អានតួអត្ថបទ
ចិន-កូវីដ១៩

Steve Tsang ៖ ចិន​បោះបង់​គោល​នយោបាយ​កូវីដសូន្យ គឺ​មិនមែន​ចង់ជួយ​ប្រជាជន​ទេ​ តែ​គឺ​ដើម្បី​​​ការពារ​​អំណាច

សេដ្ឋកិច្ចចិនបានធ្លាក់ចុះគួរឲ្យ​បារម្ភ ដោយសារតែវិធានការបិទខ្ទប់ដ៏តឹងតែង ប្រមាណ​ជិត​៣ឆ្នាំមកនេះ​។ តែយ៉ាងណា យោងតាមការវិភាគខ្លះទៀត គឺ​ការសម្រេចដកថយ ឈប់ប្រើប្រាស់​គោល​នយោបាយ​កូវីដសូន្យ នាពេលនេះ គឺទំនងជាគណបក្សកុម្មុយនីស្ត​ចិន ព្រួយបារម្ភពីកំហឹងតវ៉ា បាតុកម្មរបស់​ប្រជាជនចិន​ ដែលបានផ្ទុះឡើង​កាល​ពី​​ចុងខែវិច្ឆិកា។ លោក Steve Tsang សាស្ត្រាចារ្យនៅសកលវិទ្យាល័យទីក្រុង​ឡុងដ៍ បាន​លើកឡើងថា របបកុម្មុយនីស្តចិន មិនបានចាត់ទុករឿងសេដ្ឋកិច្ច ឬក៏សុខភាព​​​របស់ប្រជាពលរដ្ឋជាធំទេ។ អ្វីដែលជាអាទិភាព គឺធ្វើយ៉ាងណាការពារអំណាចខ្លួន ​​តែប៉ុណ្ណោះ។

អ្នកជំងឺកូវីដចំណាស់ម្នាក់ កំពុងត្រូវក្រុមគ្រូពេទ្យ​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​មួយ​ក្នុងក្រុងប៉េកាំង ថ្ងៃទី ៩ ធ្នូ ២០២២
អ្នកជំងឺកូវីដចំណាស់ម្នាក់ កំពុងត្រូវក្រុមគ្រូពេទ្យ​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​មួយ​ក្នុងក្រុងប៉េកាំង ថ្ងៃទី ៩ ធ្នូ ២០២២ AP - Ng Han Guan
ផ្សាយពាណិជ្ជកម្ម

ថ្មីៗនេះ រដ្ឋាភិបាលចិន ទើបតែបាន​ប្រកាសពីវិធានការបន្ធូរបន្ថយ​មួយចំនួន​ ទាក់ទិននឹងការ​បង្ការកូវីដ​១៩។ គោល​នយោបាយ​កូវីដសូន្យរបស់​លោកស៊ី ជីនពីង ទំនងជាត្រូវបាន​បោះបង់ចោល​ហើយ។ អំណេះតទៅ គឺការធ្វើតេស្តទ្រង់ទ្រាយធំសឹងជារៀងរាល់ថ្ងៃ នឹងត្រូវកាត់បន្ថយ  អ្នកវិជ្ជមានកូវីដដែល​គ្មានអាការៈជម្ងឺ អាចសម្រាកនៅផ្ទះបាន ដោយ​មិនត្រូវគេចាប់បង្ខំ យកទៅឃុំនៅ​មណ្ឌលធ្វើចត្តាឡីស័កដូចមុន​ ហើយ​ប្រជាជន ​ក៏អាចធ្វើដំណើរឆ្លងពី​ខេត្តមួយទៅ​ខេត្តមួយ​ ដោយ​មិនចាំបាច់ធ្វើតេស្ត​PCR។

01:39

សម្រង់​ប្រសាសន៍​របស់​ Steve Tseng សាស្ត្រាចារ្យ​នៅ​សកលវិទ្យាល័យ​ទីក្រុង​ឡុងដ៍

“ ប្រសិនបើយើងក្រឡេកទៅមើលបទពិសោធន៍ តួលេខនៅតាមប្រទេសផ្សេងៗទៀត ដែលរងគ្រោះដោយ​កូវីដ គឺវាប្រាកដណាស់ ថាចិន​ប្រាកដជានឹងមាន​ករណីអ្នកជំងឺឈឺធ្ងន់ ត្រូវព្យាបាល​សង្គ្រោះបន្ទាន់ នៅថ្ងៃខាងមុខ ក្នុងទំហំមួយ​ច្រើនគួរ​ឲ្យ​បារម្ភ។ ករណីអ្នកជំងឺស្លាប់​ក៏នឹងអាចកើនឡើង។ ទាំងនេះ គឺដោយសារតែការបន្ធូរបន្ថយ​វិធាន​ការបង្ការ ដែលធ្វើឲ្យ​ការឆ្លងរាលដាលកូវីដអូមីក្រុង កើនឡើងខ្លាំងនៅចិន។ ដូច្នេះ វាច្បាស់ណាស់ហើយ ដែលថា អាទិភាព​របស់​រដ្ឋាភិបាលចិន គឺមិនមែនការពារ​សុខភាព សុវត្ថិភាព​ប្រជាពលរដ្ឋនោះទេ ដូចអ្វីដែល​គេធ្លាប់បាន​ប្រកាសនោះទេ។ តែគឺដើម្បី​ការពារអំណាចរបស់គេតែប៉ុណ្ណោះ។

គ្មានសញ្ញាសង្ឃឹមច្រើននោះឡើយ ស្តីពី​ការស្ទុះឡើងវិញផ្នែកសេដ្ឋកិច្ចរបស់ចិន។ ព្រោះថា កម្រិតចាក់វ៉ាក់សាំងនៅចិនរាល់ថ្ងៃនេះ គឺទាបខ្លាំងសម្បើមណាស់។ បន្ថែមពី​នេះ មន្ទីរពេទ្យ​នៅចិន នឹងគ្មានសមត្ថភាព​ចាត់ចែងព្យាបាល សង្គ្រោះអ្នកជំងឺ ដែល​នឹងកើនឡើងយ៉ាងគំហុក ភ្លាម​មួយរំពេចបានទេ។

សេដ្ឋកិច្ចនឹងបន្ត​លំបាកទៀត ព្រោះថាមនុស្ស​នឹង​អវត្តមានច្រើន មិនអាចទៅធ្វើការបាន ដោយសារតែវិជ្ជមានឆ្លងកូវីដ ព្រមទាំងដោយសារវិធានការបិទខ្ទប់ខ្លះៗ នៅតាមទីតាំងតំបន់មួយចំនួន។ តាមយោបល់ខ្ញុំ គឺ​សេដ្ឋកិច្ចចិននឹងនៅតែជួបបញ្ហាបន្តទៀត បើទោះបីជា វានឹងរងផលប៉ះពាល់​ស្រាលជាងពេលមុន ដែល​ចិន​មាន​​វិធានការសុខាភិបាល​ដ៏តឹងតែងក៏ដោយ​។"

សូមបញ្ជាក់ដែរថា ប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពី​រដ្ឋាភិបាលចិនបាន​ប្រកាស​ លែងតម្រូវឲ្យ​មានការធ្វើចត្តាឡីស័កនៅតាមមណ្ឌល​រួម ប្រជាជនចិន​ជាច្រើន បានសំរុក​​ទៅទិញថ្នាំ​ដើម្បីទុកលេបព្យាបាល ក្នុងករណីដែលខ្លួនឆ្លងមេរោគកូវីដ១៩។ ការសំរុក​ដណ្តើម​គ្នា​ទិញនេះ​ បានធ្វើ​ឲ្យ​ដាច់ស្តុកនូវឱសថសំខាន់​ៗមួយចំនួន ហើយទន្ទឹមគ្នានេះ ក៏មានជនឆក់ឱកាស បោកប្រាស់លក់ចែកចាយ​ឱសថក្លែងក្លាយ​ផងដែរ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ