អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-រុស្ស៊ី

ភេរវកម្ម​​នៅមុខ​ស្ថានទូត​រុស្ស៊ី​​ក្នុងក្រុង​កាប៊ូល ស្លាប់​​មន្ត្រីទូត​រុស្ស៊ី​​២នាក់

កាលពី​ព្រឹក​ថ្ងៃចន្ទ ទី​៥កញ្ញា មានហេតុការណ៍ភេរវកម្ម​អត្តឃាតមួយ​ បាន​កើតឡើងនៅកណ្តាលទី​​ក្រុង​កាប៊ូល ខាងមុខអាគារស្ថានទូតរុស្ស៊ី​ប្រចាំអាហ្វហ្កានីស្ថាន​។​ យ៉ាងហោចណាស់ មានស្លាប់មន្ត្រីបុគ្គលិក​ការទូតរុស្ស៊ី ចំនួន​២នាក់ ជនស៊ីវីល​​អាហ្វហ្កានីស្ថាន​ចំនួន​៤នាក់ ព្រមទាំងមានអ្នករបួសច្រើននាក់ទៀត​។ នេះគឺជាលើកទី១ហើយ បន្ទាប់ពីក្រុម​តាលីបង់ បានក្តោបក្តាប់អំណាចនៅអាហ្វហ្កានីស្ថាន ដែល​ស្ថានទូតបរទេស បានរងនូវការ​វាយ​​ប្រហារ​ភេរវកម្ម​បែបនេះ​។

កងកម្លាំងតាលីបង់ ឈរយាមនៅខាងមុខស្ថានទូតរុស្ស៊ី ក្រោយ​ហេតុការណ៍​ភេរវកម្ម ថ្ងៃទី៥ កញ្ញា ២០២២
កងកម្លាំងតាលីបង់ ឈរយាមនៅខាងមុខស្ថានទូតរុស្ស៊ី ក្រោយ​ហេតុការណ៍​ភេរវកម្ម ថ្ងៃទី៥ កញ្ញា ២០២២ REUTERS - ALI KHARA
ផ្សាយពាណិជ្ជកម្ម

យោងតាម​លិខិតប្រកាសរបស់​ក្រសួងការបរទេសរុស្ស៊ី ម៉ោងប្រមាណ​ជា ១០ និង​៥០នាទី ព្រឹកថ្ងៃចន្ទ ទី​៥កញ្ញា ជនម្នាក់​បាន​បំផ្ទុះគ្រាប់​បែកអត្តឃាត នៅ​ក្បែរកៀកបំផុតនឹងអាគារស្ថានទូតរុស្ស៊ី ប្រចាំទីក្រុងកាប៊ូល។ ហេតុការណ៍នេះ បានបណ្តាល​ឲ្យ​ស្លាប់​ បុគ្គលិកបេសកកម្ម​ការទូតរបស់រុស្ស៊ី ចំនួន​២នាក់​។​

ក្រសួងមហាផ្ទៃ​តាលីបង់​វិញ បាន​លើកឡើងតាមបណ្តាញTwitter ថា​ក្រៅពី​​មន្ត្រីទូត​រុស្ស៊ី​២នាក់ ភេរវកម្ម​នេះបានផ្តាច់ជីវិតជនស៊ីវីល​អាហ្វហ្កានីស្ថាន ចំនួន​៤នាក់ផងដែរ​ និងមានអ្នករបួស​ច្រើននាក់ទៀត។ ប្រភពដដែលនេះ អះអាងថា សមត្ថកិច្ចសន្តិសុខអាហ្វហ្កានីស្ថាន ដែលយាមនៅក្បែរស្ថានទូតរុស្ស៊ី បាន​បាញ់​សម្លាប់​ភេរវជន មុននឹងជននោះ ឈានចូលទៅ​ដល់ទីតាំង​ ដែលជាកម្មវត្ថុ​នៃការវាយ​ប្រហារ។ តែមុននឹងស្លាប់ ភេរវជនបានទាញ​បំផ្ទុះគ្រាប់បែក​អត្តឃាត។

គួរបញ្ជាក់ថា គិតមកត្រឹមពេលនេះ មិនទាន់មានក្រុមភេរវកម្មណាមួយ ចេញមុខអះអាងថាជាស្នាដៃក្រុមខ្លួនទេ។ លោក​ ឌីមីទ្រ ប៉េឆកូវ អ្នកនាំពាក្យ​វិមានក្រឹមឡាំង បាន​លើកឡើងថា​ វាជារឿងមិនអាចទទួលយកបានទេ ​ដែល​អាជ្ញាធរ​អាហ្វហ្កានីស្ថាន បណ្តោយ​ឲ្យ​មានភេរវកម្ម ​វាយ​ប្រហារស្ថានទូតរុស្ស៊ី​​បែបនេះ​។​ លោក ស៊ែរហ្កី ឡាវរ៉ូវ​ រដ្ឋមន្ត្រី​ការបរទេសរុស្ស៊ីវិញ បានអះអាងថា​ ត្រូវតែវែកមុខរកអ្នកទទួល​ខុសត្រូវ ឲ្យ​បាន​ឆាប់ជាទីបំផុត។ ក្រសួងការបរទេសតាលីបង់ បានអះអាងថា នឹងមិនអនុញ្ញាតឲ្យ​សត្រូវណាមួយ មក​ធ្វើឲ្យខូច​ដល់ទំនាក់ទំនងការទូត រវាងរុស្ស៊ី​និង​អាហ្វហ្កានីស្ថាន​ បាន​ជាដាច់ខាត។

សូមរំលឹក​ថា រុស្ស៊ីគឺជាមហាអំណាចដ៏កម្រមួយ ដែល​បានបន្ត​ដាក់ទូតនៅអាហ្វហ្កានីស្ថាន បើទោះបីជាមិនបានប្រកាស​ទទួល​ស្គាល់​រដ្ឋាភិបាល​តាលីបង់ ជាផ្លូវការ​ក៏ដោយ​។ ប្រមាណ​១ឆ្នាំមកនេះ ករណីភេរវកម្ម​នៅតែបន្តកើតមានជារឿយៗ ក្រោយ​ការ​ឡើងកាន់​អំណាចរបស់​ក្រុមតាលីបង់។ តែនេះជាលើកទី១ហើយ ដែលភេរវកម្ម​បាន​កើតឡើង នៅស្ថានទូតបរទេស​​កណ្តាលក្រុងកាប៊ូល។ ដូចសព្វមួយដង ក្រុមតាលីបង់​ បានធានា​អះអាងថា មិនធ្ងន់ធ្ងរ ហើយ​គ្មានអ្វីគួរឲ្យ​បារម្ភទេ។

ឆ្លើយប្រាប់អ្នកយកព័ត៌មានបារាំង AFP លោក Hekmatullah Hekmatt អ្នកវិភាគផ្នែកសន្តិសុខនៅអាហ្វហ្កានីស្ថាន បាន​លើកឡើងថា ករណី​ភេរវកម្ម​វាយ​ប្រហារស្ថានទូតបរទេស កណ្តាល​ក្រុងបែបនេះ វាបង្ហាញ​​ឲ្យឃើញពីកម្សោយ​នៃបណ្តាញចារកិច្ចរបស់តាលីបង់។ សូម្បីតែសន្តិសុខស្ថានទូតបរទេស រដ្ឋាភិបាលរបស់​ក្រុម​តាលីបង់ មិនអាច​ការពារ​បានផង ចុះទម្រាំតែសុវត្ថិភាពអាយុជីវិតប្រជាពលរដ្ឋអាហ្វហ្កានីស្ថានទូទៅ? យ៉ាងណាមិញ ក្រោយ​ករណីភេរវកម្មនេះ បេសកកម្មអង្គការសហប្រជាជាតិប្រចាំអាហ្វហ្កានីស្ថាន បានលើកឡើងថា វាដល់ពេលហើយដែល​​អាជ្ញាធរតាលីបង់ ត្រូវតែចាត់វិធានការឲ្យ​ម៉ឺងម៉ាត់ និង​មានប្រសិទ្ធិភាព ដើម្បីការពារសន្តិសុខ​មន្ត្រីការទូត​បរទេស ព្រមទាំង​ប្រជាពលរដ្ឋអាហ្វហ្កានីស្ថានទាំងអស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ