អានតួអត្ថបទ
ចិន-តៃវ៉ាន់

តៃវ៉ាន់​បរិហារ​សមយុទ្ធថ្មីបែប​វាយ​លុក​​របស់​ចិន

ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​ខែ​ផង ចិន​បាន​បើក​ធ្វើ​សមយុទ្ធ​ ដល់​ទៅ​ពីរ​ដង​នៅ​ជុំ​វិញ​កោះ​តៃវ៉ាន់។ នេះ​បើ​តាម​ក្រសួងការពារ​ជាតិ​តៃវ៉ាន់​ដែល​គូស​បញ្ជាក់​ថា ​ចាប់​សញ្ញាបាន​ឃើញ​មាន​យន្តហោះ​ចិន​ចំនួន​៥៧​គ្រឿង ផ្តុំ​គ្នា​ធ្វើ​សមយុទ្ធ​ នៅល្ងាច​មិញ ព័ទ្ធជុំ​វិញ​កោះ​តៃវ៉ាន់ បែប​វាយប្រហារ​តាម​ផ្លូវ​គោក និងវាយលុក​​​សម្រុកតាម​ផ្លូវ​ទឹក។

រូបថត​ចិន​ធ្វើ​សមយុទ្ធ​ ថត​ដោយ​ក្រសួងការពារជាតិ​រុស្ស៊ី​កាលពី​ថ្ងៃទី ២២​ធ្នូ ២០២២
រូបថត​ចិន​ធ្វើ​សមយុទ្ធ​ ថត​ដោយ​ក្រសួងការពារជាតិ​រុស្ស៊ី​កាលពី​ថ្ងៃទី ២២​ធ្នូ ២០២២ AP
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តី​ថ្លែងការណ៍​ដ៏​ខ្លី​ អាជ្ញាធរ​​ចិនបាន​ប្រកាស​ថា លំហាត់​សឹក​នេះ ជា​ការ​ធ្វើ​តេស្​​សាកល្បង​មើល​សមត្ថភាព​ប្រយុទ្ធ​រួម​ ប្រឆាំង​នឹង​សកម្មភាព​បង្កហេតុ​របស់មហា​​អំណាច​ខាង​ក្រៅ និង​របស់​កងកម្លាំង​ចង់​ផ្តាច់​ទឹក​ដី​ស្និទ្ធ​នឹង​ក្រុម​អ្នក​ឯករាជ្យ​និយម​តៃវ៉ាន់។

ប៉ុន្តែ​នេះ​ជា​ពាក្យ​ចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន ! ជាមួយ​នឹង​សេចក្តី​ប្រកាស​ថ្កោល​ទោស​យ៉ាង​ខ្លាំង​សមយុទ្ធ​របស់​ចិន​ លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ បានអះអាង​ថា សន្តិសភាព​និង​ស្ថិរភាព​នៅ​ច្រក​សមុទ្ទ​តៃវ៉ាន់​ និង​តំបន់ ជា​ទំនួល​ខុស​ត្រូវ​រួម​រវាង​តៃវ៉ាន់ និង​ចិន។ តៃវ៉ាន់ មាន​ជំហរ​ច្បាស់​លាស់បំផុត គឺ​មិន​បង្កហេតុ មិន​នាំ​រឿង​ មិន​នាំ​ភាពក្តៅក្រហាយ ​មិន​បង្កើន​ជម្លោះ​និង​វិបត្តិ​ ប៉ុន្តែ​តៃវ៉ាន់​នឹងការពារ​បូរណភាព​ដែន​ដី​និង​សន្តិសុខ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​ប្រធានាធិបតី​តៃវ៉ាន់។

នៅ​មុន​នេះ​បន្តិច ក្រសួងការពារ​ជាតិ​តៃវ៉ាន់ បាន​លើក​ឡើង​ថា មាន​យន្តហោះចិន​ចំនួន​៥៧​គ្រឿង និង​នាវា​ចំនួន​បួនគ្រឿង បាន​ធ្វើ​ប្រតិបត្តិការ ហាត់​សម​នៅ​ជុំ​វិញ​កោះ​តៃវ៉ាន់ រយៈ​ពេល​ប្រមាណ​២៤​ម៉ោង​ចុងក្រោយ​មក​នេះ។ ក្នុង​ចំណោម​យន្តហោះ​ទាំង​នោះ​ ២៨​គ្រឿង​ទំនង​ជា​បាន​ហោះ​រំលោភ​ចូល​ក្នុង​តំបន់​ការពារ​ដែនអាកាសរបស់​តៃ​វ៉ាន់​ផង។

សូម​រំលឹក​ថា កាលពី​ចុងខែ​ធ្នូ មាន​យន្តហោះ​ចិន​ចំនួន​៤៣​គ្រឿង​បាន​ហោះ​ឆ្លង​ខ្សែ​​ព្រំដែន​ពុះ​ចែក​ច្រក​សមុទ្ទ​តៃវ៉ាន់​ ពី​ចិន​ដីគោក និងកោះ​តៃវ៉ាន់។ ជា​ការ​រំលោភ​ហួសប្រមាណ​ពុំធ្លាប់​មាន​ ក្នុង​បរិបទ​នៃ​ការ​បង្កើន​សម្ពាធ​យោធា​កាន់​តែ​ខ្លាំង​ឡើង​ៗ​របស់​ប៉េកាំង នា​រយៈពេល​បី​ឆ្នាំ​មក​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ