អានតួអត្ថបទ
កាតា-សិទ្ធិមនុស្ស

អង្គការ​ក្រៅរដ្ឋាភិបាល​​អះអាង​ថា កាតា​បាន​បណ្ដេញ​ពលករ​បរទេស​​ច្រើននាក់​ ដែល​ធ្វើបាតុកម្ម​ទាមទារ​ប្រាក់ខែ

អាជ្ញាធរប្រទេសកាតា បានបណ្ដេញពលករ​បរទេសជាច្រើននាក់ ឲ្យត្រលប់ទៅប្រទេសដើមវិញ បន្ទាប់ពីពួកគេ បានធ្វើបាតុកម្ម​នៅទីក្រុងដូហា ទាមទារ​ឲ្យ​ក្រុមហ៊ុន​បើកប្រាក់​ខែ​ដែលជំពាក់។​ នេះបើផ្អែកតាមការឲ្យដឹង​ ពី​អង្គការក្រៅរដ្ឋាភិបាលមួយ​ ដែលមានទីតាំងនៅទីក្រុងឡុងដ៍។ គួរបញ្ជាក់ថា មានពលករបរទេសជាច្រើន ដែលភាគច្រើនមកពី​បណ្តាប្រទេសអាស៊ី បានទៅធ្វើការ​តាមការដ្ឋានសំណង់​នៅ​ក្នុង​ប្រទេសកាតា។ គម្រោងសំណង់របស់កាតា ដែល​មួយផ្នែកធំ ដើម្បី​រៀបចំ​ធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតបាល់ទាត់ពិភពលោក នៅខែ​វិច្ឆិកាខាងមុខនេះ​។

ការដ្ឋានសាងសង់ពហុកីលាដ្ឋាន​ក្រុងដូហា ដើម្បីបើកស្វាគមន៍រៀបចំ​ការប្រកួត World Cup 2022។ រូបថត ថ្ងៃទី ៧តុលា២០១៩
ការដ្ឋានសាងសង់ពហុកីលាដ្ឋាន​ក្រុងដូហា ដើម្បីបើកស្វាគមន៍រៀបចំ​ការប្រកួត World Cup 2022។ រូបថត ថ្ងៃទី ៧តុលា២០១៩ AP - Peter Josek
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃទី​១៤សីហា យ៉ាងហោចណាស់ មានពលករបរទេសចំនួន​ប្រមាណ​៦០នាក់ បានធ្វើបាតុកម្ម បិទផ្លូវនៅក្រុងដូហា ខាងមុខក្រុមហ៊ុន Al Bandary។ យោងតាម​អង្គការ Equidem ដែលធ្វើសកម្មភាពការពារសិទ្ធិការងាររបស់ពលករចំណាកស្រុក​ បាន​ឲ្យដឹងថា ក្នុងចំណោមពលករដែលធ្វើបាតុកម្មនៅដូហា មានអ្នកខ្លះត្រូវបាន​ក្រុមហ៊ុន​ជំពាក់ប្រាក់ខែដល់ទៅ​៧ខែ។

លោក Mustafa Qadri នាយកប្រតិបត្តិអង្គការ Equidem បានលើកឡើងថា លោក​បានទាក់ទងជាមួយ​ពលករដែលធ្វើបាតុកម្ម ហើយ​មានម្នាក់ ដែល​ត្រូវបាន​អាជ្ញាធរកាតាបណ្តេញចេញ បានត្រលប់ទៅដល់​ប្រទេសណេប៉ាល់​វិញ​។ លោកបានអះអាងថា​ ក្រៅពីនេះ មានពលករច្រើននាក់ផ្សេងទៀត ខ្លះមកពី​ណេប៉ាល់ ឥណ្ឌា បង់ក្លាដែស អេហ្ស៊ីប និង​ហ្វីលីពីនជាដើម ក៏ត្រូវបាន​អាជ្ញាធរប្រទេស​កាតាបណ្ដេញចេញពីស្រុកដែរ បន្ទាប់ពីពួកគេបានធ្វើបាតុកម្មទាមទារប្រាក់ខែ។

ដោយឡែក កាលពីថ្ងៃអាទិត្យទី២១សីហា តំណាងរដ្ឋាភិបាលកាតា បានអះអាងថា ពលករដែលបានធ្វើបាតុកម្ម គឺបានបង្កការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ ដោយ​មិនបញ្ជាក់ឲ្យច្បាស់ អំពី​ចំនួន​ពលករ​ដែលពាក់ព័ន្ធ​ មន្ត្រីរដ្ឋាភិបាលកាតា បានត្រឹមបញ្ជាក់ថា ពលករខ្លះត្រូវបាន​ចាប់ឃុំខ្លួន ហើយអាចប្រឈមនឹងការបណ្ដេញចេញពីប្រទេស។

ចំណែក​រដ្ឋមន្ត្រីក្រសួងការងារកាតាវិញ បានអះអាងថា ក្រសួងបាន​បង់ប្រាក់ខែទៅ​ឲ្យពលករ បុគ្គលិករបស់​ក្រុមហ៊ុន Al Bandary រួចរាល់អស់ហើយ។ លោកម្នាក់​នេះ ក៏បានអះអាងបន្ថែមថា ក្រសួងការងារកាតា កំពុងតែចាត់វិធានការ ទៅលើ​ក្រុមហ៊ុននេះ ពាក់ព័ន្ធនឹងការមិន​បើកប្រាក់ខែឲ្យ​បុគ្គលិក​។

គួរបញ្ជាក់ថា ជាមួយនឹង​ការ​រៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាបាល់ទាត់ពិភពលោក ដែលនឹងចាប់ផ្តើមនៅថ្ងៃទី​២០វិច្ឆិកាខាងមុខ កាតាបានសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ ក៏ប៉ុន្តែ​ កន្លងមកអង្គការសិទ្ធិមនុស្ស​ជាច្រើន តែងតែបានរិះគន់រដ្ឋាភិបាលកាតា ថាមានច្បាប់ធូរលុង បើកដៃឲ្យ​ក្រុមហ៊ុនឯកជន​ ជិះជាន់សិទ្ធិរបស់ពលករ ដែលភាគច្រើន សុទ្ធតែជាពលករចំណាកស្រុក មកពីប្រទេសក្រីក្រនៅអាស៊ី។ អង្គការសិទ្ធិមនុស្ស​ខ្លះ បានថែមទាំងអំពាវនាវឲ្យ​ FIFA ត្រូវ​តែ​បង់ថ្លៃសំណងជំងឺចិត្ត ទៅឲ្យ​ពលករបរទេស ដែលត្រូវគេជិះជាន់ធ្វើបាបនៅកាតា។

ប្រឈមនឹងការរិះគន់នេះ រដ្ឋាភិបាល​កាតា បានធានាអះអាងថា ខ្លួនបានធ្វើកំណែទម្រងច្បាប់ច្រើនណាស់ តួយ៉ាង ដូចជាការកំណត់ប្រាក់ខែអប្បរមា ព្រមទាំងបានរារាំងក្រុម​ហ៊ុន​នយោជក មិនឲ្យ​មានសិទ្ធិហាមឃាត់ពលករបរទេស ដែលចង់ត្រលប់ទៅស្រុកកំណើត ឬក៏ចង់ដូរការងារ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ