អានតួអត្ថបទ

ហ្វីលីពីន៖ អតីត​ប្រធានាធិបតី ​ហ្វីដែល រ៉ាម៉ូស ទទួល​មរណភាព​ក្នុង​វ័យ​៩៤ឆ្នាំ

ថ្ងៃទី​៣១កក្កដា​ ​​អតីតប្រធានាធិបតី ហ្វីដែល រ៉ាម៉ូស (Fidel Ramos) បាន​ទទួល​អនិច្ចកម្ម​​ក្នុងជន្មាយុ​​៩៤ឆ្នាំ​។ កាន់អំណាច​ពីឆ្នាំ១៩៩២ ដល់​១៩៩៨ លោក ​ហ្វីដែល រ៉ាម៉ូស ​បានត្រូវ​ប្រជា​ពលរដ្ឋ​និងថ្នាក់​ដឹកនាំហ្វីលី​ពីន គោរ​ពសរសើរ​ និង​ចាត់ទុក​​ជារដ្ឋ​បុរស​មួយរូប​ ដែល​បាន​ជួយ​ជ្រោម​ជ្រែង​ប្រទេស​ឲ្យ​ជួប​កំណើន​សេដ្ឋកិច្ច​និង​សន្តិភាព។

អតីត​ប្រធានាធិបតីហ្វីលីពីន  ​ហ្វីដែល រ៉ាម៉ូស ទទួល​មរណភាព​ក្នុង​វ័យ​៩៤ឆ្នាំ​
អតីត​ប្រធានាធិបតីហ្វីលីពីន ​ហ្វីដែល រ៉ាម៉ូស ទទួល​មរណភាព​ក្នុង​វ័យ​៩៤ឆ្នាំ​ © 路透社图片
ផ្សាយពាណិជ្ជកម្ម

​វិមាន​ប្រធានាធិបតីហ្វីលីពីន​ ​សម្តែង​ក្តីសោកស្តាយ​ខ្លាំងចំពោះ​មរណភាពលោក ហ្វីដែល រ៉ាម៉ូស និង​បាន​សង្កត់ធ្ងន់ថា អតីតប្រធានាធិបតីរូបនេះ បាន​ចូលរួម​ចំណែក​ក្នុង​ការផ្លាស់ប្តូរ​ប្រ​​ទេស​ជាតិ​យ៉ាង​សម្បើម។​ ចំណែក ប្រតិភូ​ហ្វីលីពីន​ប្រចាំ​សហភាព​អឺរ៉ុប បាន​សម្តែង​មរណទុក្ខ និង​បាន​គូស​បង្ហាញ​ថា លោក ហ្វីដែល រ៉ាម៉ូស ជាអតីតប្រធានាធិបតីដែល​លះបង់​ដើម្បី​ជាតិ និង​ជា​សសរស្តម​មួយ​នៃប្រជាធិបតេយ្យ​ហ្វីលីពីន​។

ប្រសូត្រ​ក្នុង​វង្សត្រូកូល​អ្នក​ការទូត លោក ហ្វីដែល រ៉ាម៉ូស បាន​ទទួល​ការ​សិក្សា​រៀន​សូត្រចប់​​ផ្នែកកងទ័ព​ នៅសាលា​​យោធាដ៏​ល្បីល្បាញ​ West Point របស់​សហរដ្ឋអាមេរិក។​

ក្នុង​អាណត្តិ​ដឹកនាំជាតិ ​ លោក ហ្វីដែល រ៉ាម៉ូស ត្រូវ​គេ​ទទួល​ស្គាល់យ៉ាង​ល្បី​ថា ជា​ថ្នាក់ដឹកនាំមួយ​រូប ​ដែល​ហ្មត់ចត់និង​ស្វិតស្វាញ​ធ្វើការ។​ ជំនាន់​នោះ លោក​បាន​ជួយ​ដោះស្រាយ​វិបត្តិ​ថាមពល​របស់​ហ្វីលីពីន​ ដោះស្រាយ​បញ្ហា​ប្រព័ន្ធទូរគមនាគមន៍ និងបញ្ហា​​អាកាសចរណ៍ ហើយ​ព្រមទាំង​ជ្រោម​ជ្រែង​វិស័យ​សេដ្ឋកិច្ច​ជាតិ ឲ្យជួប​កំណើន​មួយ​យ៉ាង​គួរ​ឲ្យ​កត់​សម្គាល់។​ ក៏ប៉ុន្តែ អ្វីដែល​គេ​គ្រប់គ្នា​រិះគន់​នោះ គឺ​លោក ហ្វីដែល រ៉ាម៉ូស ដឹកនាំ​តឹងតែង​​ជ្រុល​ចំពោះ​គោល​នយោបាយ​ប្រជាសាសន៍​ ដែល​លោក​ចង់​ទប់ទល់រាំង​ស្ទះ​​អត្រាកំណើន​ប្រជាជន​ឆាប់រហ័ស​ពេក​។​

នៅ​ឆ្នាំ២០១៦ លោក ហ្វីដែល រ៉ាម៉ូស ជា​អ្នកនយោបាយ​ចាស់​វស្សាមុន​ដំបូង​គេ ​ដែលគាំទ្រ​បេក្ខភាព​ លោក ឌុយ​ទែរតេ ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី។ ក្រោយ​ឈ្នះឆ្នោត, លោក ឌុយទែរតេ បាន​តែងតាំង​លោក ហ្វីដែល រ៉ាម៉ូស ជា​បេសកជន​ពិសេស​របស់​ប្រធានាធិបតី ដើម្បី​ទៅ​ក្រុង​ប៉េកាំង​ សម្របសម្រួល​វិវាទ​ជាមួយ​មហា​យក្សចិន ក្នុង​សំណុំ​រឿង​សមុទ្រ​ចិន​ខាងត្បូង។ ទោះ​ជា​យ៉ាងនេះក្តី លោក​ ហ្វីដែល រ៉ាម៉ូស នៅទីបំផុត បាន​សម្តែង​មតិ​ជំទាស់​នឹង​នយោបាយ​ប្រឆាំង​គ្រឿង​ញឿន ហើយ​និង​សន្ទរកថា​ប្រឆាំង​សហរដ្ឋអាមេរិក ពី​សំណាក់លោក ឌុយទែរតេ។​

ចំណុច​មួយ​ក្នុង​ប្រវត្តិសាស្ត្រហ្វីលីពីន​​ដែល​មិន​គួរភ្លេច​ គឺ​លោក ហ្វីដែល រ៉ាម៉ូស ក្នុង​ឋានៈ​ជា​ថ្នាក់ដឹកនាំ​និងជា​មន្ត្រីជាន់​ខ្ពស់​គ្រប់​គ្រង​ខាង​នគរបាល​និងយោធា ​លោក​បានចូល​​​ផ្តួល​រំលំអំណាច​អតីតប្រធានាធិបតី​ផ្តាច់​ការ​​ Ferdinand Marcos និងដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាច្រើននាក់​។ ត្រង់​នេះ​ លោក ហ្វីដែល រ៉ាម៉ូស ធ្លាប់​​បាន​ទទួល​ស្គាល់ សុំ​ទោស​ និង​សម្តែង​ក្តី​សោកស្តាយ​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ