អានតួអត្ថបទ
ចិន-រុស្ស៊ី-ប្រេង

ជាប់ទណ្ឌកម្មបស្ចិមលោក រុស្ស៊ី​បង្ហូរ​ប្រេង​លក់​ឱ្យ​ចិន​យ៉ាង​គំហុក

បើតាមតួលេខ​ផ្លូវការចេញ​ផ្សាយ​នៅថ្ងៃចន្ទ​ទី ២០មិថុនា ២០២២ ចិន​បាននាំចូលប្រេង​ពី​រុស្ស៊ី ក្នុង​បរិមាណ​ដ៏​ច្រើន​លើសលុប​កាលពី​ខែឧសភា និងក្នុង​បរិមាណ​ច្រើន​ជាង​ ការ​នាំចូលប្រេង​មក​​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត ដែល​ធ្លាប់​ជាម៉ូយ​​ផ្គត់ផ្គង់​ដ៏​ចំបង​ទៅ​ទៀត។ លំហូរ​ប្រេង​ទៅ​ចិន បាន​ជួយ​រុស្ស៊ីឱ្យ​គេច​រួចពីឥទ្ធិពល​នៃ​​ទណ្ឌកម្ម​របស់​ក្រុមលោកខាងលិច។

ចិន​នាំចូលប្រេង​ពីរុស្ស៊ី​ ក្នុង​បរិមាណ​ដ៏​ច្រើន​លើសលុប​នៅខែ​ឧសភា​២០២២
ចិន​នាំចូលប្រេង​ពីរុស្ស៊ី​ ក្នុង​បរិមាណ​ដ៏​ច្រើន​លើសលុប​នៅខែ​ឧសភា​២០២២ ©REUTERS/Brendan McDermid
ផ្សាយពាណិជ្ជកម្ម

ប្រឈម​នឹង​សង្គ្រាមឈ្លានពាន​នៅ​អ៊ុយក្រែន ​ក្រុមបស្ចិមលោក​ដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរលើ​រុស្ស៊ី និង​បានកាត់បន្ថយ​ការនាំចូល​ប្រេង​ពី​រុស្ស៊ី​ជា​លំដាប់។ ក្រុមប្រទេសលោកខាងលិច​ថែម​ទាំង​​ព្រមាន​ជា​ញឹកញយ​ ​មិនឱ្យ​ប៉េកាំងជួយ​​រដ្ឋាភិបាល​របស់​លោក​ពូទីនទេ។ ប៉ុន្តែ​ ​ ម៉ូស្គូ​នៅ​តែ​​អាចរំ​ពឹង​លើ​មហាអំណាច​ចិនបាន ដើម្បី​អាច​ដើរ​ចេញ​ពី​ភាព​ឯកា​សេដ្ឋកិច្ច។

កាលពី​ខែ​ឧសភា​២០២២ ចិន​បាន​នាំចូល​ប្រេង​ពី​រុស្ស៊ី​ ក្នុង​បរិមាណ​ដល់ទៅ​៨,៤២​លាន​តោន​ ទល់​នឹង​៥,៤លាន​តោនកាលពី​ឆ្នាំទៅក្នុង​រយៈ​ពេល​ដូច​គ្នា ពោល​គឺ​មាន​កំណើន​ដល់​ទៅ​៥៥% និងច្រើន​ជាង​​ការនាំចូល​ប្រេង​មក​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត (៧,៨២លានតោន) ដែល​ធ្លាប់​ជា​ប្រទេស​នាំចូល​ប្រេង​លេខ​មួយ​របស់​ចិន​​ទៅ​ទៀត។ មិនតែ​ប៉ុណ្ណោះ ចិន​បាន​ដំឡើងការ​ទិញ​​ឧស្ម័ន​ធម្មជាតិ​រាវពី​រុស្ស៊ី ច្រើន​​គួរ​កត់​សម្គាល់​​ដែរ ក្នុង​កំរិត​៥៤%​ក្នុង​មួយ​ឆ្នាំកាលពី​ខែឧសភា​ដដែល។ នេះ​បើ​តាម​តួលេខ​របស់​ការិយាល័យ​ពន្ធដារ​ចិន ដោយ​បញ្ជាក់ទៀត​ថា ​​ការនាំ​ចូល​ផលិតផល​ពី​រុស្ស៊ីបាន​កើន​ឡើង​ជា​ទូទៅ​ និង​ជា​សរុប ៨០%​ក្នុង​រយៈ​មួយ​ឆ្នាំ សម្រាប់​ខែឧសភា​កន្លង​ទៅ។

ប៉េកាំង​គឺជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​ចំបង​របស់​រុស្ស៊ី។ ហើយ​កាលពី​ថ្ងៃ​ពុធសប្តាហ៍មុន ក្នុង​ឱកាស​ជជែក​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតីពូទីន ​លោកប្រធានាធិបតី ស៊ីជីនពីង បានបញ្ជាក់ជា​ថ្មីថាចិន​និងរុស្ស៊ី​ខិត​ចូល​គ្នា​កាន់​តែ​ស្និទ្ធ។ ប្រមុខ​ដឹកនាំ​កុម្មុយនិស្ត​ចិន បាន​ថែម​ទាំង​ចាត់​ទុក​លោកពូទីន ជា​មិត្ត​ចាស់​ និងបាន​ជួប​ពិភាក្សាគ្នា​ដោយ​ផ្ទាល់​មិនតិច​ជាង​៣០ដង​ទេ គិត​ចាប់​តាំងពី​លោក​បាន​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​២០១២​មក។ ប្រមុខ​ដឹកនាំទាំងពីរ​បាន​ជួប​គ្នា​ដោយ​ផ្ទាល់​ជា​លើក​ចុងក្រោយ កាលពី​ខែ​កុម្ភៈ​ បី​សប្តាហ៍​មុន​ការផ្ទុះ​សង្គ្រាម​នៅ​អ៊ុយក្រែន។

បើតាម​របាយការណ៍​របស់​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ចេញ​ផ្សាយ​កាលពីសប្តាហ៍មុន ការ​នាំចេញ​ប្រេង​របស់​រុស្ស៊ី​ទៅ​បស្ចិមលោក​បានធ្លាក់​ចុះយ៉ាង​ខ្លាំង និង​បន្ត​ធ្លាក់​ចុះ​ទៀត​នៅខែ​ឧសភា តែ​ត្រូវ​បាន​បង្គប់​មក​វិញ​ដោយ​ការនាំចេញ​ទៅ​ចិន​និង​ទៅ​ឥណ្ឌា ព្រមទាំង​បណ្តា​ប្រទេស​មួយ​ចំនួននៅអាស៊ី ក្នុង​ទំហំ០,១លានធុង​បារីលក្នុង​មួយ​ថ្ងៃ​ កាលពី​ខែ​កុម្ភៈ​២០២២ ទៅ ០,៩លាន​ធុង​នៅ​ខែ​ឧសភា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ