អានតួអត្ថបទ

ប្រមុខការទូត​អាមេរិក​ទៅនៅ​ហ្វីលីពីនដើម្បីពង្រឹង​ចំណងទូត​និង​យោធា

រដ្ឋមន្រ្តីក្រសួងការបរទេស លោក អង់តូនី ប្ល៊ីងកិន បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​ហ្វីលីពី​ កាលពីល្ងាច​ថ្ងៃ​សុក្រ​ បន្ទាប់ពី​ចាកចេញពី ​កម្ពុជា ជាទី​ដែល​រៀបចំ​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​។​ នៅទីក្រុង​ម៉ានីល ប្រមុខ​ការទូត​អាមេរិក ​បាន​លើកឡើង​ជាថ្មី​ ប្រាប់សមភាគី​របស់ខ្លួន ពី​កិច្ចសហការ​យោធា រវាង​ប្រទេស​ទាំងពីរ​​។ ការ​លើកឡើង​នេះ ពុំ​មែន​ជា​រឿង​ចៃ​ដន្យ​នោះទេ។ មិន​ចៃដន្យ ពីព្រោះ​តែ​ ហ្វីលីពី​ន នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សមយុទ្ធ​របស់​ចិន​ ធ្វើ​ឡើងនៅ​ក្បែរ កោះតៃវ៉ាន់។ សូម​ជ្រាបថា ហ្វីលីពីន ជា​ប្រទេស​ក្នុង​ភាគី​ជម្លោះ​មួយ នៃ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​ក្នុង​បរិបទ​សមយុទ្ធយោធា​ចិន​ នៅ​ក្បែរ​តៃវ៉ាន់​ ហើយ​តៃវ៉ាន់​ ដែល​នៅចម្ងាយ​តែ ៤០០គីឡូម៉ែត្រ ភាគ​ខាង​ជើង​ហ្វីលីពីន​ គឺ​ចាំបាច់​ណាស់​ដែល ហ្វីលីពីន និង​អាមេរិក ត្រូវ​រត់​រកពិគ្រោះ​គ្នា​។​

លោក អង់តូនី ប្ល៊ីងកិន អាចលើកឡើងពីសម្ធ័ន្ធភាពដ៏រឹងមាំរវាងរដ្ឋទាំងពីរ ដោយលោកគិតថា សម្ធ័ន្ធភាពនេះនឹងរឹងរឹតកាន់តែមាំថែមទៀត។
លោក អង់តូនី ប្ល៊ីងកិន អាចលើកឡើងពីសម្ធ័ន្ធភាពដ៏រឹងមាំរវាងរដ្ឋទាំងពីរ ដោយលោកគិតថា សម្ធ័ន្ធភាពនេះនឹងរឹងរឹតកាន់តែមាំថែមទៀត។ AP - Andrew Harnik
ផ្សាយពាណិជ្ជកម្ម

នៅ​រដ្ឋធានី​ម៉ានីល ​​រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក​  ជួប​សំណេះ​សំណាលគ្នា​​​ដោយ​ផ្ទាល់​ ជាមួយ​នឹង​ លោក​ប្រធានាធិបតី​ថ្មីរបស់​ហ្វីលីពីន ហើយ​និងជួប​ជជែកជាមួយនឹងប្រមុខ​ការទូត​ហ្វីលីពីន​តាម​រយៈ​វីដេអូ ព្រោះ​រដ្ឋមន្ត្រីការបរទេស​​ហ្វីលីពីន ឆ្លង​ជំងឺ​កូវីដ មិន​អាច​មក​ជួប​ប្រមុខ​ការទូត​អាមេរិក​ដោយ​ផ្ទាល់​បានទេ​។

កិច្ចពិភាក្សា​គ្នា​រវាងថ្នាក់ដឹកនាំ​ប្រទេស​ជាតិ​ទាំង​ពីរ គឺ​ផ្តោតជា​សំខាន់​ទៅលើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ពិសេស​ពាក់ព័ន្ធ នឹង​វិស័យ​ថាមពល​ ពាណិជ្ជកម្ម និង​ការ​វិនិយោគ ហើយរឹងរឹតតែ​សំខាន់​គឺ​ជុំវិញ​ផ្នែក​សហប្រតិបត្តិការ​យោធា។​ ​

ត្រង់​ចំណុច​ដ៏​សំខាន់​ចុងក្រោយ​នេះ លោក អង់តូនី ប្ល៊ីងកិន បាន​គូសបង្ហាញ​សមភាគី​ហ្វីលីពីន​ ពីការប្តេជ្ញាចិត្តមិនផ្លាស់ប្តូរ របស់​សហរដ្ឋអាមេរិក ចំពោះ​កិច្ចព្រមព្រៀង​រវាង​រដ្ឋបាល​ក្រុង​ម៉ាលីន​និង​វ៉ាស៊ីនតោន​​ ស្តីពីការការពារជាតិ​រួម ដែល​ចុះ​ហត្ថលេខាឆ្នាំ១៩៥១ នៅពេល​សង្គ្រាម​កូរ៉េ​ កំពុង​ឆាបឆេះ។​

គួរ​រំឮក​ជូនថា សហរដ្ឋអាមេរិក ភ្ជាប់ ​ហ្វីលីពីន​ ក្នុងវិស័​យ​យោធា គឺតាម​រយៈ​កតិកាសញ្ញាមួយ​ស្តីពី​សន្តិសុខ​ ដែល​អាច​បើក​ផ្លូវ​អនុញ្ញាត​ឲ្យ​ កងទ័ព​សហរដ្ឋអាមេរិក ដាក់ពង្រាយ​យោធា​លើទឹក​ដីហ្វីលីពីន​ ហើយ​និង​អាច​រក្សា​ទុកសម្ភារៈ​សឹកសង្គ្រាម​លើដែនដី​អតីត​អាណានិគម​មួយ​នេះ​ផង។

៥-៦ឆ្នាំកន្លងទៅ ក្នុង​អាណត្តិ​របស់​អតីត​ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌុយទែរតេ (Rodrigo Duterte) គឺ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​មិនសូវ​ចុះ​សម្រុះ​សម្រួល​​រលូនប៉ុន្មាន​ទេ។ ក៏ប៉ុន្តែ សម្រាប់​អាណត្តិ​ដឹកនាំថ្មី ​របស់​ លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ (Ferdinand Marcos​ Jr) ដែល​ឡើង​កាន់​អំណាច​បាន​ជាង​មួយ​ខែ​មកនេះ គឺ​គេ​មើលឃើញ​ថា​ចំណង​ទូត​បាន​ប្រសើរឡើងវិញ​ច្រើន។

ជាក់ស្តែង​ទៅ​ សហរដ្ឋអាមេរិក​ និង​ហ្វីលីពីន មាន​ទំនាក់​ទំនង​ម្តង​ក្តៅ​ម្តង​ត្រជាក់​ ស្មុគ​ស្មាញ និង​ជាប់ជំពាក់​យូរ​ខ្លាំង ពិសេស​ក្នុង​រជ្ជកាល​ដឹកនាំ​របស់ លោក ហ្វ៊ែរឌីណង់ ម៉ាកូស ឪពុក នាសម័យ​សង្គ្រាម​ត្រជាក់​។ លោក ហ្វ៊ែរឌីណង់ ម៉ាកូស ក្រោយពី​​ត្រូវ​ចលនា​ប្រជាជន​បណ្តេញ​ចេញពីអំណាច គឺលោក​បាន​រត់ភៀសខ្លួន​ទៅនៅ ហាវៃ សហរដ្ឋអាមេរិក នៅឆ្នាំ១៩៨៦។​

ពេល​នេះ រជ្ជកាល​គ្រួសារ​ម៉ាកូល​ដឹកនាំ​ជាតិ​ជាថ្មី ជា​ឱកាស​ប្រសើរ​ឲ្យ​ ​​ប្រមុខ​ការទូត​សហរដ្ឋអាមេរិក លោក អង់តូនី ប្ល៊ីងកិន អាច​​លើកឡើង​ពី​សម្ធ័ន្ធភាព​​ដ៏​រឹង​មាំ​រវាង​រដ្ឋទាំងពីរ ដោយ​លោកគិត​ថា​ ​សម្ធ័ន្ធភាព​​នេះ​នឹង​រឹងរឹតកាន់តែ​មាំ​ថែមទៀត​។​ ក្នុង​ជំនួប​នេះ លោកប្រធានាធិបតីថ្មីរបស់ហ្វីលីពីន ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ បានអបអរ​​សាទរ​ចំពោះទំនាក់ទំនង​យ៉ាង​ពិសេស​នៃ​ប្រទេស​ទាំងពីរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ