អានតួអត្ថបទ
កូរ៉េខាងត្បូង

ព្រឹត្តិការណ៍​ប្រជ្រៀត​ជាន់គ្នា៖មេប៉ូលិសជាតិ​កូរ៉េខាងត្បូង​ទទួលស្គាល់ថា មិនបាន​ចាត់វិធានការ​គ្រប់គ្រាន់

នៅកូរ៉េខាងត្បូង ពីរថ្ងៃ​ក្រោយ​ព្រឹត្តិការណ៍ប្រជ្រៀតចូលជាន់គ្នា ដែលបាន​សម្លាប់​មនុស្ស​យ៉ាងហោច ១៥៦នាក់ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​បាន​ចេញមុខ​សុំទោស។ ចំណែក មេប៉ូលិស​ជាតិកូរ៉េខាងត្បូង​ទទួលស្គាល់​ថា មិនបាន​ចាត់វិធានការគ្រប់គ្រាន់ នៅក្រោយ​ទទួលបាន​ព័ត៌មាន ស្តីពីគ្រោះថ្នាក់​នៃ​ការជួបជុំណែនណាន់តាន់តាប់​របស់​ហ្វូងមនុស្ស កាល​ពី​យប់​ថ្ងៃ​សៅរ៍។

មេប៉ូលិស​ជាតិកូរ៉េខាងត្បូង លោកយុន ហ៊ីគឿន ឱនគោរពសុំទោស​នៅក្រោយ​សោកនាដកម្ម​ប្រជ្រៀតជាន់គ្នា ដែលបានសម្លាប់មនុស្ស​១៥៦នាក់នៅ​សង្កាត់​អ៊ីតៃវ៉ុន នៅទីក្រុង​សេអ៊ូល នៅយប់ថ្ងៃបុណ្យហាឡូវីន ថ្ងៃសៅរ៍ទី ២៩​តុលា ២០២២
មេប៉ូលិស​ជាតិកូរ៉េខាងត្បូង លោកយុន ហ៊ីគឿន ឱនគោរពសុំទោស​នៅក្រោយ​សោកនាដកម្ម​ប្រជ្រៀតជាន់គ្នា ដែលបានសម្លាប់មនុស្ស​១៥៦នាក់នៅ​សង្កាត់​អ៊ីតៃវ៉ុន នៅទីក្រុង​សេអ៊ូល នៅយប់ថ្ងៃបុណ្យហាឡូវីន ថ្ងៃសៅរ៍ទី ២៩​តុលា ២០២២ REUTERS - HEO RAN
ផ្សាយពាណិជ្ជកម្ម

រងការរិះគន់​ថា មិនបាន​គ្រប់គ្រង​ត្រួតពិនិត្យ​ហ្វូង​មនុស្ស រហូត​បណ្តាល​ឲ្យកើតមាន​សោកនាដកម្ម ប្រជ្រៀតជាន់​គ្នា ដែលបាន​សម្លាប់មនុស្ស​យ៉ាងតិច ១៥៦​នាក់ កាលពីថ្ងៃ​សៅរ៍ មេប៉ូលិសជាតិកូរ៉េខាងត្បូង លោក​យុន ហ៊ីគឿន បាន​ចេញមុខ​មកបកស្រាយ នៅក្នុង​សន្និសីទកាសែត នៅថ្ងៃអង្គារទី ១​វិច្ឆិកា។

តាម​មេប៉ូលិសជាតិ កូរ៉េខាងត្បូង នៅមុន​ហេតុការណ៍​ប្រជ្រៀត​ជាន់គ្នា ប៉ូលិស​បាន​ទទួលព័ត៌មានជាច្រើន​ស្តីពី​ការប្រមូលផ្តុំ​ហ្វូង​មនុស្ស​ដ៏​ធំ​សំខាន់​មួយ នៅ​សង្កាត់​អ៊ីតៃវ៉ុន ដែល​អាច​បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់​បន្ទាន់។ ប៉ុន្តែ នៅ​ពេល​នោះ ប៉ូលិស​បាន​ចាត់​វិធានការ​មិនគ្រប់គ្រាន់។

ជាទូទៅ កូរ៉េខាងត្បូង ពូកែខាងគ្រប់គ្រង រក្សា​សណ្តាប់ធ្នាប់ សន្តិសុខ ដោយ​បាន​ពង្រាយ​កម្លាំងប៉ូលិស​ច្រើនក្រាស់ក្រែល សម្រាប់​ការជួបជុំ បាតុកម្មនានា នៅក្នុង​ប្រទេស។ ឧទាហរណ៍ជាក់ស្តែង ​នៅថ្ងៃ​កើតហេតុ ប៉ូលិស ៦៥០០ នាក់​ត្រូវ​បាន​ពង្រាយ សម្រាប់​បាតុកម្ម នៅ​ទីក្រុង​សេអ៊ូល ដែលមាន​មនុស្ស​ចូលរួម ប្រមាណ ២៥ ០០០នាក់។ ប៉ុន្តែ សម្រាប់​ការប្រមូលផ្តុំមនុស្ស សម្រាប់​ពិធីបុណ្យ​ខ្មោច ហាឡូវីន នៅ​សង្កាត់​អ៊ីតៃវ៉ុនវិញ ប៉ូលិស​ទទួលស្គាល់​ថា បាន​ពង្រាយ​កម្លាំង​តែ ១៣៧នាក់ប៉ុណ្ណោះ ក្នុងខណៈពេល​ដែល មនុស្ស​ប្រមាណ ១សែននាក់ ដើរ​រុញ​ប្រជ្រៀតគ្នា ណែនណាន់​តាន់តាប់ នៅ​សង្កាត់រាត្រី អ៊ីតៃវ៉ុន។

តាម​ការចុះផ្សាយ​របស់​កាសែត​កូរ៉េខាងត្បូង ផ្ទុយពីបាតុកម្ម​នយោបាយ ឬ​សហជីព ដែលមាន​អ្នករៀបចំ និង​ជូនដំណឹង​ជាមុន​ទៅអាជ្ញាធរ ការជួបជុំសប្បាយ​របស់​ក្រុមយុវវ័យ​រាប់ម៉ឺន​នាក់ នៅ​សង្កាត់​អ៊ីតៃវ៉ុន កាលពីថ្ងៃ​សៅរ៍ ធ្វើឡើង ដោយ​គ្មាន​អ្នករៀបចំ​ពិតប្រាកដ ពោល គឺ​គ្រាន់តែ​ជា​ការផ្អើលជ្រួលតាមគ្នា ប៉ុន្តែ មិនមែនជា​កម្មវិធី​មហោស្រព កម្មវិធី​បុណ្យ​ផ្លូវការ ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​ត្រូវតែ​ចាត់វិធានការ ពង្រាយ​រក្សា​សន្តិសុខ។

នៅក្រោយ​សោកនាដកម្ម​ប្រជ្រៀត​ជាន់គ្នា នៅទីក្រុង​សេអ៊ូល ប្រធានាធិបតី កូរ៉េខាងត្បូង លោក​យុន សុខយោល បាន​បញ្ជា នៅថ្ងៃ​អង្គារ​ឲ្យ​គេ​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​ហ្វូងមនុស្ស បើទោះបីជាមាន ឬ​មិនមាន​អ្នករៀបចំ​កម្មវិធីផ្លូវការក្តី។ សម្រាប់​លោក សន្តិសុខ សុវត្ថិភាព​របស់​មនុស្ស​សំខាន់ណាស់។

នៅយប់ថ្ងៃ​បុណ្យហាឡូវីន ដែលរៀបចំឡើង​នៅក្រោយ សម័យកូវីដ ហ្វូង​មនុស្ស​រាប់ម៉ឺននាក់ ដែលភាគច្រើនជា​យុវជន បាន​ទៅ​ពពាក់ពពូន កកកុញគ្នា ណែនណាន់តាន់តាប់ នៅគ្រប់ផ្លូវតូចៗ ចង្អៀត ក្នុង​សង្កាត់រាត្រី អ៊ីតៃវ៉ុន។ សាក្សីជាច្រើននិយាយ​ថា ដោយសារ​តែ​គ្មានការរៀបចំ ត្រួតពិនិត្យ​របស់​អាជ្ញាធរ​ប៉ូលិស ក្រុមមនុស្ស​ដែលភ័យជ្រួលច្របល់ ស្លន់ស្លោ បានបាត់បង់​ម្ចាស់ការ និង​គិតតែ​ពីរុញច្រាន​ប្រជ្រៀតគ្នា កៀប​ធ្វើឲ្យ​ អ្នកដែល​នៅជាប់គាំងកណ្តាល ថប់ដង្ហើមស្លាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ