អានតួអត្ថបទ
ចិន-រុស្ស៊ី

ចិនអះអាងពីការរួមសហប្រតិបត្តិការជាមួយរុស្ស៊ីដើម្បីកសាងសណ្តាប់ធ្នាប់ពិភពលោកមួយត្រឹមត្រូវជាងសព្វថ្ងៃ

នៅ​ក្នុង​ប្រទេស​ចិន អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​នៃ​ក្រសួង​ការបរទេស​បាន​បញ្ជាក់​នា​ថ្ងៃ​អង្គារ ទី១៣ កញ្ញា​ថា ចិន​កំពុង​ធ្វើ​ការ​ជាមួយ​រុស្ស៊ី​ដើម្បី​កសាង​សណ្តាប់ធ្នាប់​ពិភពលោក​មួយ​ឲ្យ​មាន​ភាព​ត្រឹមត្រូវ​ជាង​សព្វថ្ងៃ។ ការ​បញ្ជាក់​របស់​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ចិន​រូប​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីន និង​សមភាគី​រុស្ស៊ី​លោក​ពូទីន​គ្រោង​ជួប​គ្នា​ក្នុង​សប្តាហ៍​នេះ​នៅ​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចប្រជុំកំពូល​របស់​អង្គការ​នៃ​កិច្ចសហប្រតិបត្តិ​ក្រុង​សៀងហៃ​រៀបចំ​នៅ​ក្នុង​ប្រទេស​អូបេគីស្ថាន។

ជំនួបរវាង​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន (រូបឆ្វេង) និង​ប្រធាន​រដ្ឋសភាចិន​លោក​Li Zhanshu ក្នុង​ប្រទេស​រុស្ស៊ី ថ្ងៃទី៧ កញ្ញា ២០២២។
ជំនួបរវាង​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន (រូបឆ្វេង) និង​ប្រធាន​រដ្ឋសភាចិន​លោក​Li Zhanshu ក្នុង​ប្រទេស​រុស្ស៊ី ថ្ងៃទី៧ កញ្ញា ២០២២។ AP - Egor Aleyev
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សម័យ​សង្រ្គាមត្រជាក់ ចិន និង​រុស្ស៊ី​បាន​ស្គាល់​ទំនាក់ទំនង​ច្របូកច្របល់​ខ្លាំង។ តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ ប្រទេស​ទាំង​ពីរ​បាន​រំកិល​រក​គ្នា​កាន់​តែ​ជិត​ឡើងៗ​ជាង​ពេល​ណា​ទាំង​អស់ ពិសេស​ដើម្បី​ប្រឈម​ទប់​នឹង​ឥទ្ធិពល​របស់​សហរដ្ឋអាមេរិក។ « ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​យុទ្ធសាស្រ្ត​របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង និង​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ាឌីមៀរ ពូទីន ទំនាក់ទំនង​របស់​យើង​តែង​ចម្រើន​ទៅ​មុខ និង​ដើរ​លើ​ផ្លូវ​ត្រូវ » នេះ​ជា​ការ​ថ្លែង​របស់​លោក​យ៉ាង ជឺឈី​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​របស់​ក្រសួង​ការបរទេស​ចិន។

ជា​ឥស្សរជន​ការទូត​ជាន់ខ្ពស់​ជួរ​មុខ​នៅ​ក្នុង​ក្រសួង​ការបរទេស​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ជាង​រដ្ឋមន្រ្តី​ការបរទេស លោក​យ៉ាង ជឺឈី​បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​នៅ​ចិន​លោក Andreï Denissov ដែល​ទើប​បញ្ចប់​បេសកកម្ម​របស់​ខ្លួន។ លោក​យ៉ាង ជឺឈី​បាន​គូសបញ្ជាក់​ប្រាប់​លោក Andreï Denissov ថា ចិន​ត្រៀម​ខ្លួន​ធ្វើ​ការ​ជាមួយ​រុស្ស៊ី​ជា​អចិន្ត្រៃយ៍​ដើម្បី​បន្ត​អនុវត្ត​នូវ​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្រ្ត​កម្រិត​ខ្ពស់​រវាង​ប្រទេស​ទាំង​ពីរ ការពារ​ផលប្រយោជន៍​រួម និង​ជំរុញ​លើ​ការ​អភិវឌ្ឍន៍​សណ្តាប់ធ្នាប់​អន្តរជាតិ​ឲ្យ​មាន​ភាព​ត្រឹមត្រូវ និង​សមហេតុសមផល​ជាង​សព្វថ្ងៃ។

គួរ​បញ្ជាក់​ថា រុស្ស៊ី​ដែល​កំពុង​ទទួល​ទណ្ឌកម្ម​បស្ចិមលោក និង​កំពុង​ស្ថិត​ឯកោ​ផ្លូវទូត​ដោយសារ​ការ​ចូល​ឈ្លានពាន​អ៊ុយក្រែន​កំពុង​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ក្រុម​ប្រទេស​អាស៊ី ពិសេស​ចិន។ ចិន​ដែល​មិន​ត្រឹម​មិន​បាន​ថ្កោលទោស​លើ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ទេ តែ​ថែម​ទាំង​បាន​បរិហារ​លើ​ទណ្ឌកម្ម​បស្ចិមលោក​ប្រឆាំង​រុស្ស៊ី និង​ការ​លក់​អាវុធ​ទៅ​ឲ្យ​អ៊ុយក្រែន។ កាល​ពី​សប្តាហ៍​កន្លង​ទៅ ប្រធាន​រដ្ឋសភា​ចិន​លោក​លី ហ្សាងឈូ​ដែល​ជា​ឥស្សរជន​លំដាប់ទី៣ នៃ​របប​កុម្មុយនិស្ត​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​រុស្ស៊ី។ នា​ឱកាស​នោះ លោក​លី ហ្សាងឈូ​បាន​កោតសរសើរ​ពី​កម្រិត​នៃ​ការ​ជឿទុកចិត្ត និង​កិច្ចសហប្រតិបត្តិការ​មិន​ធ្លាប់​មាន​ពី​មុន​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​មូស្គូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ