្ឌាផ្តើមសមយុទ្ធផ្លូវអាកាសរួមគ្នាលើកទី១
ប្រទេសជប៉ុន និងប្រទេសឥណ្ឌាផ្តើមសមយុទ្ធផ្លូវអាកាសរួមគ្នាលើកទី១ AFP - STR
ផ្សាយពាណិជ្ជកម្ម

មូលដ្ឋាន​យោធា​ផ្លូវអាកាស​ជប៉ុន​យ៉ាគូរី (Hyakuri) ស្ថិត​ប៉ែក​ឦសាន​ក្រុង​តូក្យូ​ត្រូវ​បាន​ជ្រើស​ជា​ទីតាំង​ធ្វើ​សមយុទ្ធ​រយៈពេល ១១ថ្ងៃ​រវាង​ទ័ពអាកាស​ជប៉ុន និង​ទ័ព​អាកាស​ឥណ្ឌា។ ក្រសួង​ការពារជាតិ​ជប៉ុន​បាន​លំអិត​ថា សមយុទ្ធ​នេះ​ចូលរួម​ដោយ​កម្លាំង​ស្វ័យការពារ​ជប៉ុន​ដោយ​ប្រើ​យន្តហោះចម្បាំង​ប្រភេទ F-2 និង F-15 សរុប​ចំនួន ៨គ្រឿង ហើយ​ពី​ខាង​ភាគី​ឥណ្ឌា​វិញ​ចូលរួម​ដោយ​ទ័ពអាកាស​ចំនួន ១៥០នាក់​របស់​កម្លាំង Indian Air Force។ តាម​ពិត​ទៅ ជប៉ុន និង​ឥណ្ឌា​បាន​សម្រេច​ឲ្យ​មាន​សមយុទ្ធ​របៀប​នេះ​នៅ​ក្នុង​ជំនួប​ថ្នាក់​ប្រមុខ​ការបរទេស និង​ប្រមុខ​ការពារ​រៀបចំ​ក្នុង​ទីក្រុង​ញូដែលី​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៩។

តែ​ដោយសារ​វិបត្តិ​កូវីដ១៩ ការ​អនុវត្តន៍​ជាក់ស្តែង​ត្រូវ​បាន​លើក​ពេល​មក​ដល់​ឆ្នាំ ២០២៣ នេះ។ គួរ​បញ្ជាក់​ថា ជប៉ុន និង​ឥណ្ឌា​ជា​ប្រទេស​សមាជិក​ក្នុង​ចង្កោម​កិច្ចសន្ទនា​ចតុភាគី​ស្តីពី​សន្តិសុខ​ហៅ​កាត់​ជា​ភាសា​បារាំងក្វាដ « Quad » ជាមួយ​អាមេរិក និង​ប្រទេស​អូស្រា្តលី។ កម្មវត្ថុ​របស់ក្វាដ « Quad » ដែល​បាន​ផ្តួចផ្តើម​ដំបូង​ក្នុង​ឆ្នាំ ២០០៧ និង​ផ្តល់​សន្ទុះ​ថ្មី​ក្នុង​ឆ្នាំ ២០១៧ គឺ​ដើម្បី​បង្កើន​តុល្យភាព​កម្លាំង​ប្រឈម​ទប់​នឹង​កំណើន​ឥទ្ធិពល​សេដ្ឋកិច្ច យោធា និង​បច្ចេកវិទ្យា​របស់​ចិន​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។ ក្រៅ​ពី​ជាមួយ​ឥណ្ឌា ជប៉ុន​ក៏​បាន​រៀបចំ​សមយុទ្ធ​ជាមួយ​សម្ព័ន្ធ​របស់​ខ្លួន​ជា​ច្រើន​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

បច្ចុប្បន្ន​នេះ និង​ជាង​ពេល​ណាៗ​ទាំង​អស់ ការពារជាតិ​ជា​វិស័យ​អាទិភាព​ទី១ ដែល​រដ្ឋាភិបាល​ក្រុង​តូក្យូ​បាន​ធ្វើ​កំណែទម្រង់​ទ្រង់ទ្រាយ​ធំ និង​ស៊ីជ្រៅ។ ក្នុង​ខែ​ធ្នូ ឆ្នាំ ២០២២ ក្រុង​តូក្យូ​បាន​អនុម័ត​នូវ​យុទ្ធសាស្រ្តសន្តិសុខជាតិ​ថ្មី​មួយ​ដែល​គ្រោង​បង្កើន​ទ្វេ​ដង​នូវ​ថវិកា​ការពារជាតិ​ប្រចាំ​ឆ្នាំ​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០២៧។ ថ្មីៗ​នេះ​នា​ទស្សនកិច្ច​នៅ​ក្នុង ៥ប្រទេស​សមាជិក G៧ នាយករដ្ឋមន្រ្តី​ជប៉ុន​លោក​គីស្ហ៊ីដា​បាន​ចុះ​ហត្ថលេខា​លើ​ការ​ពង្រីក​សន្ធិសញ្ញា​សន្តិសុខ​ក្នុង​វិស័យ​អាវកាស​ជាមួយ​អាមេរិក និង​ព្រមព្រៀង​យោធា​ជាមួយ​ប្រទេស​អង់គ្លេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ