អានតួអត្ថបទ
ចិន-សន្តិសុខជាតិ

ចិនប្រកាសផ្តល់រង្វាន់ជាលុយដល់អ្នកណាដែលផ្តល់ដំណឹងទាក់ទងនឹងសន្តិសុខជាតិ

អាជ្ញាធរ​ចិន​ប្រកាស​ផ្តល់​រង្វាន់​ជាលុយ​រហូតដល់​ទៅ​ប្រមាណ​ជា ១ម៉ឺន៥ពាន់​ដុល្លារ ដល់​អ្នក​ដែល​ផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច ជុំវិញ​​សកម្មភាព​ដែល​គំរាមកំហែង​ដល់​សន្តិសុខជាតិ។ នេះ​បើ​យោងតាម​ការ​ផ្សាយ​របស់​បណ្តាញផ្សព្វផ្សាយ​រដ្ឋ កាល​ពីថ្ងៃ​អង្គារ ដោយ​ដកស្រង់ប្រភព​ចេញ​ពីក្រសួង​សន្តិសុខជាតិ​។

កម្លាំងសន្តិសុខចិន នៅ​ទីក្រុង​ប៉េកាំង (រូបភាពឯកសារ)
កម្លាំងសន្តិសុខចិន នៅ​ទីក្រុង​ប៉េកាំង (រូបភាពឯកសារ) AP - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

រង្វាន់​គិតជាទឹកប្រាក់​ក្នុងចន្លោះ​ពី​ជាង ៦០០ដុល្លារ ទៅ​ ១ម៉ឺន៥ពាន់ដុល្លារ នឹង​ត្រូវ​ប្រគល់​ទៅ​ឲ្យ​អ្នកណា​ ដែល​ផ្តល់​ព័ត៌មាន​ដល់​អាជ្ញាធរ ហើយ​ដែល​នាំ​ទៅដល់​ការ​ចាប់ខ្លួន ឬ​ផ្តន្ទាទោស អ្នក​ដែល​ប្រព្រឹត្ត​សកម្មភាព ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅដល់​សន្តិសុខជាតិ។ នៅក្នុងករណី​ពិសេស​ខ្លះ  រង្វាន់​អាច​នឹង​បាន​លើស​ពី ១ម៉ឺន៥ពាន់​ដុល្លារ​នេះ​ទៅទៀត ចំពោះ​អ្នក​ដែល​បាន​ផ្តល់​ព័ត៌មាន និង​ដើរតួនាទី​រឹតតែ​សំខាន់ នៅ​ក្នុង​ការបង្ក្រាប​សកម្មភាព​​ដែល​គំរាម​កំហែង​ដល់​សន្តិសុខជាតិ​។

គួរបញ្ជាក់ថា ការផ្តល់​រង្វាន់​ដល់​សាធារណជន ដែល​ជួយ​​ក្នុងកិច្ចការ​សន្តិសុខជាតិ​បែបនេះ មិនមែន​ជា​រឿង​ថ្មី​នោះទេ នៅ​ក្នុង​ប្រទេស​ចិន។ ការអនុវត្ត​បែបនេះ​ធ្លាប់មាន​​​ជា​រឿយៗ​រួចមកហើយ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ ក៏ប៉ុន្តែ ​សេចក្តីសម្រេច​ចេញ​ពី​ក្រសួង​សន្តិសុខជាតិ​នៅពេលនេះ ទំនង​ជា​ធ្វើឡើង ដើម្បី​ជំរុញ​ឲ្យ​ការ​អនុវត្ត​នេះ​ត្រូវ​បាន​ធ្វើ​ដោយ​ផ្លូវការ និងឲ្យ​បាន​កាន់តែ​​​ទូលំទូលាយ​ជាង​មុន។

យោងតាម​ក្រសួង​សន្តិសុខជាតិ​ចិន ដែល​ដកស្រង់​ដោយ​កាសែត​ផ្លូវការ​ ឈ្មោះ Legal Daily ការ​ប្រកាស​ផ្តល់​រង្វាន់​នេះ ធ្វើឡើង​ក្នុងគោលដៅ លើកទឹកចិត្ត​​​ឲ្យ​សាធារណជន​ទូទៅ ឲ្យ​ចូលរួម​យ៉ាងសកម្ម ជួយ​អាជ្ញាធរ​ ក្នុង​កិច្ចការ​រក្សា​ការពារ​សន្តិសុខជាតិ។

កិច្ច​ការពារ​​សន្តិសុខជាតិ ដែល​ជាទូទៅ អាជ្ញាធរ​ក្រុង​ប៉េកាំង​ចង់​សំដៅ​លើ​ការ​ប្រឆាំង​នឹង​​​ចារកិច្ច ក៏ដូចជា ប្រឆាំង​នឹង​ឥទ្ធិពល​បរទេស​មក​លើ​ប្រទេស​ចិន។ ក៏ប៉ុន្តែ នៅចិន បទល្មើស​ទាក់ទង​នឹង​សន្តិសុខជាតិ​នេះ គឺ​មាន​លក្ខណៈទូលំទូលាយ​ខ្លាំង ដោយ​ក្នុងករណីខ្លះ ការចោទប្រកាន់​ពី​​បទល្មើស​ប៉ះពាល់​សន្តិសុខជាតិ ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ប៉េកាំង​យក​មក​​ប្រើប្រាស់ ដើម្បី​បង្ក្រាប​សកម្មជន​ប្រឆាំង សកម្មជន​សិទ្ធិមនុស្ស ឬ​ក៏​ប្រើ​ទៅលើ​ពលរដ្ឋបរទេស ដើម្បី​ជា​សម្ពាធ នៅ​ក្នុង​ករណី​មាន​ភាព​តានតឹង​ផ្នែក​ការទូត​​ជាមួយ​នឹង​ប្រទេស​ណាមួយក៏​មាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ