អានតួអត្ថបទ
ឥណ្ឌា-សាសនា

ឥណ្ឌាប្រឈមនឹង​អំពើហិង្សាសាសនា​ រវាង​សហគម​ន៍​សាសនា​ហិណ្ឌូ និង​អ៊ីស្លាម ដោយសារ​តែសម្តី​របស់​​អ្នកនាំពាក្យ​​បក្ស​​កាន់អំណាច

នៅទីក្រុងឧដៃពួរ ភាគខាងលិចប្រទេសឥណ្ឌា សមត្ថកិច្ចបានចេញបំរាមគោលចរ ហាមចេញដើរ បន្ទាប់ពីមានការភ័យខ្លាចផ្ទុះអំពើហិង្សា រវាងសហគមអ្នកកាន់សាសនាហិណ្ឌូ និង​អ្នកកាន់​សាសនា​អ៊ីស្លាម។ រឿងរ៉ាវដែលបានផ្តើមចេញពី​ អំពើឃាតកម្មមួយផ្សាយផ្ទាល់តាមបណ្តាញសង្គម ដែល​បុរសអ្នកកាន់សាសនាហិណ្ឌម្នាក់ ត្រូវអ្នកកាន់សាសនាអ៊ីស្លាម២នាក់សម្លាប់។ ជនរងគ្រោះ ត្រូវបានពួកឃាតករ ចោទថាបានគាំទ្រសម្តីរបស់អ្នកនាំពាក្យ​គណបក្សជាតិនិយមហិណ្ឌូ ដែល​បាន​និយាយ​ប្រមាថព្រះអាឡា។​

សកម្មជនហិណ្ឌូជាតិនិយមជ្រុល ធ្វើបាតុកម្ម​ថ្កោលទោសអ្នកកាន់សាសនាអ៊ីស្លាម បន្ទាប់មានករណីឃាតកម្ម​លើ​ជនហិណ្ឌូ ឈ្មោះ Kanhaiya Lal នៅក្រុង Udaipur ។ ក្រុងញូដេលី ថ្ងៃទី​២៩ មិថុនា ២០២២
សកម្មជនហិណ្ឌូជាតិនិយមជ្រុល ធ្វើបាតុកម្ម​ថ្កោលទោសអ្នកកាន់សាសនាអ៊ីស្លាម បន្ទាប់មានករណីឃាតកម្ម​លើ​ជនហិណ្ឌូ ឈ្មោះ Kanhaiya Lal នៅក្រុង Udaipur ។ ក្រុងញូដេលី ថ្ងៃទី​២៩ មិថុនា ២០២២ AP - Manish Swarup
ផ្សាយពាណិជ្ជកម្ម

រូបភាពផ្សាយ​ផ្ទាល់តាមអ៊ីនធ័រនែត បានរីកសាយ​ភាយយ៉ាងឆាប់រហ័ស។ ឃាតករ២នាក់​ បានចូលទៅសម្លាប់បុរសម្នាក់ជា​ជាងកាត់ដេរ ឈ្មោះ Kanhaiya Lal នៅក្នុងក្រុង​ Udaipur រដ្ឋRajasthan ភាគខាងលិចឥណ្ឌា។ នៅក្នុង​វីដេអូផ្សាយផ្ទាល់ ឃាតករទាំង២ ដែលគេស្គាល់ថាជាអ្នកកាន់​សាសនា​​អ៊ីស្លាម ទំនងជាកំពុងយកកាំបិត អារផ្តាច់បំពង់កជនរងគ្រោះ និងបាន​លើក​កាំបិត​ស្រែកគំរាម​​ថា​ចង់​​សម្លាប់​​​លោក​នាយករដ្ឋមន្ត្រី ណារិន្ទ្រ ម៉ូឌី។ ឃាតករទាំង២បានអះអាងថា ខ្លួន​សម្លាប់​ជន​ហិណ្ឌូ​រូបនេះ ក៏​ដោយ​សារ​តែ​ជន​នេះ បាន​គាំទ្រ​ចំពោះសម្តី​របស់​​ស្ត្រី​អ្នកនាំពាក្យ គណបក្ស​ Bharatiya Janata Party (BJP)​ ដែល​បាន​​និយាយ​ប្រមាថ​​មកលើ​ព្រះអាឡា។​

ក្រោយហេតុការណ៍ឃាតកម្ម​បែបគំនុំ​សាសនានេះ មានអ្នកកាន់សាសនាហិណ្ឌូជាច្រើនពាន់នាក់ បាន​មកជួបជុំ​គ្នានៅ​ម្តុំផ្ទះជនរងគ្រោះ និងបាន​ចាប់ផ្តើម​ធ្វើ​បាតុកម្មជេរប្រមាថក្រុមអ្នកកាន់​សាសនាអ៊ីស្លាម​។ នៅតាម​បណ្តាញសង្គម​ ក្រុមអ្នកនយោបាយ​ហិណ្ឌូជាតិនិយមជ្រុល បាន​ផ្សព្វ​ផ្សាយ​សារ​ បន្ថែមធ្វើ​ឲ្យ​ផ្ទុះជម្លោះសាសនា។​

ដោយ​ខ្លាចក្រែង​ផ្ទុះហិង្សាទ្រង់ទ្រាយធំ អាជ្ញាធរឥណ្ឌានៅរដ្ឋ​ Rajasthan បានចេញ​បញ្ជាដាក់បំរាមគោលចរ នៅទីក្រុង​ឧដៃពួរទាំងមូល។​ ការជួបជុំចាប់ពី​៣នាក់ទៅ ត្រូវហាមឃាត់។ កងសមត្ថកិច្ចប្រមាណ​៦០០នាក់​ត្រូវបានដាក់ពង្រាយ​ការពារសន្តិសុខ។ បណ្តាញអ៊ីនធ័រនិតលើទូរស័ព្ទ ត្រូវបាន​កាត់ផ្តាច់ ដើម្បី​រារាំងកុំឲ្យ​មនុស្ស​ ចែកចាយ​ព័ត៌មាន​បំផុតបំផុត​ឲ្យ​ផ្ទុះរឿងកាន់តែធំ។

គួរបញ្ជាក់ថា ភាគខាងលិចឥណ្ឌ តែងតែជាទីលាន​នៃជម្លោះហិង្សា រវាងអ្នកកាន់សាសនាអ៊ីស្លាម និង​អ្នកកាន់សាសនា​ហិណ្ឌូ។ ភាពតាន​តឹងដែលមានកម្រិត​កាន់តែធំ ជាមួយ​នឹង​រដ្ឋាភិបាល​ដឹកនាំគណបក្សរបស់​លោកណារិន្ទ្រម៉ូឌី ដែលជាបក្ស​ហិណ្ឌូជាតិនិយមជ្រុល។ យ៉ាងណាមិញ កាលពី​ចុងខែឧសភា ស្ត្រីអ្នកនាំពាក្យ​ម្នាក់របស់គណបក្ស​លោក​ណារិន្ទ្រម៉ូឌី​ ឈ្មោះ Nupur Sharma បាន​និយាយរិះគន់​ទៅលើ​ទំនាក់​ស្នេហា រវាងព្រះអាឡា ជាមួយនិងភរិយា​វ័យក្មេងចុងក្រោយ​គេ ឈ្មោះAïcha។ សម្តីរិះគន់ ដែលបាន​ធ្វើ​ឲ្យ​ផ្ទុះ​បាតុកម្ម​ហិង្សាជាច្រើនថ្ងៃមកហើយ នៅតាមតំបន់ខ្លះក្នុងប្រទេសឥណ្ឌា។​ ស្ត្រីអ្នកនាំពាក្យរូបនេះ ត្រូវបាន​បណ្តេញចេញពីបក្ស តែអង្ករក្លាយជាបាយ​ មាន​ប្រទេសកាន់សាសនាអ៊ីស្លាមជាង​​២០​ប្រទេស  បានកោះហៅ​អគ្គរដ្ឋទូតឥណ្ឌាទៅសាកសួរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ