អានតួអត្ថបទ

ប៉ាស៊ីហ្វិកខាងត្បូង៖បន្ទាប់ពីកោះសាឡូម៉ុង ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយកោះសាម័រ

នៅ​ថ្ងៃ​សៅរ៍ ទី២៨ ឧសភា ប្រទេស​ចិន និង​កោះ​សាម័រ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ឆ្ពោះ​ទៅ​មាន​កិច្ចសហប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ។ ពិធី​ចុះ​ហត្ថលេខា​បាន​ធ្វើ​ឡើង ខណៈ​ដែល​ប្រមុខ​ការទូត​ចិន​លោក​វ៉ាង យី​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិកខាងត្បូង។ គួរ​រម្លឹក​ថា កិច្ចព្រមព្រៀង​ស្រដៀង​គ្នា​នេះ​ត្រូវ​បាន​ចិន​ចុះ​ហត្ថលេខា​ជាមួយ​កោះ​សាឡូម៉ុង​នា​ពេល​ថ្មីៗ​កន្លង​ទៅ។ ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​​នៅ​ក្នុង​តំបន់​កំពុង​បង្ក​ឲ្យ​មាន​ក្តីបារម្ភ​ពី​អូស្រា្តលី និង​អាមេរិក។

នាយករដ្ឋមន្រ្តីកោះសាម័រលោកស្រីហ្វីយ៉ាមេ ណាអូមី ម៉ាតាហ្វា។
នាយករដ្ឋមន្រ្តីកោះសាម័រលោកស្រីហ្វីយ៉ាមេ ណាអូមី ម៉ាតាហ្វា។ AFP - VAITOGI ASUISUI MATAFEO
ផ្សាយពាណិជ្ជកម្ម

សេចក្តីលំអិត​នៅ​ក្នុង​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ដែល​ភាគី​ចិន និង​ភាគី​កោះសាម័រ​បាន​ចុះ​ហត្ថលេខា​មិន​ត្រូវ​បាន​ប្រាប់​ឲ្យ​ដឹង​ជា​ផ្លូវការ​ទេ។ តែ​មាន​ព័ត៌មាន​បែក​ធ្លាយ​ថា សេចក្តីព្រាង​កិច្ចព្រមព្រៀង​បាន​ផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​សន្តិសុខ។ ចំណែក​រដ្ឋាភិបាល​កោះសាម័រ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​ថា រដ្ឋមន្រ្តី​ការបរទេស​ចិន​លោក​វ៉ាង យី និង​នាយករដ្ឋមន្រ្តី​កោះសាម័រ​លោកស្រី​ហ្វីយ៉ាមេ ណាអូមី ម៉ាតាហ្វា​បាន​ជួប​គ្នា​ដើម្បី​ជជែក​ពី​ការ​ប្រែប្រួល​អាកាសធាតុ ជំងឺ​ឆ្លង និង​សន្តិសុខ។

តាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ចិន​នឹង​បន្ត​ផ្តល់​ជំនួយ​សម្រាប់​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​ក្របខណ្ឌ​ថ្មី​មួយ​នឹង​ត្រូវ​រៀបចំ​ដើម្បី​កំណត់​នូវ​គម្រោង​មួយ​ចំនួន​នា​ពេល​អនាគត។ ទន្ទឹម​គ្នា​នេះ សេចក្តីប្រកាស​ព័ត៌មាន​ក៏​បាន​បន្ថែម​ថា ចិន និង​កោះសាម័រ​នឹង​បន្ត​ស្វែង​រកកិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ដើម្បី​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​នូវផលប្រយោជន៍ និង​ការ​សន្យា​រួម។ គួរ​បញ្ជាក់​ថា ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​ចិន និង​កោះសាម័រ​បាន​ធ្វើ​ឡើង​នា​ឱកាស​ទស្សនកិច្ច​ក្នុង​តំបន់​របស់​គណៈប្រតិភូ​ចិន។

មុន​នឹង​ទៅ​ដល់​កោះសាម័រ​នា​យប់​ថ្ងៃ​សុក្រ ទី២៧ ឧសភា គណៈប្រតិភូ​ចិន​បាន​ធ្វើ​ដំណើរ​ទៅ​កោះ​សាឡូម៉ុង និង​កោះ​គីរីបាទី។ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី២៨ ឧសភា គណៈប្រតិភូចិន​ដដែល​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ហ៊្វីជី តុងហ្កា ប៉ាពូអាស៊ីនូវែលហ្គីណេ និង​ប្រទេស​ទីម័រខាងកើត។ អ្វី​ជា​ការ​កត់សម្គាល់ ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិកខាងត្បូង​មិន​បាន​ធ្វើ​ឲ្យ​ប្រទេស​គូប្រជែង​ផ្សេង​ក្នុង​តំបន់​ឈរ​ឱប​ដៃ​មើល​ទេ ពិសេស​អូស្រា្តលី។ ប្រមុខ​ការទូត​អូស្រា្តលី​លោកស្រី Penny Wong ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ហ៊្វីជី​បាន​ថ្លែង​ពី​ក្តីបារម្ភ​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​សន្តិសុខ​រវាង​ចិន និង​កោះសាម័រ។

លោកស្រី Penny Wong យល់​ថា កិច្ចព្រមព្រៀង​សន្តិសុខ​ដែល​ចិន​បាន​ចុះ​ហត្ថលេខា​ជាមួយ​កោះ​មួយ​ចំនួន​នៅ​ប៉ាស៊ីហ្វិក​មាន​បង្កប់​ដោយ​ផលវិបាក និង​ថា វា​សំខាន់​ដែល​សន្តិសុខ​របស់​តំបន់​ត្រូវ​កំណត់​ដោយ​តំបន់​ខ្លួន​ឯង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ