អានតួអត្ថបទ
ហ្វីលីពីន-គ្រោះធម្មជាតិ

រញ្ជួយដី​ កម្រិត​​៧រិចទឺរ នៅ​ភាគខាង​ជើង​ប្រជុំ​កោះហ្វីលីពីន

គ្រោះរញ្ជួយដីមួយ ក្នុងកម្រិត៧រិចទឺរ បាន​កើតឡើងនៅភាគខាងជើងប្រជុំកោះហ្វីលីពីន កាលពីព្រឹកថ្ងៃពុធ ទី​២៧កក្កដានេះ។ យោងតាមអាជ្ញាធរហ្វីលីពីន ករណីរញ្ជួយដីនេះ បានបណ្តាល​ឲ្យ​មាន​មនុស្សស្លាប់​ចំនួន ​យ៉ាងហោច​៣នាក់ និង​រងរបួសប្រមាណ​ជិត១០០នាក់។ កម្លាំងរញ្ជួយ បានធ្វើឲ្យកក្រើកអាគារជាច្រើន នៅក្នុងរដ្ឋធានីម៉ានីលផងដែរ​ ដែលស្ថិតនៅចំងាយ​ប្រមាណ​៣០០គីឡូម៉ែត្រ ភាគខាងត្បូងតំបន់កើតហេតុ។

ក្រុមសង្គ្រោះ​កំពុងតែស្វែងរកជនរងគ្រោះ នៅក្នុងគំនរបាក់បែក ក្រោយ​គ្រោះរញ្ជួយដីថ្ងៃទី ២៧ កក្កដា ២០២២ នៅខេត្ត​ Benguet ភាគខាងជើងហ្វីលីពីន​។
ក្រុមសង្គ្រោះ​កំពុងតែស្វែងរកជនរងគ្រោះ នៅក្នុងគំនរបាក់បែក ក្រោយ​គ្រោះរញ្ជួយដីថ្ងៃទី ២៧ កក្កដា ២០២២ នៅខេត្ត​ Benguet ភាគខាងជើងហ្វីលីពីន​។ AP
ផ្សាយពាណិជ្ជកម្ម

យោងតាមវិទ្យាស្ថានសិក្សារញ្ជួយដី របស់សហរដ្ឋអាមេរិក គ្រោះរញ្ជួយដីថ្មីនេះ បាន​កើតឡើងនៅ​វេលាម៉ោង ប្រមាណ៨និង៤៣នាទី ក្នុងខេត្តAbra ដែលជាតំបន់ភ្នំស្ថិតនៅលើកោះLuzon ភាគខាងជើងប្រជុំកោះហ្វីលីពីន។ មានកម្លាំងរញ្ជួយ​ ចំនួន​៧រិចទឺរ រីឯជម្រៅស្ថិតនៅរាក់បង្គួរ ប្រមាណ​ជា​១០គីឡូម៉ែត្រក្នុងស្រទាប់ដី។

ជាសំណាងល្អ យោងតាម​អាជ្ញាធរហ្វីលីពីន គ្រោះរញ្ជួយដីនេះមិនបានបង្កឲ្យមានមនុស្សស្លាប់ច្រើនទេ។ ក្រៅពីខេត្ត Abra ដែលមានមនុស្ស​រងរបួសជាង៦០នាក់ គ្រោះរញ្ជួយដីនេះ បានបង្កឲ្យ​ខូចខាត បាក់រលំអាគារ ជាច្រើនកន្លែងនៅក្នុង​ខេត្ត Kalinga និងខេត្ត Benguet ។ ទីក្រុងម៉ានីល ដែលស្ថិតនៅចំងាយ​ប្រមាណ​៣០០គីឡូម៉ែត្រ ខាងត្បូងចំណុចកណ្តាល​នៃការរញ្ជួយ ​អាគារជាច្រើនបាន​រង្គើរ ធ្វើប្រជាជនបាន​រត់ផ្អើលឈូរឆ។ អាគារបុរាណខ្លះ​ ក្នុងសម័យអាណានិគម ចន្លោះពី​សតវត្សទី​១៦ ដល់​១៩ នៅក្នុងខេត្ត​ Ilocos ក៏បានរងការខូចខាតដែរ។

ផ្អែកតាម​ទីភ្នាក់ងារជាតិហ្វីលីពីនគ្រប់គ្រងគ្រោះមហន្តរាយ ការរញ្ជួយដីក៏បានបង្កឲ្យ​មាន​ករណី​បាក់រមៀលដី នៅតាមចំនុចខ្លះផងដែរ។ ដោយឡែក​ទំនប់ទឹក នៅក្បែរចំណុចរញ្ជួយកណ្តាល គឺមិនមានខូចខាតទេ។ អាជ្ញាធរហ្វីលីពីនកំពុងព្យាយាមសំអាត កកាយគំនរបាក់បែកចេញពីតាមដងផ្លូវ។

សូមបញ្ជាក់ថា ប្រជុំកោះហ្វីលីពីន ស្ថិតនៅចំពីលើ​បណ្តោយស្នាមប្រេះ​ នៃស្រទាប់​ដី​តំបន់ប៉ាស៊ីហ្វិក។ ករណីរញ្ជួយដី តែងតែកើតមានជាញឹកញាប់នៅក្នុងតំបន់នេះ។ កាលពីឆ្នាំ​២០១៣ ករណីរញ្ជួយដី កម្រិត៧,១រិចទឺរ នៅកោះ Bohol ភាគកណ្តាលហ្វីលីពីន បានបណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ជាង​២០០នាក់ និង​ប្រមាណ​៤សែននាក់ ត្រូវភៀសខ្លួនចោលផ្ទះសម្បែង។ ហើយនៅឆ្នាំ​១៩៩០ ករណីរញ្ជួយដីមួយទៀត កម្រិត ៧,៨រិចទឺរ បានបណ្តាលឲ្យមានស្នាមប្រេះដី ប្រវែង​ដល់ទៅជាង​១០០គីឡូម៉ែត្រ និង​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ​ប្រមាណ​១២០០នាក់ នៅភាគខាងជើងហ្វីលីពីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ