អានតួអត្ថបទ

អូស្រ្តាលី៖រដ្ឋាភិបាលបារម្ភខ្លាំងពីការបែកធ្លាយទិន្នន័យរបស់ក្រុមហ៊ុនទូរគមនាគមន៍ Optus

នៅ​ក្នុង​ប្រទេស​អូស្រា្តលី រដ្ឋាភិបាល​បាន​ថ្លែង​ក្នុង​ថ្ងៃ​អង្គារ ទី២៧ កញ្ញា​ពី​ការ​បារម្ភ​ជា​ពន់ពេក​ចំពោះ​ការ​បែក​ធ្លាយ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អតិថិជន​នៃ​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​លំដាប់ទី២ ឈ្មោះ Optus កាល​ពី​សប្តាហ៍​កន្លង​ទៅ។ ការ​បែកធ្លាយ​ទិន្នន័យ​ផ្ទាល់ខ្លួន​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អតិជន​ជិត ១០លាននាក់​របស់​ក្រុមហ៊ុន Optus។ ក្រៅ​ពី​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អតិថិជន​ក្រុមហ៊ុន Optus ក៏​មាន​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​សេវា​សុខភាព Medicare ដែរ។

នាយករដ្ឋមន្រ្តីអូស្រា្តលី លោកអង់តូនី អាល់បានីស៊ី
នាយករដ្ឋមន្រ្តីអូស្រា្តលី លោកអង់តូនី អាល់បានីស៊ី AP - Mark Baker
ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​ស្តីពី​ការ​បែកធ្លាយ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អតិថិជន​នៃ​ក្រុមហ៊ុន​ទូរគមានគមន៍ Optus មាន​ជាប់​ពាក់ព័ន្ធ​នឹង​មនុស្ស​រហូត​ដល់​ទៅ ៩លាន ៨សែននាក់ ពោល​ស្មើ​នឹង​ជាង ១ភាគ៣ នៃ​ប្រជាជន​អូស្ត្រាលី​សរុប។ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោកស្រី Clare O’Neil បាន​ថ្លែង​នា​ព្រឹក​ថ្ងៃ​អង្គារ ទី២៧ កញ្ញា​ថា លោកស្រី​ព្រួយបារម្ភ​ជា​ពន់ពេក​ចំពោះ​ការ​បែក​ធ្លាយ​ព័ត៌មាន​ផ្ទាល់ខ្លួន​ដែល​កើត​ចេញ​ពី​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត​លើ​ក្រុមហ៊ុន Optus រួម​ទាំង​ទិន្នន័យ​របស់​សេវាសុខភាព Medicare។ តាម​លោកស្រី Clare O’Neil ទិន្នន័យ​ទាំង​នេះ​កំពុង​ត្រូវ​បាន​ចាយចែក​ដោយ​ទទេ និង​ដោយ​មាន​ការ​ដោះដូរ​ជាមួយ​លុយកាក់។

គួរ​បញ្ជាក់​ថា​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ មាន​ជនអនាមិក​ម្នាក់​ដែល​តាំង​ខ្លួន​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​លួច​ទិន្នន័យ​បាន​ទម្លាយ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​មនុស្ស​ជាង ១០ ០០០នាក់។ នៅ​ក្នុង​សារ​របស់​ខ្លួន ជនអនាមិក​រូប​នេះ​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន Optus បង់​លុយ​ចំនួន ១លានដុល្លារ​ឲ្យ​រូប​គេ។ បើ​មិន​ដូច្នោះ​ទេ រូប​គេ​នឹង​ទម្លាយ​ទិន្នន័យ​កាន់​តែ​ច្រើន​ថែម​ទៀត។ តែ​ទីបំផុត​នា​ព្រឹក​ថ្ងៃ​អង្គារ ជនអនាមិក​រូប​នេះ​ដដែល​បាន​ដក​ថយ​មួយ​ជំហាន​វិញ​ដោយ​បញ្ជាក់​នៅ​ក្នុង​សារ​របស់​ខ្លួន​ថា រូប​គេ​នឹង​មិន​លក់​ទិន្នន័យ​ទៅ​ឲ្យ​អ្នក​ណា​ទេ និង​ថា ទិន្នន័យ​ដែល​លួច​ចម្លង​ពី​ក្រុមហ៊ុន Optus ត្រូវ​បាន​លុប​ចោល​ហើយ។

យោង​តាម​ក្រុមហ៊ុន Optus ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ទិន្នន័យ​ផ្ទាល់ខ្លួន​ទាំង​នេះ​មាន​ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ អ៊ីមែល លេខ​លិខិតឆ្លងដែន និង​លេខ​ប័ណ្ណបើកបរ​របស់​អតិថិជន។ ដោយឡែក អ្នកនាំ​ពាក្យ​ក្រុមហ៊ុន Optus បាន​ប្រាប់ AFP ក្នុង​ថ្ងៃ​អង្គារ ទី២៧ កញ្ញា​ថា ប៉ូលិស​សហព័ន្ធ​អូស្រា្តលី​កំពុង​ស៊ើបអង្កេត​លើ​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត​លើ​ក្រុមហ៊ុន Optus។ ចំណែក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោកស្រី Clare O’Neil បាន​ស្តីបន្ទោស​ក្រុមហ៊ុន Optus ពី​បទ​មិន​បាន​ការពារ​ត្រឹមត្រូវ​នូវ​ទិន្នន័យ​របស់​អតិថិជន។ តែ​លោកស្រី Clare O’Neil ក៏​បាន​ទទួល​ស្គាល់​ថា អូស្រ្តាលី​មាន​ភាព​យឺតយ៉ាវ​ជិត ១០ឆ្នាំ​ក្នុង​រឿង​ការពារ​ជីវិត​ឯកជន និង​មាន​ភាព​យឺតយ៉ាវ​ចំនួន ៥ឆ្នាំ​ក្នុង​រឿង​សន្តិសុខអ៊ីនធ័រនែត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ