អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-អ៊ីរ៉ង់-សិទ្ធិស្ត្រី

ស្តី្រ​អាហ្វហ្កានីស្ថាន ធ្វើ​​​បាតុកម្ម​​នៅមុខ​​ស្ថានទូត​​អ៊ីរ៉ង់ ដើម្បី​​សម្ដែង​​ការសាមគ្គី​​ជាមួយ​ស្ត្រី​អ៊ីរ៉ង់

នៅខាងមុខអាគារ​ស្ថានទូតអ៊ីរ៉ង់ ក្នុងក្រុងកាប៊ូល កាលពីថ្ងៃព្រសហ្បតិ៍​ទី​២៩កញ្ញា​ មាន​ស្ត្រី​អាហ្វហ្កានីស្ថានជាង​២០នាក់ បាន​ជួបជុំគ្នាធ្វើបាតុកម្ម ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយ​ស្ត្រីអ៊ីរ៉ង់ ដែល​កំពុងតែធ្វើ​បាតុកម្មប្រឆាំងនឹង​របបអ៊ីស្លាម​ផ្ដាច់ការ​ បំបិទសិទ្ធិស្ត្រី។ ស្ថិតក្រោមគំនៀប​របបផ្តាច់ការតាលីបង់ ស្ត្រីបាតុករនៅកាប៊ូល ចង់ឃើញស្ត្រី​​អាហ្វហ្កានីស្ថាន ក្រោកឈរទាមទារសិទ្ធិ ​ដោយ​យក​គម្រូតាមស្ត្រីអ៊ីរ៉ង់ដែរ។

ស្ត្រីអាហ្វហ្កានីស្ថានជុំគ្នាធ្វើបាតុកម្មនៅខាងមុខស្ថានទូតអ៊ីរ៉ង់ ក្នុងក្រុងកាប៊ូល ដើម្បី​បង្ហាញ​ការគាំទ្រចំពោះបាតុកម្ម​តវ៉ារបស់ស្ត្រីអ៊ីរ៉ង់ ដែលទាមទារសិទ្ធិសេរីភាព។ កាប៊ូល ថ្ងៃទី​២៩កញ្ញា ២០២២
ស្ត្រីអាហ្វហ្កានីស្ថានជុំគ្នាធ្វើបាតុកម្មនៅខាងមុខស្ថានទូតអ៊ីរ៉ង់ ក្នុងក្រុងកាប៊ូល ដើម្បី​បង្ហាញ​ការគាំទ្រចំពោះបាតុកម្ម​តវ៉ារបស់ស្ត្រីអ៊ីរ៉ង់ ដែលទាមទារសិទ្ធិសេរីភាព។ កាប៊ូល ថ្ងៃទី​២៩កញ្ញា ២០២២ AFP - WAKIL KOHSAR
ផ្សាយពាណិជ្ជកម្ម

យ៉ាងហោចណាស់ មានស្ត្រីអាហ្វហ្កានីស្ថាន ចំនួន​ជាង​២០នាក់ បាន​មកជួបជុំគ្នា ស្រែកតវ៉ានៅ​ខាងមុខស្ថានទូ​តអ៊ីរ៉ង់ ក្នុងក្រុងកាប៊ូល។ ក្បាលទទូល​ក្រណាត់ ស្ត្រីបាតុករអាហ្វហ្កានីស្ថាន បានស្រែកបន្លឺថា ស្ត្រី ជីវិត និង​សិទ្ធិសេរីភាព ដើម្បីបង្ហាញការគាំទ្រចំពោះបាតុកម្ម​តវ៉ា របស់ស្ត្រីអ៊ីរ៉ង់ ដែលមានប្រមាណ​២សប្តាហ៍មកនេះ​។

តែបាន​ប្រមាណ​តែ​១៥នាទីក្រោយ​មក សមត្ថកិច្ច​តាលីបង់ បានចុះ​មកចាប់បំបែក​ពួកគេ និងបានដោយ​បានយកកាំភ្លើង​បាញ់រះឡើងទៅលើ ដើម្បីបំភ័យ។ យោងតាមអ្នកកាសែតបារាំង AFP ដែលស្ថិតនៅទីតាំងផ្ទាល់ បាន​ឲ្យដឹងថា សមត្ថកិច្ចតាលីបង់ បាន​យក​ដំបងដេញវាយ​ស្ត្រីបាតុករ ថែមទៀតផង។

គួរបញ្ជាក់ នៅអ៊ីរ៉ង់ បាតុកម្មបានផុសផុលឡើងជារៀងរាល់ល្ងាច បន្ទាប់ពី​មានករណី​ស្លាប់ស្ត្រីអ៊ីរ៉ង់ម្នាក់ ឈ្មោះ Mahsa Amini កាលពីថ្ងៃទី​១៦កញ្ញា បន្ទាប់ពីស្ត្រីរូបនេះ ត្រូវបាន​សមត្ថកិច្ច​ប្រពៃណីអ៊ីស្លាមចាប់ឃាត់ខ្លួនដោយ​ចោទថាមិនបាន​ស្លៀកពាក់ត្រឹមត្រូវ​ និង​ទទូលក្រណាត់គ្រប់សក់​ឲ្យ​ជិត។ យោងតាម អង្គការ Human Rights Watch បាតុកម្ម​ខ្លាំងក្លា២សប្តាហ៍​មកនេះ បានបណ្តាល​ឲ្យ​ស្លាប់​មនុស្សចំនួន យ៉ាងហោច​​៧៦នាក់ ដោយសារតែការបង្ក្រាបយ៉ាងហិង្សារបស់​សមត្ថកិច្ចអ៊ីរ៉ង់។

នៅទីក្រុងកាប៊ូល ស្ត្រីបាតុករអាហ្វហ្កានីស្ថានបាន​ថ្លែងថា ស្ត្រីអាហ្វហ្កានីស្ថាន ត្រូវតែយកគម្រូតាម​ស្ត្រីអ៊ីរ៉ង់ ដែល​មានភាពក្លាហាន ហ៊ានធ្វើបាតុកម្ម​មិនខ្លាចស្លាប់ មិនខ្លាចការចាប់​ខ្លួន ដើម្បី​ទាមទារសិទ្ធិសេរីភាព។ ប្រជាជនអាហ្វហ្កានីស្ថាន ដែលធុញទ្រាន់នឿយណាយនឹងអំពើឧក្រិដ្ឋរបស់របប​ផ្តាច់ការតាលីបង់ គង់តែមានថ្ងៃក្រោក​​បះបោរប្រឆាំងនោះទេ។ ស្ត្រីបាតុករម្នាក់ បាន​លើកឡើងថា​ ដរាបណារបបអ៊ីស្លាមផ្តាច់ការដូ​ចនៅអ៊ីរ៉ង់ និងដូចនៅអាហ្វហ្កានីស្ថាននេះ​ នៅតែគ្រប់គ្រងប្រទេស គឺ​ស្ត្រីនឹងគ្មានសិទ្ធិសេរីភាពឡើយ។

គួររំលឹកថា ក្រុមតាលីបង់បានវិលត្រលប់​មកគ្រប់គ្រងអំណាចវិញ នៅអាហ្វហ្កានីស្ថាន បន្ទាប់ពីអាមេរិកបានដកទ័ពចេញ កាលពីខែសីហាឆ្នាំ​២០២១។ របបអ៊ីស្លាមផ្តាច់ការនេះ បាន​ចេញវិធានការជាច្រើន រារាំងស្ត្រីមិនឲ្យ​ធ្វើការ មិនឲ្យ​មានសិទ្ធិធ្វើដំណើរ និង​បានបិទសាលារៀន សម្រាប់​សិស្សស្រីថែមទៀត។ រដ្ឋាភិបាលតាលីបង់ បានបង្កើតកងសមត្ថកិច្ចពិសេស ចាំតាម​ដាន​ និងដាក់ពិន័យលើ​ស្ត្រី​អាហ្វហ្កានីស្ថាន ដែល​ស្លៀកពាក់មិនជិតខ្លួន មិន​ទទូលក្រណាត់លើក្បាល​ឲ្យជិត ឬមិន​គោរព​ការបែងចែកនៅ​លាយ​ឡំជាមួយមនុស្ស​ប្រុស នៅតាមទីសាធារណៈជាដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ