អានតួអត្ថបទ

កូរ៉េខាងជើងបន្តផ្គើនសហគមន៍អន្តរជាតិដោយបាញ់មីស៊ីលបាលីស្ទិកលើកទី៤ ក្នុងពេលតែមួយសប្តាហ៍

នៅ​ឧបទ្វីប​កូរ៉េ កងទ័ព​កូរ៉េខាងត្បូង​បាន​ប្រាប់​ឲ្យ​ដឹង​នា​ថ្ងៃ​សៅរ៍ ទី១ តុលា​នេះ​ថា កូរ៉េខាងជើង​បាន​បាញ់​មីស៊ីលបាលីស្ទិក​ចំនួន ២គ្រាប់​ដែល​ជា​ការ​បាញ់​លើកទី៤ ក្នុង​ពេល​តែ​មួយ​សប្តាហ៍។ ការ​បាញ់​ជា​ថ្មី​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​កូរ៉េខាងត្បូង ជប៉ុន និង​អាមេរិក​បាន​ធ្វើ​សមយុទ្ធ​ប្រឆាំង​នាវាមុជទឹក​រួម​គ្នា​ក្នុង​ថ្ងៃ​សុក្រ ទី៣០ កញ្ញា។ គួរ​បញ្ជាក់​ថា កូរ៉េខាងជើង​តែង​ប្រឆាំង​នឹង​សមយុទ្ធ​រៀបចំ​ដោយ​កូរ៉េខាងត្បូង និង​អាមេរិក​ដោយ​យល់​ថា សមយុទ្ធ​របៀប​នេះ​ជា​ការ​រៀបចំ​ជើងព្រួល​ដើម្បី​វាយ​កូរ៉េខាងជើង។

កូរ៉េខាងជើងបន្តផ្គើនសហគមន៍អន្តរជាតិដោយបាញ់មីស៊ីលបាលីស្ទិកលើកទី៤ ក្នុងពេលតែមួយសប្តាហ៍។
កូរ៉េខាងជើងបន្តផ្គើនសហគមន៍អន្តរជាតិដោយបាញ់មីស៊ីលបាលីស្ទិកលើកទី៤ ក្នុងពេលតែមួយសប្តាហ៍។ AP - Ahn Young-joon
ផ្សាយពាណិជ្ជកម្ម

ការ​បាញ់​មីស៊ីលបាលីស្ទិក​របស់​កូរ៉េខាងជើង​ពេល​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​កូរ៉េខាងត្បូង និង​ប្រទេស​ជប៉ុន។ មេបញ្ជាការ​កងទ័ព​កូរ៉េខាងត្បូង​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​ថា មីស៊ីលបាលីស្ទិក​ទាំង​ពីរ​គ្រាប់​បាន​ហោះ​ក្នុង​ចម្ងាយ​ប្រមាណ ៣៥០គីឡូម៉ែត្រ និង​ក្នុង​កម្ពស់ ៣០គីឡូម៉ែត្រ។ ចំណែក​ជប៉ុន​បាន​បន្ថែម​ដោយ​លំអិត​ថា មីស៊ីល​ទាំង​ពីរ​គ្រាប់​ហាក់​បាន​ធ្លាក់​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ជប៉ុន។ បើ​តាម​អនុរដ្ឋមន្រ្តី​ការពារជាតិ​ជប៉ុន​លោក​តូស្ហ៊ីរ៉ូ អ៊ីណូ មីស៊ីល​ទាំង​ពីរ​គ្រាប់​ហាក់​បាន​ហោះ​ក្នុង​គន្លង​ផ្លូវ​ឋេរ​ល្អ។

តាម​ក្រុម​អ្នកជំនាញ ការ​ហោះ​ក្នុង​គន្លង​ផ្លូវ​ឋេរ​នេះ​បញ្ជាក់​ថា គ្រាប់មីស៊ីល​មាន​សមត្ថភាព​បត់បែន​នៅ​ពេល​ហោះ​ដែល​ជា​រឿង​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​ស្ទាក់​ចាប់។ ការ​បាញ់​មីស៊ីលបាលីស្ទិក​របស់​កូរ៉េខាងជើង​ពេល​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​កូរ៉េខាងត្បូង ជប៉ុន និង​អាមេរិក​បាន​ធ្វើ​សមយុទ្ធ​ប្រឆាំង​នាវាមុជទឹក​រួម​គ្នា​ក្នុង​ថ្ងៃ​សុក្រ ទី៣០ កញ្ញា។ កំណត់​សម្គាល់​មួយ​ទៀត ការ​បាញ់​មីស៊ីលបាលីស្ទិក​របស់​កូរ៉េខាងជើង​លើកទី៤ តែ​ក្នុង​ពេល​មួយ​សប្តាហ៍​បាន​ធ្វើ​ឡើង គឺ​ប្រហែល​ដើម្បី​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច និង​ការ​បញ្ចប់​ទស្សនកិច្ច​របស់​អនុប្រធានាធិបតី​អាមេរិក​លោកស្រី​ខាម៉ាឡា ហារីស​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​នា​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ កញ្ញា។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច លោកស្រី​ខាម៉ាឡា ហារីស​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​គ្មាន​កងទ័ព​ដែល​ខ័ណ្ឌ​ចែក​កូរ៉េ​ទាំង​ពីរ។ តែ​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​ក្រុង​ព្យុងយ៉ាង​ក្តៅ​ស្លឹក​ត្រចៀក​ជាង​គេ គឺ​ប្រហែល​ការ​ថ្លែង​របស់​លោកស្រី​ខាម៉ាឡា ហារីស​ដែល​គូសបញ្ជាក់​ពី​ការ​សន្យា​របស់​អាមេរិក​ឥត​ងាករេ​ក្នុង​ការ​ការពារ​កូរ៉េខាងត្បូង​ប្រឆាំង​នឹង​កូរ៉េខាងជើង។ ក្រោយ​ការ​បាញ់​មីស៊ីលបាលីស្ទិក អាមេរិក និង​កូរ៉េខាងត្បូង​បាន​ព្រមាន​ពី​ការ​ដែល​កូរ៉េខាងជើង​អាច​សាកល្បង​នុយក្លេអ៊ែរ​ជា​ថ្មី​នា​ពេល​ខាង​មុខ។ ការ​សាកល្បង​ដែល​អាច​ធ្វើ​នៅ​ចន្លោះ​សមាជ​គណបក្ស​កុម្មុយនិស្ត​ចិន​ថ្ងៃទី១៦ តុលា និង​ការ​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ពាក់​កណ្តាល​អាណត្តិ​ថ្ងៃទី៧ វិច្ឆិកា នេះ​បើ​តាម​ក្រសួង​ស៊ើបការណ៍​សម្ងាត់​កូរ៉េខាងត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ