អានតួអត្ថបទ
ប្រែប្រួលអាកាសធាតុ

អ.ស.ប.៖ វិបត្តិបច្ចុប្បន្នមិនគួរនាំឲ្យពិភពលោកបង្វែរអាទិភាពពីបញ្ហាអាកាសធាតុ

មន្រ្តីអង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការអាកាសធាតុ បាន​អំពាវនាវ​កាល​ពីថ្ងៃ​ចន្ទ​ថា បើទោះបីជា​ពិភពលោក​កំពុង​ឆ្លងកាត់​នូវ​វិបត្តិ ក្នុងពេល​បច្ចុប្បន្ន​នេះ ក៏ប៉ុន្តែ ​គ្រប់​ប្រទេស​ទាំងអស់ ត្រូវ​បន្ត​ផ្តល់​អាទិភាព​ដល់​ការដាក់ចេញ​នូវ​នយោបាយ ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ ពីព្រោះ​ថា បញ្ហា​អាកាសធាតុ​នេះ គឺជា​បញ្ហា​ចម្បង និង​បន្ទាន់ ដែល​មិន​អាច​ចេះតែ​ពន្យារពេល​តទៅទៀតបាននោះទេ។

វិបត្តិថាមពល​ ដែលកើតចេញ​ពី​សង្គ្រាម​អ៊ុយក្រែន កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​កិច្ចខិតខំប្រឹងប្រែង​សកល ក្នុងការ​កាត់បន្ថយ​ការប្រើ​ថាមពល​ផូស៊ីល ដែល​ជា​ប្រភព​នៃ​ការ​បញ្ចេញ​ឧស្ម័ន​នាំ​ឲ្យ​ផែនដី​ឡើងកម្តៅ
វិបត្តិថាមពល​ ដែលកើតចេញ​ពី​សង្គ្រាម​អ៊ុយក្រែន កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​កិច្ចខិតខំប្រឹងប្រែង​សកល ក្នុងការ​កាត់បន្ថយ​ការប្រើ​ថាមពល​ផូស៊ីល ដែល​ជា​ប្រភព​នៃ​ការ​បញ្ចេញ​ឧស្ម័ន​នាំ​ឲ្យ​ផែនដី​ឡើងកម្តៅ AP - Branden Camp
ផ្សាយពាណិជ្ជកម្ម

ការអំពាវនាវ​ត្រូវ​បាន​ធ្វើឡើង​ដោយលោកស្រី ប៉ាទ្រីស្យា អេស្ពីណូសា (Patricia Espinosa) ប្រធានលេខាធិការដ្ឋាន​នៃ​អនុសញ្ញា​អ.ស.ប.ស្តីពី​ការប្រែប្រួល​អាកាសធាតុ នៅក្នុង​កិច្ចប្រជុំ​​តំណាងប្រទេស​ហត្ថលេខី នៅក្នុងទីក្រុងបូន ប្រទេស​អាល្លឺម៉ង់ ដើម្បី​ពិនិត្យមើលឡើងវិញ នូវ​ការអនុវត្ត​គោលដៅ ដែល​បាន​ដាក់ចេញ នៅ​ក្នុង​អំឡុង​សន្និសីទ​អាកាសធាតុ នៅ​ទីក្រុង​ក្លាសហ្គោ កាល​ពី​ឆ្នាំ​ទៅមិញ។

នៅក្នុងអំឡុង​សន្និសីទ​នោះ សហគមន៍អន្តរជាតិ​បាន​បញ្ជាក់សាជាថ្មី អំពី​គោលដៅ ទប់ស្កាត់​ការឡើងកម្តៅផែនដី មិន​ឲ្យ​លើស​ពី ១,៥អង្សា។ ក៏ប៉ុន្តែ ចាប់ពីពេលនោះមក ពិភពលោក​ ដែល​ទើបនឹង​ចាប់ផ្តើម​ងើបចេញ​ពី​វិបត្តិ​កូវីដ​បានបន្តិច ក៏​ត្រូវ​​ធ្លាក់ចូល​ទៅ​ក្នុង​វិបត្តិ​ដ៏ធ្ងន់ធ្ងរ​មួយទៀត គឺ​សង្រ្គាម​នៅ​អ៊ុយក្រែន ដែល​កំពុងតែ​បង្ក​នូវ​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​ទីផ្សារ​ថាមពល និង​ស្បៀងអាហារ បូករួម​ជាមួយនឹង​បញ្ហា​អតិផរណា ដែល​កើតមាន​ស្ទើរតែ​គ្រប់ទីកន្លែង។ ទាំងនេះ​កំពុងតែ​ធ្វើ​ឲ្យ​​ពិភពលោក​ទាំងមូល​ត្រូវ​វក់វី​នឹង​វិបត្តិ បង្វែរអាទិភាព​ចេញ​ពី​បញ្ហា​អាកាសធាតុ។

ជាក់ស្តែង ៦ខែ​ក្រោយ​សន្និសីទក្រុង​ក្លាសហ្គោ ប្រទេស​សមាជិក​នៅមិនទាន់​ដាក់ចេញ​នូវ​នយោបាយ​ជាក់ស្តែង និង​ច្បាស់លាស់​នៅឡើយ ដើម្បី​បំពេញ​ទៅតាម​គោលដៅ ដែល​បាន​សន្យា ក្នុងពេល​ដែល​​សន្និសីទ​ឆ្នាំថ្មី ក៏​កាន់តែ​ខិតជិតចូលមកដល់ គឺ​​សន្និសីទ​អាកាសធាតុ​លើកទី ២៧ (COP27) ដែល​គ្រោង​ធ្វើ​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប នៅ​ដើមខែវិច្ឆិកា​ខាងមុខ។

សម្រាប់​លោកស្រី ប៉ាទ្រីស្យា អេស្ពីណូសា ជាការពិតណាស់​ថា ពិភពលោក​កំពុង​ឆ្លងកាត់​នូវ​បញ្ហា​ស្មុគស្មាញ​ច្រើន​ ក៏ប៉ុន្តែ វិបត្តិ​អស់ទាំងនេះ​មិន​ត្រូវ​ក្លាយ​ជា​ហេតុផល ឬ​ជា​លេស ដើម្បី​ទុក​បញ្ហា​អាកាសធាតុ​មួយឡែក​សិន​នោះទេ ពីព្រោះ​ថា ការទប់ស្កាត់​ការឡើងកម្តៅផែនដី គឺ​ជា​ចំណាត់ការ​ចាំបាច់ និង​បន្ទាន់ ដែល​យើង​មិន​អាច​ពន្យារពេល​ទៅ​ថ្ងៃ​ក្រោយ​បាននោះទេ។

យោងតាម​របាយការណ៍​ថ្មីចុងក្រោយ​របស់​ក្រុមអ្នក​ជំនាញ​អាកាសធាតុ​របស់​អ.ស.ប នៅក្នុងពេល​បច្ចុប្បន្ន​នេះ ភពផែនដី​បាន​ឡើងកម្តៅ​រហូតដល់​ទៅ ១,១អង្សា​រួចទៅហើយ បើ​ធៀបនឹង​កាល​ពី​មុនបដិវត្តន៍​ឧស្សាហកម្ម ហើយ​ប្រសិនបើ​មនុស្សយើង​បន្ត​ធ្វើ​អ្វីៗ ដូចជា​ពេល​បច្ចុប្បន្ន​នេះ ភពផែនដី​នឹង​ត្រូវ​ឡើងកម្តៅ​រហូតដល់​ទៅ​ជិត ៣អង្សា​ឯណោះ នៅ​ត្រឹម​ឆ្នាំ២១០០​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ