អានតួអត្ថបទ
ចិន-សព្វាវុធ

ចិន​បង្ហាញ​នាវា​ផ្ទុកយន្តហោះ​ទំនើបទី៣​ នៅចំពេល​ដែលកំពុងតានតឹងជាមួយអាមេរិកនិងតៃវ៉ាន់

នៅក្នុង​កាលៈទេសៈ​ដែល​កំពុង​កើតមានភាពតានតឹង​នៅច្រកសមុទ្រតៃវ៉ាន់ ប្រទេស​ចិន​បានបង្ហាញនាវា​ដឹកយន្តហោះ​ដ៏ធំទំនើប​ទី​បីរបស់ខ្លួន នៅថ្ងៃ​សុក្រនេះ នៅ​ក្នុង​ពិធីសម្ពោធ​ដាក់​ឲ្យ​ដំណើរការ នៅ​ការដ្ឋាន​សាងសង់ជើងទឹក នៅទីក្រុង​សៀងហៃ។ ចិន​មាន​នាវាដឹកយន្តហោះ​សរុប ចំនួន​៣គ្រឿង ប៉ុន្តែ ហ្វូជៀន ជា​នាវាផ្ទុកយន្តហោះធំ ទី២ ដែល​ចិន​មាន​សមត្ថភាព សាងសង់​ផលិត​ដោយ​ខ្លួនទាំងស្រុង។

រូបភាពផ្តល់ដោយ​ទីភ្នាក់ងារ​ស៊ីនហួរ បង្ហាញ​នាវាដឹកយន្តហោះចម្បាំង​ទី​៣​របស់​ចិន ដែល​ត្រូវ​បាន​ដាក់​សម្ពោធ ដាក់​ឲ្យដំណើរការ នោថ្ងៃសុក្រទី ១៧​មិថុនា ២០២២
រូបភាពផ្តល់ដោយ​ទីភ្នាក់ងារ​ស៊ីនហួរ បង្ហាញ​នាវាដឹកយន្តហោះចម្បាំង​ទី​៣​របស់​ចិន ដែល​ត្រូវ​បាន​ដាក់​សម្ពោធ ដាក់​ឲ្យដំណើរការ នោថ្ងៃសុក្រទី ១៧​មិថុនា ២០២២ AP - Li Gang
ផ្សាយពាណិជ្ជកម្ម

ដូច​នាវា​ដឹកយន្តហោះចម្បាំង​២មុនៗ ដែលយកឈ្មោះ​តាម​ខេត្ត របស់​ចិន គឺ​ស្ហានតុង និង​លីវនីង នាវាដឹកយន្តហោះធំទី​៣​ដែល​ចិនបាន​កសាង​ឡើងក្នុងស្រុក ដោយ​ដៃឯង មានឈ្មោះ ហ្វូជៀន ឈ្មោះ​របស់​ខេត្តចិន ដែលស្ថិតនៅ​ទល់មុខ​នឹង​កោះតៃវ៉ាន់។

ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Chine nouvelle មិនបាន​បញ្ជាក់កាលបរិច្ឆេទ​នៃ​ការដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវការ នាវាដឹកយន្តហោះ​ហ្វូជៀន ប៉ុន្តែ គេរំពឹងថា នៅក្រោយការធ្វើតេស្តសាកល្បង ជាច្រើនដង កងទ័ពជើងទឹកចិន​នឹង​អាច​ប្រើប្រាស់​នាវាចម្បាំង ហ្វូជៀន នៅក្នុងប្រតិបត្តិការ​របស់ខ្លួន នៅប៉ុន្មាន​ឆ្នាំខាងមុខ។

សម្រាប់​អ្នកជំនាញ​មក​ពី​សកលវិទ្យាល័យសិង្ហបុរី លោកCollin Koh នៅក្នុង​នយោបាយផ្ទៃក្នុងចិន នាវាដឹកយន្តហោះ​ហ្វូជៀន​ជា​មោទភាពជាតិ។ វា​ជា​និមិត្តរូបនៃ​កម្លាំងអំណាច​របស់​ចិន និង​បញ្ជាក់​សារនយោបាយ​របស់​បក្សកុម្មុយនិស្តចិន ដែល​បានសន្យា​រុញច្រាន​ឲ្យចិន​វិលត្រលប់​ទៅធ្វើជាមហាអំណាច​ឡើងវិញ នៅក្រោយ ធ្លាក់​ចុះខ្សោយ​អស់ប៉ុន្មានទសវត្សរ៍។

នាវាដឹកយន្តហោះចម្បាំង​ថ្មី​នឹងជួយធានា​សន្តិសុខ ឲ្យផលប្រយោជន៍សេដ្ឋកិច្ច ដែល​ចិន​បានពង្រីក នៅ​ទឹកដី​បរទេស។ ម្យ៉ាង វា​ក៏ជា​សារ​របស់​ចិន សម្រាប់​បញ្ជាក់​ទៅ​មហាអំណាច​អាមេរិក ដែលចេញមុខ​ការពារ​កោះតៃវ៉ាន់ ដែល​ចិន​ចាត់ទុក​ជា​ដីខេត្ត និង​គំរាមវាយចូលកាន់កាប់ បើសិន​តៃវ៉ាន់​ប្រកាស​ឯករាជ្យ។

នៅបរទេស នាវាដឹកយន្តហោះ​ហ្វូជៀន ​របស់​ចិន ក៏​មិន​ស្ថិត​ក្នុង​ក្រសែភ្នែក​ល្អ​របស់​ប្រទេស​ជិតខាង ដូចជា​ជប៉ុន ហ្វីលីពីន វៀតណាមដែរ។ ប្រទេស​ទាំងនេះ​កំពុង​ជាប់​ជម្លោះ​ដណ្តើម​ដែនទឹកសមុទ្រ​ជាមួយ​ចិន នៅក្នុង​តំបន់។ អាច​ថា ដោយ​បង្កើនចំនួន​នាវាដឹកយន្តហោះចម្បាំង​ដល់​ទៅ​៣គ្រឿង ចិន​មាន​បំណង​សំញ៉ែង ធ្វើ​ឲ្យ​គេ​បាក់​ខ្លបខ្លាចខ្លួន​ជាមុន និង​យ៉ាងហោចមាន​នាវា​ផ្ទុកយន្តហោះ​ចម្បាំង ដែលអាច​មាន​សមត្ថភាព ចេញទៅធ្វើ​ប្រតិបត្តិការឆ្ងាយៗ ក្នុងកាលៈទេសៈ​សង្រ្គាម។

នាវា​ដឹក​យន្តហោះ​ហ្វូជៀនស្តែង​ឲ្យឃើញ​បច្ចេកវិទ្យា​កាន់តែ​ទំនើប​របស់​ចិន ព្រោះថា ​ខុស​ពី​នាវាដឹកយន្តហោះ​ពីរមុន នាវាដឹកយន្តហោះ ហ្វូជៀន​មាន​បំពាក់​ដោយ​ប្រព័ន្ធ​សម្រាប់​ទាញ ពន្លឿន​ការហោះ​ចេញដំណើរ​របស់​យន្តហោះ។ ប្រព័ន្ធដ៏ទំនើបថ្មីនេះ​នឹងអនុញ្ញាត​ឲ្យ​នាវាហ្វូជៀន​មាន​សមត្ថភាព​ទទួល​ដឹកយន្តហោះ​ច្រើនប្រភេទ ហើយ​យន្តហោះចម្បាំងផ្ទាល់​ក៏មាន​ឱកាស​ចូល​មក​ដឹកបាន​ច្រើន ជាពិសេស គ្រឿងសព្វាវុធ។

នៅមុនអាច​ផលិត​នាវាដឹកយន្តហោះ​ដោយ​ខ្លួនឯង ដល់ទៅ​២គ្រឿង ចិន​ធ្លាប់បាន​ទិញ​នាវាចម្បាំង​របស់ អ៊ុយក្រែន ផលិតឡើង​ក្នុង​សម័យសហភាពសូវៀត ដើម្បី​យកមកកែច្នៃ ចេញជា​នាវា​ដឹកយន្តហោះ​លើកដំបូង របស់ខ្លួន ដោយ​ដាក់ឈ្មោះថា លីវនាង។ ដាក់ឲ្យដំណើរការ​នៅ​ឆ្នាំ ២០១២ នាវាផ្ទុកយន្តហោះ លីវនីង​ត្រូវ​បាន​គេ​ប្រើភាគច្រើនជា​កន្លែងសម្រាប់​ការហ្វឹកហាត់​របស់កងទ័ព។

ដោយមាននាវាដឹក​យន្តហោះ​៣គ្រឿង ចិន ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​២ បន្ទាប់ពី​អាមេរិក ដែលមាន​នាវាផ្ទុកយន្តហោះ សរុប ១១គ្រឿង។ ប៉ុន្តែ ចិន​ស្ថិតនៅ​មុខ​អង់គ្លេស ដែលមាន​២គ្រឿង និង​នៅមុខ​បារាំង រុស្ស៊ី អ៊ីតាលី ឥណ្ឌា និង​ថៃ ដែលមាន​នាវាដឹក​យន្តហោះ តែ​មួយគ្រឿងប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ