អានតួអត្ថបទ

ពលរដ្ឋចិនប្រមាណ ២៥០ លាននាក់ ឆ្លងជំងឺកូវីដ ក្នុងរយៈពេល២០ថ្ងៃ

សប្តាហ៍នេះ នៅប្រទេសចិន គឺ ក្នុងមួយថ្ងៃ ពលរដ្ឋជាមធ្យម ៣៧ លាននាក់ បានឆ្លងជំងឺកូវីដ១៩។ នេះបើតាមការព្យាករមួយរបស់អាជ្ញាធរសុខភាព​ចិន។ ជាសរុបមធ្យម ១៨% នៃប្រជា​ពលរដ្ឋចិន បានឆ្លងកូវីដ ចាប់ពីដើមខែធ្នូមក។ ជំងឺកូវីដនៅចិន កាន់តែឆ្លងកើនឡើង​លឿងខ្លាំង នៅពេលដែល​រដ្ឋាភិបាលឈប់អនុវត្តនយោបាយកូវីដសូន្យ។ នយោបាយកូវីដសូន្យ ដែលត្រូវពលរដ្ឋចិនខ្លួនឯង ទាមទារឲ្យលុបចោល។​

ទិដ្ឋភាព​ក្នុង​មន្ទីរពេទ្យ​មួយ នៃ​ខេត្ត​ Hebei នាថ្ងៃទី​២១ធ្នូ។
ទិដ្ឋភាព​ក្នុង​មន្ទីរពេទ្យ​មួយ នៃ​ខេត្ត​ Hebei នាថ្ងៃទី​២១ធ្នូ។ AP - Dake Kang
ផ្សាយពាណិជ្ជកម្ម

នៅស្រុក​​ចិន ចំនួន​​អ្នក​រងគ្រោះស្លាប់ និង​ចំនួន​អ្នក​ធ្លាក់​ខ្លួន​ឈឺ​ឆ្ល​ង​កូវីដ គឺ ស្ថិតិនៅលើក្រដាសនិងនៅលើមាត់មន្ត្រីបក្ស ​មិនដូចគ្នាទេនឹងការពិតជាស្តែង។ ការពិតជាក់ស្តែង គឺសេវាសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យចិន ពេញណែន ខណៈពេលដែល ស្ថិតិតុល្យការ ផ្លូវការ គឺហាក់ដូចជាគ្មានអ្វីច្រើនធ្ងន់ធ្ងរសោះ។ នេះតាម​ការ​សង្កេត​ដោយ​ផ្ទាល់​របស់​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​វិទ្យុ​បារាំង​អន្តរជាតិ​ប្រចាំរដ្ឋធានីប៉េកាំង។

​ទិន្នន័យរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg បញ្ជាក់ថា ប្រជាជនចិន ២៤៨ លាននាក់បានឆ្លងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ក្នុងរយៈ​ពេល២០ថ្ងៃ​ ក្នុង​ខែធ្នូ ដែលគិតជាមធ្យម ១២ លាន ៤ សែននាក់ ឆ្លងកូវីដក្នុងមួយថ្ងៃៗ​។ នៅថ្ងៃសុក្រ សារព័ត៌មានផ្លូវការចិន បានបញ្ជាក់ក្នុងអត្ថបទមួយ ថា នៅក្រុងឃីងដាវ ( Quingdao) នៅជាប់កំពង់ផែ ដែលមានពលរដ្ឋ១០លាននាក់ គឺ ក្នុងមួយថ្ងៃៗ គ្រាន់តែ​ក្នុង​ក្រុង​នេះ​​ អ្នកឆ្លងជំងឺ មានចន្លោះពី ៥០ម៉ឺននាក់ ទៅ ៥៣ម៉ឺននាក់ ។ ក៏ប៉ុន្តែ អត្ថបទនេះ ត្រូវរដ្ឋអំណាចចិន ដកចេញ លុបចោល ព្រោះ​​គេមិនអាចរកឃើញអត្ថបទនោះ ទេ នៅថ្ងៃសៅរ៍។ រដ្ឋអំណាចចិន ក៏​បានប្រកាសកែព័ត៌មានវិញ ថា ទូទាំងខេត្តស៊ានតុង ទាំងមូល មានឆ្លងកូវីដ តែត្រឹម​ ២៤ ករណីប៉ុណ្ណោះ។​

នៅ​ថ្ងៃ​សៅរ៍ រដ្ឋអំណាច​ចិន ពុំ​បាន​កត់ត្រា​និង​បញ្ជាក់​ពី​ចំនួន​អ្នក​ស្លាប់​ព្រោះតែ​ជំងឺ​កូវីដ​សោះឡើយ ខណៈ​ដែល​ រូបភាព និង​ដំណឹង​ផ្សាយ​ពី​មរណភាព​ នៅ​លើបណ្តាញ​សង្គម Weibo ឲ្យ​តែ​មាន​ផុស​ផ្សាយ គឺត្រូវ​រដ្ឋ​អំណាច​លុប​ចេញ​​ ​ភ្លាម​ៗ​។

ដើម្បី​ជៀសវាងឆ្លងកូវីដ អាជ្ញាធរ​ក្រុង​សៀងហៃ បាន​ជូន​យោបល់ថា កុំ​ចេញ​ពីផ្ទះ ប្រសិន​បើ​មិន​ចាំបាច់។ ក៏ប៉ុន្តែ អាជ្ញាធរ​ក្រុង ​ហុងកុង វិញ បានប្រកាសត្រៀម​បើ​ក​ព្រំដែន​វិញ​ នៅ​ខែ​មករា បន្ទាប់ពី​បិទ​​ក្រុង ​៣ ឆ្នាំមកហើយ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ