អានតួអត្ថបទ
ភូមា-សិទ្ធិមនុស្ស

ក្រុមគ្រួសារ​និង​អ្នកស្និទ្ធ​នឹង​លោកស្រី​អ៊ុងសាន ស៊ូជី ដាក់​ពាក្យប្តឹងទៅ​ក្រុម​អ្នក​ជំនាញ​​នៃ អ.ស.ប.

ការចាប់ឃុំខ្លួនលោកស្រីអ៊ុងសាន ស៊ូជី គឺជា “អំពើចាប់ជំរិត ដោយ​ប្រើប្រាស់ប្រព័ន្ធតុលាការ” របស់​របបសិកភូមា។ នេះគឺជាការលើកឡើង របស់មេធាវី២នាក់ ដែលត្រូវបាន​កូនប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី រួមជាមួយអ្នកស្និទ្ធនឹងលោកស្រី បានរួមគ្នាពឹងឲ្យជួយរៀបចំសំណុំឯកសារ​ ទៅកាន់ក្រុមការងារជំនាញនៃអង្គការសហប្រជាជាតិ។ យោងតាមមេធាវី របបសិកភូមា​កំពុងតែចាប់បង្ឃាំងលោកស្រី អ៊ុងសាន ស៊ូជី ដោយខុសច្បាប់ ព្រមទាំងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

ប្រជាជនភូមា លើកបដាទាមទារឲ្យ​ដោះលែង លោកស្រីអ៊ុងសាន ស៊ូជី ។ ក្រុងម៉ាន់ដាឡេ ថ្ងៃទី ៦ ធ្នូ ២០២១
ប្រជាជនភូមា លើកបដាទាមទារឲ្យ​ដោះលែង លោកស្រីអ៊ុងសាន ស៊ូជី ។ ក្រុងម៉ាន់ដាឡេ ថ្ងៃទី ៦ ធ្នូ ២០២១ AP
ផ្សាយពាណិជ្ជកម្ម

មេធាវីជំនាញ​សិទ្ធិមនុស្សចំនួន​២នាក់ គឺលោក François Zimeray និងលោកស្រី Jessical Finelle បានដាក់សំណុំឯកសារ ទៅកាន់ក្រុមការងារពិសេស របស់អង្គការសហប្រជាជាតិ នៅថ្ងៃពុធទី​២៥ឧសភា ដើម្បី​តវ៉ាប្រឆាំងអំពី​ការចាប់ឃុំខ្លួនក្រៅប្រព័ន្ធច្បាប់ ដោយអយុត្តិធម៌ ដែលរបបសិកភូមា បានធ្វើទៅ​លើរូបលោកស្រីអ៊ុងសាន ស៊ូជី​។

នៅក្នុងឯកសារនោះ មេធាវី ដែលតំណាងឲ្យ​កូនប្រុសរបស់​លោកស្រីអ៊ុងសាន ស៊ូជី បានលើកឡើងថា លោកស្រី អ៊ុងសាន ស៊ូជី បច្ចុប្បន្នអាយុ៧៦ឆ្នាំ ត្រូវបាន​របបសិកភូមា ចាប់ដាក់ឃុំនៅទីកន្លែងសំងាត់ តាំងតែពីថ្ងៃទី​១កុម្ភៈ ឆ្នាំ​២០២១ម្លេះ។ លោកស្រី ត្រូវបាន​គេដកហូតសិទ្ធិសេរីភាពទាំងស្រុង ហើយគ្មាននរណាម្នាក់ដឹងថាលោកស្រីនៅទីណា សុខទុក្ខយ៉ាងណាទេ។ គេអាចប្រទះឃើញលោកស្រី ម្តងម្កាល តែក្នុង​ពេលបើកសវនាការ កាត់ទោសលោកស្រីតែប៉ុណ្ណោះ។

មេធាវីទាំងពីរនាក់ បានសង្កត់ធ្ងន់ថា ការចាប់ឃុំខ្លួន​លោកស្រីអ៊ុងសាន ស៊ូជី គឺត្រូវបានធ្វើឡើង ដោយ​ខុស​ច្បាប់ទាំងស្រុង តាមរយៈបទចោទប្រកាន់ប្រឌិតស្រស់ៗ។ នៅពីក្រោយ​​ការចាប់ខ្លួនលោកស្រីអ៊ុងសាន ស៊ូជី គឺប្រជាជនភូមាមួយប្រទេសតែម្តង ដែលត្រូវបាន​របបសិកដកហូតសេចក្តីសង្ឃឹម នៃពន្លឺលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព​។

គួរបញ្ជាក់ថា ក្រុមការងារជំនាញរបស់អង្គការសហប្រជាជាតិ ដែលមេធាវីបានបញ្ជូន​សំណុំឯកសារទៅនេះ គឺមានសមាជិកចំនួន​៥នាក់។ លោក François Zimeray បានអះអាងថា ថ្វីបើក្រុមការងារនេះ មិនមានអំណាចយុត្តាធិការ​ចាប់បង្ខំ ដូចតុលាការក៏ដោយចុះ តែ​អ្នកជំនាញ​ទាំង៥ គឺជាអ្នកជំនាញ​បច្ចេកទេសសុទ្ធសាធ ដោយយកច្បាប់មកវែកញែក មិនពាក់ព័ន្ធនឹងបញ្ហានយោបាយទេ។ យោងតាមការអនុវត្តកន្លងមក ក្រុមការងារពិសេសនេះ អាចបញ្ជូន​មនុស្ស​ឲ្យចុះទៅ​ស្រាវជ្រាវ អង្កេតផ្ទាល់ដល់ក្នុងប្រទេស ដើម្បី​ស្វែងយល់ជាក់ស្តែង ទាក់ទិននឹង​ករណី​ រំលោភសិទ្ធិជាមូលដ្ឋាន ព្រមទាំង​ករណី​ចាប់បង្ឃាំងមនុស្ស​ ក្រៅប្រព័ន្ធច្បាប់ជាដើម។

យោងតាមលោកមេធាវី François Zimeray ករណីលោកស្រីអ៊ុងសាន ស៊ូជី គឺវាសឹងតែជាករណី​ “បាត់ខ្លួនដោយបង្ខំ” ទៅហើយ។ ពោលគឺរបបសិកភូមា ប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បី​ចាប់លោកស្រីអ៊ុងសាន ស៊ូជី បង្ឃាំងទុក។ ជាមួយនឹងបទចោទប្រកាន់ប្រឌិតកុហក លោកស្រីអ៊ុងសាន ស៊ូជី អាចប្រឈមនឹងទោសជាប់ពន្ធនាគារ រាប់សិបឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ