អានតួអត្ថបទ
ភូមា-របបយោធា

តុលាការរបបយោធាភូមា កាត់ទោសលោកស្រី អ៊ុង សានស៊ូជី ឲ្យជាប់ពន្ធនាគារ៦ឆ្នាំពីបទពុករលួយ

ថ្ងៃចន្ទនេះ តុលាការ​របប​យោធា​ របស់ភូមា​បាន​កាត់ទោសឲ្យ​លោកស្រី​អ៊ុងសាន ស៊ូជី ​ជាប់គុក   រយៈពេល ៦ឆ្នាំពី​បទប្រព្រឹត្តិអំពើ​ពុករលួយ ធ្វើអោយទោសសរុបរបស់មេដឹកនាំម្នាក់នេះឡើងរហូត​ដល់​ទៅ ១៧ ឆ្នាំ។ លោកស្រី ​អ៊ុងសាន ស៊ូជី ដែលមានអាយុ ៧៧ ឆ្នាំ ត្រូវបានគេឃុំខ្លួន បន្ទាប់ពីមានរដ្ឋប្រហារកាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំមុននេះ ដែលបានផ្តួលរំលំ​ រដ្ឋាភិបាលរបស់លោកស្រី បញ្ចប់របបលទ្ធិប្រជាធិបតេយ្យដ៏ខ្លីរបស់ប្រទេសភូមា។

អ្នកស្រី អ៊ុង សានស៊ូជី ចូលរួមសន្និសីទសារព័ត៌មានរួមនៃកិច្ចប្រជុំកំពូលជប៉ុន-មេគង្គ  ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុនកាលពី ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០១៨
អ្នកស្រី អ៊ុង សានស៊ូជី ចូលរួមសន្និសីទសារព័ត៌មានរួមនៃកិច្ចប្រជុំកំពូលជប៉ុន-មេគង្គ ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុនកាលពី ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០១៨ REUTERS - POOL New
ផ្សាយពាណិជ្ជកម្ម

របបយោធានេះបានដណ្តើមអំណាច ដោយធ្វើការចោទប្រកាន់ទៅលើរដ្ឋាភិបាលរបស់លោកស្រី​អ៊ុងសាន ស៊ូជី ថាបានក្លែងបន្លំលទ្ធផលការបោះឆ្នោតកាលពីឆ្នាំ២០២០ ដើម្បីទម្លាក់គណបក្សយោធា ទោះអ្នកសង្កេតការណ៍អន្តរជាតិបានបញ្ជាក់ថា ការបោះឆ្នោតនេះប្រកបទៅសេរីភាព និងយុត្តិធម៌ក៏ដោយ។

ចាប់តាំងពីពេលនោះមក លោកស្រី បានរងការចោទប្រកាន់ជាបន្តបន្ទាប់ ដែលរួមមាន ការបំពានការងារសម្ងាត់ផ្លូវការរបស់រដ្ឋ អំពើពុករលួយ និងការក្លែងបន្លំសន្លឹកឆ្នោត ដែលអាចធ្វើលោកស្រីប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ជាច្រើន​ឆ្នាំ។

ប្រភពដែលបានស្នើសុំមិនបញ្ចេញឈ្មោះបាននិយាយថា លោកស្រី ​អ៊ុង សានស៊ូជី ត្រូវបានកាត់ទោសកាលពីថ្ងៃចន្ទនេះឱ្យជាប់ពន្ធនាគារ​រយៈពេលប្រាំមួយឆ្នាំ ក្រោមបទចោទប្រកាន់ ប្រឆាំងអំពើពុករលួយចំនួនបួន ហើយក៏បានបន្ថែមទៀត​ថា លោកស្រីមើលទៅនៅ​មាន​សុខភាព​ល្អនៅឡើយទេ តែគាត់មិន​បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍ឆ្លើយតប​អ្វី​ឡើយ បន្ទាប់​ពី​ការប្រកាស​ទោស​ចុង​ក្រោយនេះ។

សូមបញ្ជាក់ថាអ្នកនាំពាក្យរបបយោធាក្នុងពេលនេះ មិនព្រមទទួលយកការទាក់ទងដើម្បី​ធ្វើ​សេចក្តី​ថ្លែង​ការណ៍នោះទេ ហើយអ្នកកាសែតក៏ត្រូវបានហាមឃាត់មិនឲ្យចូលយកព័ត៌មានក្នុងតុលាការផងដែរ។

មុនពេលចេញសាលក្រមថ្មីនេះផងដែរ ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពម្នាក់នេះ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធធនាគារ១១ឆ្នាំរួចមកហើយ ពីបទពុករលួយ ញុះញង់ប្រឆាំងនឹងយោធា បំពានច្បាប់ Covid-19 និងបទបំពានច្បាប់ទូរគមនាគមន៍។

ឆ្លើយតបនឹងការកាត់ក្តីនេះដែរ អាមេរិក បានអំពាវនាវឲ្យមានការដោះលែងលោកស្រី និងមន្ត្រីរបបប្រជាធិបតេយ្យផ្សេងទៀតជាបន្ទាន់ដោយហៅការកាត់ទោសនេះថាជា ការប្រមាថដល់ភាពយុត្តិធម៌ និងនីតិរដ្ឋទាំងស្រុង។

អស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ដែលលោកស្រី ​អ៊ុង សានស៊ូជី បានធើ្វជាមុខមាត់នៃក្តីសង្ឃឹមលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសភូមា ប៉ុន្តែការកាត់ទោសថ្មីនេះ មានន័យថា លោកស្រី នឹងខកខាន មិនបានចូលរួមការបោះឆ្នោត ដែលគ្រោងនឹងកើតឡើងនៅឆ្នាំក្រោយនេះទេ។

កាលពីខែមិថុនានេះ លោកស្រី ត្រូវបានគេផ្ទេរចេញ ពីផ្ទះរបស់លោកស្រី ទៅឃុំខ្លួននៅ ពន្ធនាគារមួយក្នុងរដ្ឋធានី Naypyidaw ហើយទំនាក់ទំនងរបស់លោកស្រីទាំងអស់ត្រូវបានផ្តាច់ លើកលែងតែការជួបជាមួយមេធាវីតែប៉ុណ្ណោះ។

ក្រុមសម្ព័ន្ធ​នយោបាយ​​របស់​លោកស្រីជាច្រើននាក់ ​ក៏​ត្រូវបាន​គេចាប់ឃុំខ្លួន​ផងដែរ ក្នុងនោះមានរដ្ឋមន្ត្រីជាន់ខ្ពស់​ម្នាក់​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រហូតដល់ ៧៥ ឆ្នាំ​ ហើយកាល​ពី​ខែ​មុននេះដែរ អតីត​សមាជិក​សភា​ មក​ពី​គណបក្ស   ​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យរបស់លោកស្រី ត្រូវបានរបប​យោធានេះ​ ប្រហារ​ជីវិត​ ពី​បទ​ល្មើស ​ក្រោម​ច្បាប់​ប្រឆាំង​អំពើ​ភេរវកម្ម។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ