អានតួអត្ថបទ
សមុទ្រចិនខាងត្បូង

លោកម៉ាកូសថានឹងមិនបណ្តោយឲ្យចិនជាន់ឈ្លីសិទ្ធិហ្វីលីពីននៅសមុទ្រចិនខាងត្បូង

លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ (Ferdinand Marcos Jr) ដែលទើបនឹង​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ហ្វីលីពីន​ បាន​អះអាង នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក​នឹងមិន​បណ្តោយ​ឲ្យ​ចិន​ជាន់ឈ្លី​សិទ្ធិ​របស់​ហ្វីលីពីន​ នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​នោះទេ ហើយថា ហ្វីលីពីន​នឹង​អនុវត្ត​ទៅតាម​សេចក្តីសម្រេច​របស់​តុលាការ​អន្តរជាតិ ដែល​កាត់​ឲ្យ​ចិន​ចាញ់ក្តី នៅ​ក្នុង​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូងនេះ។

លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ (Ferdinand Marcos Jr) កាល​ពី​ក្នុងអំឡុង​ឃោសនាបោះឆ្នោត​ប្រធានាធិបតី
លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ (Ferdinand Marcos Jr) កាល​ពី​ក្នុងអំឡុង​ឃោសនាបោះឆ្នោត​ប្រធានាធិបតី AP - Aaron Favila
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ក្នុងបទសម្ភាសន៍​ជាមួយ​​​សារព័ត៌មាន​ក្នុងស្រុក​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ បាន​លើកឡើង​ថា តំបន់​ជម្លោះ​រវាង​ហ្វីលីពីន​និង​ចិន នៅ​សមុទ្រ​ចិន​ខាង​ត្បូង វា​លែង​ជា​តំបន់​ជាប់ជម្លោះ​ទៀត​ហើយ តែ​វាជាទឹកដី​របស់​ហ្វីលីពីន​យ៉ាងពេញ​សិទ្ធិ ព្រោះ​ថា តុលាការ​​អន្តរជាតិ​បាន​កាត់សេចក្តី​ឲ្យ​ហ្វីលីពីន​ឈ្នះ​ចិន​រួចទៅហើយ។

គួររំឭកឡើងវិញ​ថា តុលាការអាជ្ញាកណ្តាលអន្តរជាតិ នៅទីក្រុង​ឡាអេ ដែល​ជា​តុលាការ​មាន​ដែនសមត្ថកិច្ច​ជំនុំជម្រះលើ​ជម្លោះ​ ទាក់ទង​នឹង​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តីពី​ដែនសមុទ្រ បាន​ចេញសេចក្តីសម្រេច កាល​ពី​ឆ្នាំ២០១៦​ ទៅតាម​បណ្តឹង​របស់​ហ្វីលីពីន កំណត់​ថា ការទាមទារ​របស់​ចិន នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​យក​កត្តា​ប្រវត្តិសាស្រ្ត​មក​សំអាងនោះ គឺ​ជា​ការ​ទាមទារ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់នោះទេ។

ក៏ប៉ុន្តែ កាល​ពីពេល​កន្លងមក លោក​ឌុយទែរតេ បាន​សុខចិត្ត​ទុក​សេចក្តីសម្រេច​របស់​តុលាការ​អន្តរជាតិ​នេះ​មួយឡែក ដើម្បី​ធ្វើ​យ៉ាងណា​ចង់​សម្រុះសម្រួល​ទំនាក់ទំនងជាមួយចិន នៅ​ក្នុង​បរិបទ​នៃ​ទំនាក់ទំនង​ដ៏តានតឹង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

លោក​ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ​ វិញ បាន​អះអាងថា ហ្វីលីពីននឹង​អនុវត្ត​យ៉ាងខ្ជាប់ខ្ជួន​ទៅតាម​សេចក្តីសម្រេច​របស់​តុលាការ​អន្តរជាតិនេះ ដោយ​នឹង​មិន​ទុក​បណ្តោយ​ឲ្យ​ចិន​រំលោភបំពាន សូម្បីតែ​១មីលីម៉ែត្រ ​ទៅលើ​ដែនដី​របស់​ហ្វីលីពីន​នោះទេ។

ទោះជាយ៉ាងណា លោក​ក៏​បាន​បញ្ជាក់ផងដែរ​ថា បើទោះជា​ត្រូវ​ប្រកាន់​ជំហរ​តឹងរ៉ឹង​ជាមួយចិន ក៏ប៉ុន្តែ ហ្វីលីពីន​ចាំបាច់​ត្រូវ​តែយក​ការចរចា​ជា​ដំណោះស្រាយ ដោយ​មិន​អាច​ប្រថុយ​នឹង​ការផ្ទុះសង្រ្គាម​ជាមួយ​ចិន​បាននោះទេ។

សម្រាប់​លោក​ម៉ាកូស ជូញ៉រ ហ្វីលីពីន​គឺ​ជា​ប្រទេស​តូចមួយ ដែល​ស្ថិត​នៅ​កណ្តាល​ការប្រជែង​គ្នា រវាង​ប្រទេស​មហាអំណាច ហើយ​ថា ហ្វីលីពីន​មិន​គួរ​ត្រូវ​បង្ខំ​ឲ្យ​ជ្រើសរើស​យក​ខាងណាមួយ ដូចកាល​ពី​សម័យ​សង្រ្គាម​ត្រជាក់នោះទេ ផ្ទុយ​ទៅវិញ ហ្វីលីពីន​គួរតែ​មាន​គោលនយោបាយ​ការបរទេស​ឯករាជ្យ​ផ្ទាល់ខ្លួនឯង ដែល​អាច​ឲ្យ​ហ្វីលីពីន​រក្សា​ទំនាក់ទំនង​ល្អ​​ទាំងសងខាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ