អានតួអត្ថបទ
អាហ្វហ្គានីស្ថាន

ក្រុមតាលីបង់ ប្រារព្ធខួប១ឆ្នាំក្នុងការកាន់កាប់អំណាចនៅអាហ្វហ្គានីស្ថាន

ថ្ងៃចន្ទនេះ ក្រុមតាលីបង់ប្រារព្ធខួបលើកទីមួយ នៃការវិលត្រឡប់ទៅកាន់អំណាចនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយអនុញ្ញាតអោយមានការឈប់សំរាក១ថ្ងៃចាត់ទុកថាថ្ងៃបុណ្យជាតិ។ គួរអោយកត់សម្កាល់ថា ក្នុងកំឡុងពេល១ឆ្នាំនេះ​ ប្រទេសអាហ្វហ្គានីស្ថាន​បានជួបប្រទះជាមួយភាពច្របូកច្របល់ជាខ្លាំង ដោយឃើញថាសិទ្ធិរបស់ស្ត្រីត្រូវបានបំបិទ ហើយកម្រិតវិបត្តិមនុស្សធម៌កាន់តែកើនឡើង។

ក្រុមតាលីបង់លើទង់ជាតិប្រារព្ធខួបលើកទីមួយ នៃការកាន់អំណាចនៅពីមុខស្ថានទូតអាមេរិក​ នៅប្រទេសអាហ្វហ្គានីស្ថាន​ ថ្ងៃ១៥សីហា២០២២
ក្រុមតាលីបង់លើទង់ជាតិប្រារព្ធខួបលើកទីមួយ នៃការកាន់អំណាចនៅពីមុខស្ថានទូតអាមេរិក​ នៅប្រទេសអាហ្វហ្គានីស្ថាន​ ថ្ងៃ១៥សីហា២០២២ AP - Ebrahim Noroozi
ផ្សាយពាណិជ្ជកម្ម

ជាក់ស្តែងមួយឆ្នាំមុននេះ ការបញ្ចប់អន្តរាគមន៍យោធា២០ឆ្នាំរបស់សហរដ្ឋអាមេរិក បានបណ្តាលអោយពួកអ៊ិស្លាមនិយមធ្វើការវាយលុកទូទាំងប្រទេសនិងបានកាន់កាប់ទីក្រុងកាប៊ុល ទម្លាក់កម្លាំងរដ្ឋាភិបាលដែលមានស្រាប់ ។

ហើយកាលពីថ្ងៃទី ១៥ ខែសីហាឆ្នាំមុននេះដែរ ប៉ុន្មានម៉ោងបន្ទាប់ពីអតីតប្រធានាធិបតី លោក​អាស្រាហ្វ ហ្កានីបានភៀសខ្លួនចេញពីប្រទេស បើយោងតាមយុទ្ធជនដែលបានចូលរួមវាយយកទីក្រុងកាប៊ុល នេះគឺជាបំពេញកាតព្វកិច្ចរបស់ក្រុមជីហាត ដើម្បីរំដោះប្រទេសជាតិខ្លួន។ ភាពចលាចលក៏បានកើតមាន ដោយមនុស្សរាប់ម៉ឺននាក់ បានប្រញាប់ប្រញាល់ទៅកាន់អាកាសយានដ្ឋានកាប៊ុល ដោយសង្ឃឹមថានឹងអាចជម្លៀសខ្លួនចេញតាមជើងហោះហើរពីប្រទេសនេះបាន។

ក្នុងថ្ងៃពិសេសនេះដែរ រហូតមកដល់ពេលនេះ អាជ្ញាធរមិនទាន់​ ប្រកាសពីការប្រារព្ធពិធីជាផ្លូវការណាមួយនោះឡើយ ប៉ុន្តែទូរទស្សន៍ជាតិបានបញ្ជាក់ថានឹងមានការចាក់ផ្សាយកម្មវិធីពិសេស។ ហើយទោះបីប្រហែលជាងពាក់កណ្តាលនៃប្រជាជន ៣៨លាននាក់របស់ប្រទេស កំពុងប្រឈមមុខនឹងភាពក្រីក្រខ្លាំងយ៉ាងណាក៏ដោយ  ក្រុមយុទ្ធជនតាលីបង់នៅតែពោរពេញទៅ ភាពរីករាយនិងមោទនភាពជាខ្លាំងដែលចលនារបស់ពួកគេទទួលបានការកាន់អំណាចរហូតមកដល់ពេលឥឡូវនេះ។

ប៉ុន្តែ​សម្រាប់​ជនជាតិ​អាហ្វហ្គានីស្ថាន​ធម្មតា ជាពិសេស​ស្ត្រី ការ​វិល​ត្រឡប់​របស់​ពួក​តាលីបង់នេះ​បាន​បាននាំមកនូវ​តែភាព​លំបាក​ដល់ជីវិតរបស់ពួកគេតែប៉ុណ្ណោះ។

ការពិតទៅដំបូងឡើយ តាលីបង់បានសន្យាថា នឹងមានកំណែទម្រង់របៀបគ្រប់គ្រង​តឹងរ៉ឹងបែបអ៊ីស្លាម របស់ពួកគេអោយមានភាពសមស្របជាងមុខ ប៉ុន្តែ​ការ​រឹតត្បិត​ជាច្រើន​ត្រូវ​បាន​ដាក់​ទៅលើ​ស្ត្រី​ ដើម្បី​អនុវត្ត​តាម​ចក្ខុវិស័យ​​របស់​ចលនា​អ៊ីស្លាមរបស់ពួកគេដដែល។ ជាឧទាហរណ៍ ក្មេងស្រីរាប់ម៉ឺននាក់ត្រូវបានហាមឃាត់មិនអោយចូលរៀននៅអនុវិទ្យាល័យ ហើយស្ត្រី ត្រូវបានដេញចេញពីការងាររដ្ឋជាកន្លែង។ តាមពាក្យសម្តីរបស់ស្ត្រីមួយរូបនៅទីក្រុងកាបូល នៅថ្ងៃដែរពួកតាលីបង់បានចូលកាន់កាប់ប្រទេស នាងបានបាត់បង់អស់នូវអត្តន័យនៃជីវិត។

នៅក្នុងខែឧសភានេះ ស្ត្រីត្រូវបានបញ្ជាឱ្យបិទបាំងរាងកាយទាំងមូលមុនពេលចេញទៅទីសាធារណៈហើយកាលពីថ្ងៃសៅរ៍មុននេះដែរ ក្រុមយុទ្ធជនតាលីបង់បានធ្វើការវាយប្រហារទៅលើបាតុករស្ត្រីដែលបានចូលរួមក្នុងប្រឆាំងនឹងបទប្បញ្ញត្តិដ៏តឹងរឹងនេះ។

យ៉ាងនេះក្តីជនជាតិអាហ្វហ្គានីស្ថានក៏បានទទួលស្គាល់ដែលថា មានការធ្លាក់ចុះជាលំដាប់នៃកម្រិតអំពើហិង្សាចាប់តាំងពីពួកតាលីបង់បានដណ្តើមអំណាចមក តែវិបត្តិមនុស្សធម៌ដែលក្រុមនេះបានប្រព្រឹត្តិឡើងធ្វើឱ្យមនុស្សជាច្រើនមានភាពអស់សង្ឃឹម។

យុវជនតាលីបង់ម្នាក់ដែលនៅយាមតាមសួនសាធារណៈក្នុងទីក្រុងកាប៊ុលបាននិយាយថា ប្រទេសយើងប្រហែលជាក្រីក្រ តែយើងអាចប្រឈមមុខនឹងការលំបាកនេះបាន ដើម្បីឲ្យទង់សនៃសាសនាអ៊ីស្លាមបានហោះខ្ពស់អណ្តែតជារៀងរហូតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ