អានតួអត្ថបទ

ពួក​តាលីបង់​ បាញ់​គ្រាប់ពិត​ឡើង​លើ បំបែកក្រុមនារីបាតុករ

ថ្ងៃ​សៅរ៍ ទី១៣សីហា នៅ​ក្រុង​កាប៊ូល ​នារីអាហ្វហ្កានីស្ថានជាច្រើន​នាក់ ​ធ្វើបាតុកម្ម​ទាមទារ​​ទទួល​បានសិទ្ធិធ្វើ​ការ​ងារ​ និង​សិទ្ធ​ទទួល​ការ​សិក្សា​រៀន​សូត្រ។ ការ​ទាមទារ​សិទ្ធទាំង​នេះ គឺ​ជិតដល់​ពេល​​គម្រប់​ខួប១ឆ្នាំ​​នៃការ​ឡើង​ក្តាប់​អំណាច​របស់​ពួក​តាលីបង់​ ដែល​កាន់​សាសនាអ៊ីស្លាម​ដ៏​តឹងតែង​។ ​ពួក​អាជ្ញាធរ​កម្លាំងតាលីបង់ បាន​បាញ់​គ្រាប់កាំភ្លើង​ពិត​ជាច្រើន​គ្រាប់​ឡើងទៅលើ​ ដើម្បី​បំភ័យ​និង​បំបែក​ក្រុម​អ្នក​តវ៉ា។

Manifestation d’une cinquantaine de femmes samedi matin 13 août devant le ministère de l’Education à Kaboul.
Manifestation d’une cinquantaine de femmes samedi matin 13 août devant le ministère de l’Education à Kaboul. © Clea Broadhurst / RFI
ផ្សាយពាណិជ្ជកម្ម

«ចំណីអាហារ ការ​សិក្សា​រៀនសូត្រ ការងារ​ និង​សេរីភាព » ជាពាក្យ​មួយមាត់ៗ តែ​មាំ ដែល​នារី​ប្រមាណ​៤០​នាក់​ បាន​ស្រែក​ទាមទារ​ នៅកណ្តាល​​ទីក្រុង​កាប៊ូល ពីថ្ងៃសៅរ៍។​ នៅ​មុខ​ក្រសួង​អប់រំអាហ្វហ្កានីស្ថាន ជាទី​ដែល​ ក្រុម​បាតុករស្រែក​​បន្ទរ​ទៀត​ថា «យុត្តិធម៌! យុត្តិធម៌! យើង​ទ្រាំ​អត់​ធ្មត់​លែង​បានហើយចំពោះអវិជ្ជា​»​។ មិនតែប៉ុណ្ណោះ មាន​បដាមួយ​ដែលគេអាច​អាន​ថា «ថ្ងៃទី​១៥សីហា ជាថ្ងៃ​ដ៏​ខ្មៅ​ងងឹត»។

ការ​ធ្វើ​បាតុកម្ម​នេះ គឺ​ឋិត​ក្នុង​បរិបទ​​ពាក់​កណ្តាល​ខែ​សីហា ខួប​១ឆ្នាំដែលជា​ពេលវេលា​​​ឡើង​កាន់អំណាច​ដោយកម្លាំង​ចុង​កាណុច ជាថ្មី​ម្តងទៀត ពីសំណាក់​ពួក​ខ្មាន់​កាំភ្លើង​តាលីបង់​។

ដើម្បី​បំបែកនិង​សម្លុត​ក្រុម​​ស្រីៗ​អ្នក​តវ៉ា ពួកកម្លាំង​​ទាហាន​តាលីបង់ បានប្រើហិង្សា​បំបែក​បាតុករ ហែកបដា​ទាមទារកម្ទេច​ចោល ហើយពួក​កម្លាំង​ឈ្លប​សម្ងាត់​តាលីបង់ ក៏​បាន​​បាញ់​គ្រាប់​កាំភ្លើង​ពិតឡើង​លើ រយៈពេល​​ប្រហែល​៥នាទី។ ក្រុម​នារី​អ្នក​តវ៉ា មួយ​ចំនួន​​ ត្រូវ​ពួក​កម្លាំង​តាលីបង់​ វាយ​នឹង​គល់​ស្វាយ​កាំភ្លើង​វែង​ ហើយ​ពួក​គេ​ក៏បាន​ដកហូត​ទូរសព្ទ​ដៃ​របស់​ពួក​នាងៗ​អ្ន​កតវ៉ា​ទៅទៀត។ មិនតែប៉ុណ្ណោះ សូម្បីតែ ក្រុម​អ្នកកាសែត​ដែល​តាមដាន​យក​ព័ត៌មាន​បាតុកម្ម ក៏ត្រូវ​ពួក​យោធាតាលីបង់​ វាយ​យ៉ាង​ដំណំ​ដែរ។​

បើទោះ​ជា​យ៉ាង​នេះក្តី ស្រី​ម្នាក់​ជាអ្នក​តវ៉ា ប្រាប់អ្នក​កាសែត​ទីភ្នាក់​បារាំង​អាអែហ្វប៉េ ថា​ខ្លួន​នឹង​នៅតែបន្ត​បាតុកម្មតទៅទៀត ដើម្បីទាមទារ​សិទ្ធិ​​របស់ខ្លួន។

ជាការ​កត់​សម្គាល់​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល តាំងពីពួកតាលីបង់​ឡើង​កាន់​អំណាច​ នៅខែ​សីហាឆ្នាំមុនមក គឺរបប​ពួក​តាលីបង់​ដែល​កាន់​សាសនាអ៊ីស្លាម​យ៉ាង​ជ្រុល​និយម​តឹងតែង បាន​រឹតបន្តឹង ​បំបិទ​សិទ្ធិ​ស្ត្រី​ យ៉ាង​អាក្រក់ខ្លាំង​ដែល​គេ​មិន​ធ្លាប់​ពើបប្រទះសោះ​ នារយៈ​ពេល​២០ឆ្នាំចុងក្រោយ នៅ​អាហ្វហ្កានីស្ថាន។ ពួកតាលីបង់​​បំបិទ​សិទ្ធិ​សេរីភាព និង​បង្ខំ​ឲ្យ​ស្ត្រី​​គោរព​ដើរតាម​គោលគំនិតនិយមនៃសាសនាអ៊ីស្លាម តាម​បែបផែន​របស់​ពួក​គេ។ នៅខែ​មេសាកន្លងទៅ រដ្ឋាភិបាល​តាលីបង់​ ក៏​បាន​ចេញ​ក្រឹត្យ​ច្បាប់​ដ៏​តឹងតែង​ ចាប់​បង្ខំ​ដាក់​កាតព្វកិច្ច​តម្រូវ​ឲ្យ ​នារីភេទ ​ប្រើក្រណាត់​បិទមុខ​បិទសក់​ជិត​នៅទី​សាធារណៈ

ជាក់​ស្តែង ពួក​តាលីបង់ មិន​អនុញ្ញាត​ឲ្យ​នារី​បម្រើការងារ​ក្នុង​វិស័យ​សាធារណៈ រឹតត្បិត​សិទ្ធិ​ធ្វើ​ដំណើរ​ដើរហើរ ហើយ​និង​ហាម​ក្មេង​ស្រីៗ មិនឲ្យ​ទទួល​បាន​សិក្សា​វែង​ឆ្ងាយ ដល់​អនុវិទ្យាល័យ​និង​វិទ្យាល័យ​ទេ។  ក្នុង​សេចក្តីថ្លែង​ការណ៍មួយ​ នៅថ្ងៃព្រហស្បតិ៍ អង្គការ​សិទ្ធមនុស្ស Human Rights Watch បាន​ស្នើអំពាវនាវឲ្យ​ពួក​តាលីបង់​ពិចារណា​ឡើងវិញ​ជាថ្មី ដកបំរាម​ដ៏ឃោរឃៅ ដែលហាមឃាត់​​កូន​ស្រី​មិន​ឲ្យ​រៀន​វែង​ឆ្ងាយ​ នោះ​ចេញចោលទៅ​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ