អានតួអត្ថបទ

ប្រមុខសាសនាអ៊ីស្លាមតាលីបង់បានជំរុញឲ្យបស្ចិមលោកឈប់លូកដៃកកូរកកាយលើកិច្ចការផ្ទៃក្នុងអាហ្វហ្កានីស្ថាន

នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ក្រុមប្រឹក្សា​សាសនា​អ៊ីស្លាម​បាន​បិទបញ្ចប់​សម័យប្រជុំ​រយៈពេល ៣ថ្ងៃ​ក្នុង​ថ្ងៃ​សៅរ៍ ទី២ កក្កដា​នៅ​ទីក្រុង​កាប៊ុល។ ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​ចូលរួម​ប្រមាណ​ជា ៣ ០០០នាក់ ប្រមុខ​សាសនា​អ៊ីស្លាម​តាលីបង់​លោក​ហ៊ីបាទូឡា អាឃុនហ្សាដា​បាន​វាយប្រហារ​ចាស់ដៃ​លើ​ការ​រិះគន់​របស់​បស្ចិមលោក​ចំពោះ​របប​តាលីបង់។ លោក​ហ៊ីបាទូឡា អាឃុនហ្សាដា​បាន​ជំរុញ​ឲ្យ​បស្ចិមលោក​ឈប់​ឈឺឆ្អាល​លើ​កិច្ចការ​ផ្ទៃក្នុង​របស់​អាហ្វហ្កានីស្ថាន។ គួរ​បញ្ជាក់​ថា តាំង​ពី​ជាង ១៥ឆ្នាំ​ដែល​ប្រមុខ​សាសនា​អ៊ីស្លាម​តាលីបង់​រូប​នេះ​មិន​បាន​បង្ហាញ​មុខ​ជា​សាធារណៈ។

នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ក្រុមប្រឹក្សា​សាសនា​អ៊ីស្លាម​បាន​បិទបញ្ចប់​សម័យប្រជុំ​រយៈពេល ៣ថ្ងៃ​ក្នុង​ថ្ងៃ​សៅរ៍ ទី២ កក្កដា​នៅ​ទីក្រុង​កាប៊ុល។
នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ក្រុមប្រឹក្សា​សាសនា​អ៊ីស្លាម​បាន​បិទបញ្ចប់​សម័យប្រជុំ​រយៈពេល ៣ថ្ងៃ​ក្នុង​ថ្ងៃ​សៅរ៍ ទី២ កក្កដា​នៅ​ទីក្រុង​កាប៊ុល។ REUTERS - ALI KHARA
ផ្សាយពាណិជ្ជកម្ម

« យើង​នឹង​មិន​ទទួល​យក​មេរៀន​ណា​មួយ​ជា​ដាច់​ខាត។ ពួក​គេ​បាន​ប្រាប់​យើង​ឲ្យ​ធ្វើ​យ៉ាង​នេះ ធ្វើ​យ៉ាង​នោះ។ តែ​ហេតុអ្វី​បាន​ជា​ពួក​គេ​លូកដៃ​ចូល​កកូរកកាយ​កិច្ចការ​ផ្ទៃក្នុង​របស់​យើង។ យើង​នឹង​លត់ជង្គង់​តែ​នៅ​មុខ​ព្រះជាម្ចាស់​ទេ » នេះ​ជា​ការ​ថ្លែង​របស់​ប្រមុខ​សាសនា​អ៊ីស្លាម​តាលីបង់​លោក​ហ៊ីបាទូឡា អាឃុនហ្សាដា។ ពាក្យ « ពួក​គេ » គឺ​លោក​ហ៊ីបាទូឡា អាឃុនហ្សាដា​ចង់​សំដៅ​លើ​ក្រុមបស្ចិមប្រទេស។ ទន្ទឹម​គ្នា​នេះ លោក​ហ៊ីបាទូឡា អាឃុនហ្សាដា​មិន​ភ្លេច​លើក​ឡើង​ពី​អំពើ​ពុករលួយ អាត្មានិយម ការ​សង្កត់សង្កិន ជាតិនិយម និង​បក្ខពួកនិយម​ដែល​ប្រព្រឹត្តិ​ដោយ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​មុនៗ​តាំង​ពី ២០ឆ្នាំ​កន្លង​ទៅ។

ដើម្បី​បោសសំអាត​រឿង​អតីតកាល ប្រមុខ​សាសនា​អ៊ីស្លាម​តាលីបង់​រូប​នេះ​បាន​សំឡឹង​ឃើញ​ផ្លូវ​តែ​មួយ​គត់ គឺ​ការ​អនុវត្តន៍​ច្បាប់​អ៊ីស្លាម​ឡាឆារីយ៉ា (La charia)។ តាម​លោក​ហ៊ីបាទូឡា អាឃុនហ្សាដា ឡាឆារីយ៉ា​នាំ​មក​នូវ​សន្តិសុខ និង​សេរីភាព រួម​ទាំង​អ្វីៗ​គ្រប់​យ៉ាង​ដែល​អាហ្វហ្កានីស្ថាន​ត្រូវ​ការ។ អ្វី​ជា​ការ​កត់សម្គាល់ នៅ​ក្នុង​សុន្ទរកថា​រយៈពេល​ប្រមាណ ១ម៉ោង លោក​ហ៊ីបាទូឡា អាឃុនហ្សាដា​មិន​បាន​និយាយ​ពី​សិទ្ធិស្រ្តី​នៅ​អាហ្វហ្កានីស្ថាន​សូម្បី​តែ​មួយ​ម៉ាត់។ ផ្ទុយ​ទៅ​វិញ លោក​បាន​ព្រមាន​បស្ចិមលោក​ពី​ការ​មិន​អាច​មាន​ការ​ផ្សះផ្សា​រវាង​អ៊ីស្លាម និង​អ្នក​មិន​ស្មោះត្រង់​ទេ។

« រឿង​នេះ​មិន​ធ្លាប់​មាន​នៅ​ក្នុង​អតីតកាល ហើយ​ក៏​នឹង​គ្មាន​នៅ​ពេល​នេះ​ដែរ » នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ហ៊ីបាទូឡា អាឃុនហ្សាដា។ គួរ​បញ្ជាក់​ថា នៅ​មួយ​ថ្ងៃ​មុន​ការ​ថ្លែង​របស់​ប្រមុខ​សាសនា​អ៊ីស្លាម​តាលីបង់​រូប​នេះ ឧត្តមស្នងការសិទ្ធិមនុស្ស​អន្តរជាតិ​លោកស្រី​មីស្ហែល បាស្ហឺឡេ​បាន​ជំរុញ​ឲ្យ​ពួក​តាលីបង់​យក​គំរូ​តាម​ប្រទេស​សាសនាអ៊ីស្លាម​ផ្សេង​ដែល​លើក​កម្ពស់​សិទ្ធិស្រ្តី។ ការ​ជំរុញ​របស់​លោកស្រី​មីស្ហែល បាស្ហឺឡេ​បាន​ធ្វើ​ឡើង ក្រោយ​ពី​ពួក​តាលីបង់​បាន​សម្រេច​ត្រឡប់​ទៅ​បិទទ្វារ​វិទ្យាល័យ និង​អនុវិទ្យាល័យ​សម្រាប់​កូនសិស្សស្រី​កាល​ពី​ដំណាច់​ខែ​មីនា បន្ទាប់​ពី​បើក​ទ្វារ​ឡើង​វិញ​បាន​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ